ខេត្តណារ៉ាធីវ៉ាត់៖ មេបញ្ជាការកងទ័ពភូមិភាគទី1ថៃ បែងចែកកម្លាំង 800នាក់បន្ថែម បញ្ជូនទៅកាន់ភាគខាងត្បូងប្រទេសក្រោមការដឹកនាំរបស់ក្រុមការងារណារ៉ាធីវ៉ាត់ ដើម្បីប្រយុទ្ធទប់ទល់នឹងក្រុមបះបោរ ដែលកំពុងបង្កើនសកម្មភាពផ្ដា.ច់ទឹកដីខ្លាំងឡើងៗធ្វើឲ្យកងកម្លាំងសន្តិសុខនៅក្នុងតំបន់ទប់លែងចង់ជាប់។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឲ្យដឹងថា កាលពីថ្ងៃចន្ទទី៦ ខែតុលា មេបញ្ជាការតំបន់កងទ័ពទីមួយ លោកឧត្តមសេនីយ៍ទោ Worayos Luangsuwan បានបញ្ជូនទាហានចំនួន 800 នាក់ ដើម្បីពង្រឹងសន្តិសុខនៅក្នុងខេត្តជាប់ព្រំដែនភាគខាងត្បូងរបស់ប្រទេសថៃ ក្រោមតួនាទីជា “ក្រុមការងារ Narathiwat” ដែលទើបបង្កើតថ្មី។
ប្រភពខាងលើនេះបានឲ្យដឹងទៀតថា ទាហានទាំង៨០០នាក់នោះ ត្រូវបានមេភូមិភាគ១ Worayos Luangsuwan យកចេញពីកងពលធំថ្មើរជើងលេខ៩ លេខ១១ និងលេខ១១ ដើម្បីបញ្ជូនទៅកាន់ខេត្តភាគខាងត្បូង ត្រៀមសម្រាប់ប្រយុទ្ធតទល់នឹងក្រុមបះបោរផ្ដាច់ទឹកដីដែលកំពុងបង្កភាពចលាចលនៅក្នុងតំបន់ខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។
មុនពេលចេញដំណើរទៅភាគខាងត្បូង ពិធីសាសនាមួយត្រូវបានគេធ្វើនៅទីបញ្ជាការកងទ័ពទី១ ដើម្បីផ្ដល់ពរជ័យដល់ទាហានទាំង ៨០០នាក់។ ព្រះចៅអធិការវត្ត Mai Sri Rom Yen ក្នុងខេត្តឈៀងរ៉ៃ ព្រះតេជគុណ Ekkachai Siriyano បានដឹកនាំការបួងសួង និងប្រោះទឹកមន្ត ដើម្បីលើកទឹកចិត្តដល់កងកម្លាំងដែលត្រៀមទៅប្រយុទ្ធជាមួយក្រុមឧទ្ទាម។
ការដាក់ពង្រាយកម្លាំងបន្ថែមនេះ កើតឡើងភ្លាមៗបន្ទាប់ពីមានករណីចោ.រប្លន់ប្រដាប់អាវុធចំនួន ១០ នាក់ ដែលបានសម្រុកចូលហាងមាសមួយកន្លែងក្នុងខេត្តណារ៉ាធីវ៉ាត់ ដោយបានលួចគ្រឿងអលង្ការមាស និងប្រាក់អស់យ៉ាងច្រើនសន្ធឹកសន្ធាប់សរុបជាង១លានដុល្លារ។
ឧបទ្ទវហេតុនេះបានបង្កើនការភ័យខ្លាចក្នុងចំណោមអ្នកស្រុក និងបានគូសបញ្ជាក់ពីបញ្ហាអសន្តិសុខរ៉ាំរ៉ៃដែលកំពុងកើតមាននៅក្នុងតំបន់ពួកគេរស់នៅ ខណៈបញ្ហាទាំងអស់នេះបានអូសបន្លាយអស់រយៈពេលជាយូរមកហើយ មិនមានថ្នាក់ដឹកនាំរបស់ថៃណាម្នាក់អាចដោះស្រាយចេញនោះទេ។

គួរជម្រាបផងដែរថា ភាពចលាចលនៅភាគខាងត្បូងរបស់ថៃត្រូវបានគេចាត់ទុកថាជាបញ្ហាដ៏ធំមួយដែលពិបាកដោះស្រាយខ្លាំងសម្រាប់រដ្ឋាភិបាលនៅទីក្រុងបាងកក។ បញ្ហាអសន្តិសុខនេះបានផ្ទុះឡើងឥតឈប់ឈរ និងកាន់តែបន្តខ្លាំងឡើងៗនៅឆ្នាំ២០២៥ ធ្វើឲ្យមានមនុស្សស្លា.ប់និងរបួសជាបន្តបន្ទាប់។ យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watch, បានបង្ហាញថាគិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់ក្នុងអំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិស ផងដែរ៕