អ្នកនាង តាំង ម៉ីហុង ឬទស្សនិកជនស្គាល់លើបណ្តាញសង្គមថា Ka Ismee បាន ប្រតិកម្មទៅកាន់អ្នកលេងបណ្តាញសង្គមដែលថា ណូលី មិនសមជាមួយនាង។ ស្រីកា បានឆ្លើយតបថាមុននឹងខម្មិនគួរគិតសិន សម្តីណាធ្វើឱ្យគេឈឺចាប់កុំនិយាយអីល្អជាង។ ទោះបីជា ណូលី មិនស្អាតសង្ហាសម្រាប់អ្នកដទៃប៉ុន្តែអាចធ្វើឱ្យនាងមានក្តីសុខបាន។
ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា តារាចម្រៀងនិងជាអ្នកនិពន្ធបទចម្រៀង ណូលី បានរៀបការជាមួយនឹងអ្នកលក់អនឡាញ Ka Ismee បន្ទាប់ពីនាងបានកែប្រែ ណូលី ឱ្យក្រោកឡើងម្តងទៀត។ បន្ទាប់ពីរៀបការរួចកាលពី១៧ ខែតុលា ស្រាប់តែអ្នកគាំទ្របានឃើញភរិយា ណូលី ចេញមកប្រតិកម្មនឹងសម្តីរបស់អ្នកលេងបណ្តាញសង្គមដែលបណ្តុះបង្អាប់ស្វាមីរបស់ខ្លួន។
គណនីបណ្តាញសង្គមនោះមានការបញ្ចេញមតិថា «ខាងប្រុសអត់សមជាមួយកូនក្រមុំសោះ»។ ការបញ្ចេញមតិនេះបានធ្វើឱ្យ ស្រីកា ប្រតិកម្មដោយឆ្លើយតបថា «មុនខំមិនយកអីមកគិត? សំដីណាធ្វើឱ្យគេឈឺចាប់កុំយាយវាមិនល្អទេ។ រូបរាងប៉ុនប្តីខ្ញុំបើទោះមិនស្អាតសម្រាប់អ្នកណាតែស្អាតសម្រាប់ខ្ញុំ រូបរាងខាងក្រៅមិនសំខាន់ សំខាន់គេអាចធ្វើឱ្យខ្ញុំមានក្តីសុខរឺអត់?»។ ភរិយា ណូលី បានបន្តទៀតថា « យកប្តីមកស្អាតអាចបំរើខ្ញុំគ្រប់សព្វអត់? ខ្ញុំរស់នៅជាមួយមនុស្សដែលអាចផ្តល់ក្តីសុខនិងបំពេញតួនាទីការងារជំនួសខ្ញុំបាន មិនមែនរស់នៅជាមនុស្សភាពស្អាតតែខាងក្រៅជួយអ្វីមិនបាននោះទេ យកទៅគិតម្តងទៀតមុនដើរខំមិនគេ»។
គួរឱ្យដឹងថា ណូលី បានបរាជ័យលើជីវិតអាពាហ៍ពិពាហ៍ម្តងរួចមកហើយ ខណៈលោកបានបាត់មុខពីអាជីពសិល្បៈហើយរូបរាងមានសភាពធាត់។ ក្រោយពីមានទំនាក់ទំនងជាមួយស្រីកា រូបនាងបានកែប្រែឱ្យ ណូលី អាចប្រឡូកអាជីពសិល្បៈឡើងវិញព្រមទាំងប្រែរូបរាងដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងពីរបានតស៊ូជាមួយគ្នារហូតមានសមត្ថភាពទិញផ្ទះធំទ្រនំខ្ពស់និងរកស៊ីរីកចម្រើនជាមួយគ្នារហូតដល់ពេលនេះក្លាយជាប្តីប្រពន្ធចូលរោងការតាមប្រពៃណី៕