ទីបំផុត Mealyann Nita Saing ដែលតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Asia Pacific International 2025 លើទឹកដីហ្វីលីពីនទទួលបានលទ្ធផល TOP30 ។ សមិទ្ធផលនេះជំរុញឱ្យកម្ពុជាចូលTOPលើកដំបូងក្នុងការប្រកួត។ យ៉ាងណាក៏មានមតិមួយចំនួនសម្តែងការសោកស្តាយដែលកម្ពុជាមិនអាចចូលទៅកាន់វគ្គកំពូល១០នាក់ចុងក្រោយ។
នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កម្មវិធីប្រកួត Miss Asia Pacific International 2025 បានរកឃើញម្ចាស់មកុដហើយគឺបានទៅលើបវរកញ្ញាដែលតំណាងឱ្យប្រទេសប្រេស៊ីល Isabela Fernandez ចំណែកឯហ្វីលីពីនជាប់លំដាប់រងទី១។ ងាកមកខាងតំណាងកម្ពុជាវិញគឺអ្នកនាង Mealyann Nita Saing ក៏ទទួលបានលទ្ធផលដ៏ល្អមួយផងដែរខណៈកម្មវិធីនេះខាងកម្ពុជាទើបតែចូលរួមបានចំនួន៣ដងប៉ុណ្ណោះ។
នៅក្នុងការប្រកួត Miss Asia Pacific International 2025 អ្នកនាង Mealyann បានព្យាយាមយ៉ាងស្វិតស្វាងជាមួយនឹងបេក្ខភាពផ្សេងទៀតជម្នះនៃការវាយប្រហារពាក្យសម្តីនៅលើបណ្តាញសង្គមពីជនជាតិថៃមួយចំនួន ហើយកាលពីថ្ងៃទី៣០ ខែកញ្ញា ក៏ត្រូវភិតភ័យនឹងហេតុការណ៍គ្រោះរញ្ជួយដីនៅហ្វីលីពីនទៀត។ Mealyann បានបើកឱកាសដំបូងអាចនាំកម្ពុជាចូលទៅកាន់ TOP30 ។
ជាមួយនឹងចំណាត់ថ្នាក់នេះ Miss Asia Pacific International Cambodia 2025 ក៏ទទួលបានពានរង្វាន់ពិសេសដូចជា Miss Eventologie, Miss Cinderella Drip និងចំណាត់ថ្នាក់លេខ១២ Miss Popuar Vote។
អ្នកគាំទ្រវិស័យបវរកញ្ញាបានសម្តែងការអបអរមកកាន់ Mealyann Nita Saing ក្នុងការប្រកួតលើកនេះទោះបីជាខកចិត្តបន្តិចក្តី ប៉ុន្តែ Mealyann បានប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួតហើយជាមួយនឹងលទ្ធផល TOP30 នេះ៕