ប្រទេសថៃ ៖ ក្រោយពីលំនៅឋាន ផ្លូវ ស្ពាន និងអគារនៅតាមបណ្តាខេត្តរបស់ថៃបានលិចទឹកជំនន់យ៉ាងធ្ងន់ធ្ងរហើយនោះ មន្ទីរពេទ្យថៃនៅខេត្តអ៊ុតារ៉ាឌីត ក៏បានលិចទឹកផងដែរ ដែលធ្វើឱ្យគ្រូពេទ្យជម្លៀសអ្នកជំងឺស្ទើរមិនទាន់ និងបណ្តាលឱ្យខូចខាតឧបករណ៍ពេទ្យទាំងស្រុង ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Matichon នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ។
មន្ទីរពេទ្យមួយកន្លែងនៅស្រុកត្រន ខេត្តអ៊ុតារ៉ាឌីត ត្រូវបានទឹកជំនន់លិចភ្លាមៗ ដែលកម្ពស់ទឹកជំនន់ស្មើជាង១ម៉ែត្រ ។ គ្រូពេទ្យបានជម្លៀសអ្នកជំងឺទាំងអស់ចេញពីមន្ទីរពេទ្យ ប៉ុន្តែបែរជាខូចខាតឧបករណ៍ពេទ្យ គ្រូពេទ្យសង្ឃឹមថា ទឹកនឹងស្រកក្នុងរយៈពេល៣សប្តាហ៍ទៀត ខណៈពលរដ្ឋនៅខេត្តនេះបានបាត់បង់ជីវិត៣នាក់ និងបាត់ខ្លួន៣នាក់ ។
តាមសេចក្តីរាយការណ៍ នាវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី២ ខែតុលា ទឹកជំនន់ដែលលិចស្រុកណាមប៉ាត ស្រុកថងស៊ែនខាន់ និងស្រុកត្រន បានហូរចូលទន្លេណាន និងធ្វើឱ្យទឹកទន្លេណានកើនឡើងខ្ពស់ ក៏ជន់លិចលំនៅឋានពលរដ្ឋ អគារនានាក្នុងតំបន់សេដ្ឋកិច្ច ទីប្រជុំជន សាលារៀន និងវាលស្រែ ។ រីឯតំបន់ទំនាប កម្ពស់ទឹកជំនន់ស្មើជាង៣ម៉ែត្រ ធ្វើឱ្យពលរដ្ឋថៃជាប់ក្នុងផ្ទះស្រែករកភ្នាក់ងារសង្គ្រោះ ។
ចំណែកអាជ្ញាធរស្រុកពិជ័យនិយាយថា ស្រុកពិជ័យគួរឱ្យបារម្ភជាងគេដោយសារមានពលរដ្ឋរស់នៅច្រើន ហើយទឹកជំនន់ដែលលិចស្រុកនេះ មិនត្រឹមតែមានទឹកហូរពីទន្លេណានប៉ុណ្ណោះទេ ប៉ុន្តែទឹកបានហូរពីស្រុកណាមប៉ាត ស្រុកថងស៊ែនខាន់ និងស្រុកត្រន ។ ក្រៅពីនេះ ទឹកទន្លេយម នៅខេត្តសុខោទ័យ ក៏បានហូរធ្លាក់មកទន្លេណាន ដែលធ្វើឱ្យពលរដ្ឋជាច្រើនជាប់ក្នុងលំនៅឋាន ខណៈភ្នាក់ងារសង្គ្រោះព្យាយាមជួយជនរងគ្រោះចេញពីលំនៅឋាន ប៉ុន្តែជួយពុំបានទាំងអស់ដោយសារពេលយប់ដាច់ភ្លើង ។
តាមប្រធានមន្ទីរពេទ្យត្រន ស្ថិតនៅស្រុកត្រន ខេត្តអ៊ុតារ៉ាឌីទ គឺទឹកជំនន់លិចមន្ទីរពេទ្យកម្ពស់ជាង១ម៉ែត្រ គ្រូពេទ្យបានជម្លៀសអ្នកជំងឺចេញអស់ហើយ ប៉ុន្តែឧបករណ៍ពេទ្យខូចខាតអស់ ជាពិសេស ឧបករណ៍មានទម្ងន់ធ្ងន់ពុំអាចផ្លាស់ទីបាន ដូចជា ៖ គ្រែធ្វើធ្មេញ និងម៉ាស៊ីនថតកាំរស្មីអ៊ិច ។ មន្ទីរពេទ្យអាចនឹងដំណើរការឡើងវិញក្នុងរយៈពេលពី២ ទៅ៣សប្តាហ៍ទៀត ប៉ុន្តែមន្ទីរពេទ្យនឹងទទួលពិនិត្យអ្នកជំងឺនៅទីតាំងផ្សេង ចំនួន២កន្លែង ៕