បាងកក៖ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Vorapak Tanyawong ត្រូវបង្ខំចិត្តចុះចេញពីតំណែងភ្លាមៗ បន្ទាប់ពីមានរបាយការណ៍ជាច្រើនដែលរកឃើញថា គាត់មានជាប់ពាក់ព័ន្ធមេក្រុមឧក្រិដ្ឋជនចាប់ជំរិត ឆបោ.ក និងបណ្តាញក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធឺណេតដ៏ធំមួយនៅក្នុងតំបន់។ នេះបើតាមទីភ្នាក់ងារព័ត៌មានអាមេរិក The New York Time។.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Asia Sentinel នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា លោក Vorapak ដែលទើបឡើងកាន់តំណែងនាពេលថ្មីៗនេះ ក្រោមរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្ស Bhumjaithai ត្រូវបានគេរាយការណ៍ថាបានផ្ទេរប្រាក់ប្រហែល 3 លានដុល្លារជារូបិយប័ណ្ណគ្រីបតូទៅឱ្យភរិយារបស់គាត់។
របាយការណ៍នេះ ត្រូវបានលោក Vorapak បដិសេធយ៉ាងដាច់អហង្ការ ដោយលោកអះអាងថា លោកមិនមានជាប់ពាក់ព័ន្ធជាមួយក្រុមបោកប្រាស់អនឡាញដូចដែលគេចោទនោះទេ ហើយលោកត្រៀមតទល់ជាមួយពាក្យបណ្តឹងទាំងឡាយ។ លោកបានច្រានចោលរាល់ការចោ.ទប្រកាន់ និងបានប្តេជ្ញាចាត់វិធានការតាមផ្លូវច្បាប់ចំពោះការផ្សាយអះអាងបំភ្លៃការពិត និងការបង្ខូចកេរ្តិ៍របសលោក។ .jpg)
ទន្ទឹមនឹងនេះលោក Vorapak បានធ្វើការបកស្រាយថា បានប្រកាសលាលែងពីតំណែងរបស់លោកកាលពីថ្ងៃពុធនេះ គឺដើម្បីការពារភាពស្អាតស្អំរបស់រដ្ឋាភិបាលថៃ ខណៈប្រព័ន្ធផ្សព្វផ្សាយកំពុងដាក់ឈ្មោះលោកថាជាអ្នកនយោបាយម្នាក់ក្នុងចំណោមអ្នកនយោបាយប្រាំពីរនាក់ ដែលត្រូវបានចោ.ទប្រកាន់ថាមានទំនាក់ទំនងនឹងបណ្តាញបោកប្រាស់នៅក្នុងតំបន់តែប៉ុណ្ណោះ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃបានបញ្ជាក់ទៀតថា ការចុះចេញពីតំណែងរបស់អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះ មិនមានជាប់ទាក់នឹងមុខរបររកសុីខុសច្បាប់ ឬក្រុមឧក្រិដ្ឋជនអនឡាញអ្វីឡើយ។
ទោះជាយ៉ាងណា បច្ចុប្បន្នលោក Vorapak កំពុងត្រូវប្រឈមមុខនឹងការត្រួតពិនិត្យលម្អិតលើកម្ចីឥណទាន ដែលត្រូវបានចោ.ទប្រកាន់ថាមានភាពមិនប្រក្រតី កាលពីក្នុងអំឡុងពេលគាត់ធ្វើជាគ្រប់គ្រងនៅធនាគារ Krung Thai Bank និងបញ្ហាទំនាក់ទំនងរវាងលោកជាមួយនឹង Benjamin Mauerberger ជាពាណិជ្ជករបរទេស ដែលត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់បណ្តាញគ្រីបតូ ដើម្បីជ្រៀតចូលផ្ទៃក្នុងនៃហិរញ្ញវត្ថុរបស់ថៃ។
តាមរយៈរបាយការស៊ើបអង្កេតរបស់ទីភ្នាក់ងារពិសេស Whale Hunting បានលាតត្រដាងពីភាពខ្មៅងងឹត និងរឿងអាស្រូវជាច្រើន ជុំវិញបទល្មើសឆ្លងដែន ការក្លែងបន្លំ និងឧក្រិដ្ឋកម្មតាមអុីនធឺណេត ដោយបានអូសទាញអ្នកនយោបាយថៃមួយចំនួនឲ្យចូលមកពាក់ព័ន្ធបន្តកន្ទុយគ្នា។ ក្នុងនោះរួមមានទាំងឧបនាយករដ្ឋមន្ត្រី Thammanat Prompao ក៏កំពុងស្ថិតក្រោមការសង្ស័យផងដែរ៕










