ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បាននិយាយពីជម្លោះព្រំដែនកម្ពុជា-ថៃត្រូវតែមានដំណោះស្រាយ មិនអាចនៅបែបនេះបានទេ រីឯការចូលរួមកិច្ចប្រជុំ JBC គឺដើម្បីការពារអធិបតេយ្យ មិនបាត់បង់ផលប្រយោជន៍ ។ ការរំលាយសភាជាអំណាចរបស់នាយករដ្ឋមន្ត្រី ដែលពេលនេះបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរួចហើយ លោកក៏ដឹងពីថ្ងៃបញ្ចប់តំណែងដែរ បើពុំអាចដឹកនាំប្រទេសទេ លោកនឹងប្រគល់សិទ្ធិឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។
កាលពីថ្ងៃទី២០ ខែតុលា នៅវិមានរដ្ឋាភិបាល លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្តល់សម្ភាសន៍ពីដំណើរការកិច្ចប្រជុំ JBC កម្ពុជា-ថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចាន់ថាក់បុរី ប្រទេសថៃ ដែលមានមតិមួយចំនួនប្រឆាំង លោកថា កិច្ចប្រជុំនេះនឹងដំណើរការ ប្រទេសថៃមិនបានបាត់បង់ផលប្រយោជន៍ទេ ។
នេះជាអ្វីដែលអាចសម្រេចបានតាមតម្រូវការរបស់រដ្ឋាភិបាល និងពលរដ្ឋថៃ ដោយផ្តោតសំខាន់លើកិត្តិយស និងអធិបតេយ្យជាតិ យើងនឹងចូលរួមកិច្ចប្រជុំរហូតដល់មានដំណោះស្រាយ ថាតើប្រទេសទាំងពីរនឹងប្រឈមមុខគ្នាបន្ត ឬត្រូវទទួលយកការដាក់លក្ខខណ្ឌទាំងសងខាង ។ ជម្លោះព្រំដែនកម្ពុជា-ថៃ មិនអាចនៅបែបនេះបានទេ ។
ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃក៏បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពាក់ព័ន្ធនឹងសំណួរសួរថា តើរដ្ឋាភិបាលអាចរំលាយសភាមុនពេលកាន់តំណែងរយៈពេល៤ខែដែរឬទេ ដោយលោកថា ការរំលាយសភាជាអំណាចរបស់នាយករដ្ឋមន្ត្រី លោកមិនចាំបាច់និយាយជាសាធារណៈថារំលាយសភាឬអត់នោះទេ ។ លោកចង់រត់គេច ឬកាន់តំណែងបន្តក៏បាន ពីព្រោះលោកដឹងពីថ្ងៃបញ្ចប់តំណែង បើទៅមិនរួចទេ នឹងប្រគល់អំណាចឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ។
ករណីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើរដ្ឋាភិបាលគ្រប់គ្រងប្រទេសមិនដល់រយៈពេល៤ខែ គឺលោក អនុថីន ឱ្យពលរដ្ឋជាអ្នកសម្រេចចិត្ត និងព្យាយាមរក្សាការសន្យាជាមួយគណបក្សប្រជាជន ប៉ុន្តែបើមានអ្វីផ្សេងកើតឡើងត្រូវតែជួយគ្នាដោះស្រាយ ។ វាដល់ពេលវេលាត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើពុំអាចដឹកនាំប្រទេសទេ លោកនឹងប្រគល់អំណាចឱ្យពលរដ្ឋ ដែលនេះជាការអនុវត្តក្នុងរបបលទ្ធិប្រជាធិបតេយ្យ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែតុលា ក្រុមជ្រុលនិយមថៃបានប្រមូលគ្នាធ្វើបាតុកម្មនៅបរិវេណខាងមុខក្រសួងការបរទេសដើម្បីទាមទារឱ្យរដ្ឋាភិបាលថៃលុបចោលការចូលរួមកិច្ចប្រជុំ JBC កម្ពុជា-ថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា នៅខេត្តចាន់ថាក់បុរី ដោយសារគិតថាគ្មានប្រយោជន៍ និងលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ព្រមទាំងទាមទារឱ្យរដ្ឋាភិបាលថៃការពារអធិបតេយ្យ និងឯករាជ្យជាតិជាបន្ទាន់ ៕