ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវនឹងថ្ងៃប្រវត្តិសាស្ត្រ៦៣ឆ្នាំមុន ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារ ។ ប៉ុន្តែភាគីថៃទាមទារឱ្យកម្ពុជាដោះស្រាយវិវាទព្រំដែនទ្វេភាគី ដោយពុំចាំបាច់មានការអន្តរាគមន៍ពីប្រទេសផ្សេងៗ និងបដិសេធតុលាការយុត្តិធម៌អន្តរជាតិ ។

សារព័ត៌មានថៃ Khaosod រាយការណ៍ថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានលើកឡើងពីគោលជំហរថៃពាក់ព័ន្ធនឹងកម្ពុជាដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថា គឺជាសិទ្ធិរបស់កម្ពុជាដែលស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ខណៈថៃមានគោលជំហរដោះស្រាយវិវាទច្បាស់លាស់ផ្អែកលើផលប្រយោជន៍ជាតិ និងពលរដ្ឋ ។ នៅថ្ងៃទី២ ខែតុលា ក្រុមប្រឹក្សាសន្តិសុខជាតិនឹងប្រកាសឈ្មោះប្រធាន JBC ថ្មីរបស់ថៃ ដោយសារប្រធានចាស់នឹងបញ្ចប់តួនាទីឆាប់ៗនេះ ។

នៅវិមានរដ្ឋាភិបាល លោក អនុថីន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយពីកម្ពុជាដាក់ពាក្យបណ្តឹងទៅតុលាការ ICJ កាលពីខែមិថុនា ឆ្នាំ២០២៥ ដើម្បីដោះស្រាយវិវាទព្រំដែននៅតំបន់ទាំង៤ ដោយលោក អនុថីន ថា ពុំជ្រាបតុលាការ ICJ បានទទួលពាក្យបណ្តឹងពីកម្ពុជាឬយ៉ាងណា ។ ការប្តឹងតុលាការ ICJ ជាសិទ្ធិរបស់កម្ពុជា ខណៈថៃមានគោលជំហរដោះស្រាយវិវាទច្បាស់លាស់ផ្អែកលើផលប្រយោជន៍ជាតិ និងពលរដ្ឋជាចម្បង ប៉ុន្តែរដ្ឋាភិបាលថៃនឹងតាមដានបណ្តឹងនៅតុលាការ ICJ ។

រដ្ឋាភិបាលថៃបានត្រៀមខ្លួនធ្វើការដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងប្រើប្រាស់គ្រប់យន្តការការទូតដើម្បីការពារផលប្រយោជន៍ជាតិ ។ នៅថ្ងៃទី២ ខែតុលា នឹងមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិពិភាក្សាពីការតែងតាំងប្រធាន JBC ថ្មី ខណៈប្រធាន JBC ចាស់របស់ថៃនឹងបញ្ចប់តួនាទីឆាប់ៗ ហើយការតែងតាំងប្រធាន JBC ថ្មី នឹងប្រកាសច្បាស់លាស់ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ។

តាមហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជាមិនដកថយទេពាក់ព័ន្ធនឹងការស្នើសុំឱ្យតុលាការ ICJ ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ។ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរ ។

គួរបញ្ជាក់ថា មុនពេលកម្ពុជារៀបចំឯកសារប្តឹងថៃទៅតុលាការ ICJ គឺប្រទេសទាំងពីរមានភាពតានតឹងនៅតំបន់ព្រំដែនទាំង៤ ហើយកងទ័ពខ្មែរម្នាក់ត្រូវបានកងទ័ពថៃបាញ់ស្លាប់នៅតំបន់មុំបី ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ។ កម្ពុជានឹងឈ្នះថៃនៅតុលាការ ICJ ដោយសារកម្ពុជាមានឯកសាររឹងមាំបញ្ជាក់ពីកម្មសិទ្ធិរបស់ខ្លួនលើតំបន់ទាំងនេះ ៕