រាជធានីភ្នំពេញ៖ ក្រោយទើបប្រកាសថានៅបើកដំណើរការតាមធម្មតា ពេលនេះធនាគារ ព្រីនស៍ បានចេញសេចក្ដីប្រកាសថា នាយកប្រតិបត្តិមិនឯករាជ្យ និង ប្រធាននាយកប្រតិបត្តិ របស់ខ្លួនបានលាលែងពីតំណែងចាប់ពីថ្ងៃនេះតទៅ ខណៈមូលហេតុមិនត្រូវបានបញ្ជាក់។
យោងតាមទំព័រផ្លូវការរបស់ធនាគារ ព្រីនស៍ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ បានបញ្ចេញសេចក្តីថ្លែងការណ៍ផ្លូវការរបស់លោក Looi Kok Soon ស្តីពីការលាលែងពីតំណែងជានាយកប្រតិបត្តិមិនឯករាជ្យ និង ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនដល់ក្រុមប្រឹក្សាភិបាល សម្រាប់ការជឿទុកចិត្ត ការគាំទ្រ និងភាពជាដៃគូដ៏មានតម្លៃរបស់ពួកគាត់ ក្នុងអំឡុងពេលដែលខ្ញុំកាន់តំណែង។វាជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំ ដែលបានដឹកនាំបុគ្គលិកដ៏ខិតខំប្រឹងប្រែងនៃធនាគារ ព្រីនស៍ ដែលបានអនុវត្តភារកិច្ចដោយភាពស្មោះត្រង់ និងការខិតខំអស់ពីសមត្ថភាព ដើម្បីបម្រើអតិថិជន និងសហគមន៍របស់ពួកគេ។ ខ្ញុំមានទំនុកចិត្តជាខ្លាំងថា ក្រុមការងារដឹកនាំ ក្រោមការណែនាំរបស់ក្រុមប្រឹក្សាភិបាល នឹងបន្តដឹកនាំស្ថាប័នឲ្យកាន់តែរីកចម្រើន និងសម្រេចបាននូវជោគជ័យបន្ថែមទៀតនាពេលអនាគត។
ជាចុងក្រោយ ខ្ញុំសូមផ្ញើពាក្យជូនពរដ៏អស់ពីចិត្តទៅដល់ក្រុមគ្រួសារធនាគារ ព្រីនស៍ ទាំងអស់ ឲ្យប្រកបដោយសេចក្តីសុខ សំណាងល្អ និងភាពជោគជ័យគ្រប់ភារកិច្ច។»
ជុំវិញសេចក្តីថ្លែងការណ៍ខាងលើនេះ មិនមានបញ្ជាក់ពីមូលហេតុជុំវិញការលាលែងពីតំណែងរបស់លោក Looi Kok Soon ឡើយ។ ទោះយ៉ាងណាក៏ដោយ បញ្ហានេះកំពុងធ្វើឲ្យអតិថិជនរបស់ធនាគារ ព្រីនស៍ មានការព្រួយបារម្ភជាខ្លាំង ដោយមានមតិជាច្រើនបានជំរុញឲ្យពួកគេដក ឬផ្ទេរសាច់ប្រាក់ចេញឲ្យអស់ពីគណនីរបស់ធនាគារ ខណៈបញ្ហារសើបដែលជាប់នឹងប្រធានសម្ព័ន្ធ ព្រីនស៍ហូលឌីងគ្រុប លោក ឆិន សុី នៅមិនទាន់ដោះស្រាយនៅឡើយ។
ជាមួយគ្នានេះគួររំលឹកដែរថា កាលពីថ្ងៃទី១៥ ខែតុលាកន្លងមកនេះ ធនាគារ ព្រីនស៍ បានចេញសេចក្ដីប្រកាសពីគោលជំហររបស់ខ្លួនក្នុងដំណើរប្រតិបត្តិការដោយឯករាជ្យភាព ប្តេជ្ញារក្សាភាពស្មោះត្រង់ ស្ថិរភាពហិរញ្ញវត្ថុ និងការពារសិទិ្ធប្រយោជន៍ជូនដល់អតិថិជនគ្រប់រូប បើទោះជាប្រធានសម្ព័ន្ធ ព្រីនស៍ ហូលឌីងគ្រុប ដែលជាក្រុមហ៊ុនមេ កំពុងស្ថិតក្រោមការតាមចាប់ខ្លួនរបស់សហរដ្ឋអាមេរិក និងត្រូវបានគេរឹបអូសទ្រព្យសម្បត្តិជារូបិយប័ណ្ណ Bitcoin សរុបអស់ 15ពាន់លានដុល្លារក៏ដោយ។
ហើយឥឡូវនេះ ក្រោយធនាគារបានចេញសេចក្ដីប្រកាសស្ដីពីការលាលែងពីតំណែងរបស់លោក Looi Kok Soon ដោយមិនបញ្ជាក់មូលហេតុបែបនេះទៀតសោត កាន់តែធ្វើឲ្យមហាជន ជាពិសេសអតិថិជនរបស់ធនាគារ មានភាពងឿងឆ្ងល់ និងសង្ស័យពីភាពត្រឹមត្រូវរបស់ធនាគារបន្ថែមទៀត៕