ក្រុមហ៊ុន Hida Food JSC នៅប្រទេសវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចទីក្រុងហាណូយបានចុះបង្ក្រាប ក្រោយរកឃើញមានចាក់សារធាតុគីមីចូលទៅក្នុងសាច់ក្របី ហើយលក់ចេញជាសាច់គោ Wagyuជប៉ុនលំដាប់ខ្ពស់។
ក្រុមហ៊ុននេះ បាននាំចូលសាច់ក្របីពីប្រទេសឥណ្ឌាក្នុងតម្លៃថោក រួចបានចាក់គីមីចូលឱ្យក្លាយទៅជាសាច់ Wagyu ហើយយកលក់ថ្លៃ៤ដងនៃតម្លៃដើម។
សាច់ក្របីឥណ្ឌា ត្រូវបានទិញចូលក្នុងតម្លៃប្រមាណជា៤.៧០ដុល្លារ ក្នុងមួយគីឡូក្រាម ហើយចាក់សារធាតុគីមីបង្កើតជាខ្លាញ់ រួចយកលក់នៅក្នុងទីផ្សារក្នុងតម្លៃចន្លោះពី១៥-២០ដុល្លារក្នុងមួយគីឡូក្រាម។
តាមការស៊ើបអង្កេត ពីចន្លោះខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន Hida Food JSC បានផលិតសាច់គោWagyu ក្លែងក្លាយចំនួន ១៤ តោន ដោយលក់នៅទីក្រុងហាណូយ ដាណាង ញ៉ាត្រាង និងទីក្រុងហូជីមិញ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចវៀតណាម បានរឹបអូសសាច់ក្របី និងសាច់គោក្លែងក្លាយចំនួន ៦៥ តោន និងសារធាតុគីមីចំនួន ១៧ តោន៕