ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថា សុវត្ថិ មុន្នីនាគ ឬ N.John ត្រូវបានទស្សនិកជនរិះគន់ចាស់ដៃនៅពេលតារាចម្រៀងរស់នៅសហរដ្ឋអាម៉េរិករូបនេះចេញបទចម្រៀងប៉ះចំតែថ្ងៃខ្មែរនិងថៃមានរឿងក្តៅគគុក។ ទោះយ៉ាងណា ខុសពីមហាជនភាគច្រើនដែលមានការរិះគន់ តារាកំប្លែង ម៉ាដូណា លើកទឹកចិត្ត N.John កុំឱ្យបាក់ទឹកចិត្តក្នុងវិស័យនេះ។

តារាកំប្លែង ម៉ាដូណា បានលើកឡើងថា N.John ជាអ្នកសិល្បៈកូនខ្មែរម្នាក់ដែលមានសមត្ថភាពខ្ពស់ ទាំងភាសា ច្រៀង រាំ ហើយនឹងធ្វើឱ្យពិភពលោកស្គាល់ប្រទេសកម្ពុជាកាន់តែច្រើន។ លោក ថាទាំង N.John ផ្ទាល់និងឪពុកម្តាយយល់ច្បាស់ថាបញ្ហាប្រទេសយ៉ាងមិច តែជីវិតសិល្បៈនៅស្រុកក្រៅរបស់លោកគឺមានការគ្រប់គ្រងដោយជនជាតិបរទេស ហើយចរិតបរទេសគឺមានផែនច្បាស់លាស់ក្នុងការប្រម៉ូតដើម្បីបង្ហាញរាល់វីដេអូចម្រៀងរបស់ N.John ។ ម៉ាដូណា បានលើកឡើងទៀតថា អ្នកប្រម៉ូតដែលជនជាតិបរទេសគេមិនបានគិតពីបញ្ហាជម្លោះប្រទេសទេ។ តារាកំប្លែងរូបនេះសង្ឃឹមថាទស្សនិកជននឹងយល់ និងជួយលើកទឹកចិត្តដល់កូនខ្មែររូបនេះផង។

ម៉ាដូណា ថាពេលមកស្រុកក្រៅដូចជាខ្លួនជួបជនបរទេស ទស្សនិកជននឹងដឹងថាគេមិនសូវស្គាល់ប្រទេសកម្ពុជាទេ គេស្គាល់តែប្រទេសលេខ២។ លោកសម្តែងការជឿជាក់ថា N.John នឹងសាងប្រជាប្រិយឱ្យពិភពលោកកាន់តែស្គាល់ប្រទេសកម្ពុជា ដោយសុំឱ្យប្រជាជនខ្មែរទុកតារាចម្រៀង N.John បន្តក្នុងវិស័យមួយនេះដើម្បីបន្តបង្ហាញទៅកាន់ពិភពលោក ដោយសុំចិត្តងាកមករកដំណោះស្រាយ ដល់ប្រជាជនដែលនៅទល់ដែនវិញ។ បញ្ចប់សេចក្តីរបស់ខ្លួន ម៉ាដូណា បានលើកទឹកចិត្ត N.John កុំឱ្យមានការបាក់ទឹកចិត្តផងដែរ។

គួរបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី១៧ ខែកញ្ញា N.John បានបញ្ចេញ Trailer បទថ្មី«FEEL LIKE THIS» ស្របពេលមានរឿងក្តៅគគុកជាមួយថៃ។ សកម្មភាពនេះបានជំរុញឱ្យសាធារណជនបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃទៅកាន់ N.John ។ អ្នកមួយចំនួនថែមទាំងស្នើដល់ឧកញ៉ា ព្រាប សុវត្ថិ ជាឪពុកជួយមើលកូនប្រុសកុំឱ្យចេញបទចម្រៀងខុសកាលៈទេសៈបែបនេះ។ អ្នកខ្លះក៏លើកឡើងពីភាពស៊យរបស់ N.John ព្រោះជាច្រើនដងហើយដែលអ្នកកាន់ផេកដាក់ថ្ងៃចេញបទចម្រៀងចំតែថ្ងៃដែលថៃឈ្លានពានខ្មែរ៕










