ដូចអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាដ្បិតតែកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានរកឃើញម្ចាស់មកុដហើយក្តីប៉ុន្តែការដ្រាម៉ានៅលើបណ្តាញសង្គមកើតមានជាហូរហែរហូ។ ទោះយ៉ាងណា នាយកកម្មវិធីនេះគឺជាលោក ឆយ ពុំបានចេញមកនិយាយអ្វីនោះទេចាប់តាំងពីមានភាពចម្រូងចម្រាសមកប៉ុន្តែស្រាប់តែលោកបង្ហើបនៅលើ Instagram ជាមួយនឹងពាក្យថាចូលនិវត្តន៍អមមកជាសញ្ញាសួរ។
.png)
កាលពីថ្ងៃទី១៨ ខែកញ្ញា ផេកគាំទ្រវិស័យបវរកញ្ញាបានបង្ហាញអំពីនាយកជាតិក្នុងកម្មវិធី Miss Universe Cambodia លោក ឆយ បានបង្ហាញសកម្មភាពបន្ទាប់ពីជិតមួយសប្តាហ៍នៃការរកឃើញមកុដកម្មវិធីនេះ។ លោកបានបង្ហោះពាក្យជាភាសាអង់គ្លេសដែលមានន័យជាភាសាខ្មែរថា «ចូលនិវត្តន៍» ជាមួយនឹងសញ្ញាសួរ។ ពាក្យខ្លីនេះបានធ្វើឱ្យមនុស្សជាច្រើនជឿថាលោកទំនងជាចង់សម្រាកពីការរៀបចំកម្មវិធីបវរកញ្ញាចក្រវាលហើយមើលទៅ។

គួរឱ្យដឹងថាលោក ឆយ បានកាន់កាប់សិទ្ធិរៀបចំកម្មវិធី Miss Universe Cambodia ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដោយឆ្នាំនេះលោកមានការរៀបចំប្រកួតប្រជែងជាច្រើនវគ្គ ប៉ុន្តែការប្រកួតក្នុងកម្មវិធីនេះបែរជាមានការដ្រាម៉ាកើតទុក្ខមិនសុខចិត្តទៅវិញ។ ឃើញចេតនារបស់លោក ឆយ ទំនងជាចង់ចូលនិវត្តន៍បែបនេះ អ្នកគាំទ្រជាច្រើនបានលើកទឹកចិត្តលោកឱ្យបន្តកាន់កម្មវិធីនេះបន្តទៀតព្រោះការរៀបចំរបស់លោកគឺធ្វើបានល្អច្រើនណាស់។
មិនត្រឹមតែទស្សនិកជនគាំទ្រទូទៅប៉ុណ្ណោះទេ ងាកមកកាន់លោក អូលីវ៉ា គង់ ក៏បានកោតសរសើរលើកទឹកចិត្តលោក ឆយ ដូចគ្នា។ 
អ្នកច្នៃម៉ូតទទួលបានពានរង្វាន់អន្តរជាតិរូបនេះបានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «គាត់គឺជា ND មួយរូបដែរមានចក្ខុវិស័យល្អ ជាអ្នកដឹកនាំអស្ចារ្យ ប្រកបដោយក្រមសីលធម៌ ខ្ញុំនៅតែគោរពស្រលាញ់នឹងគាំទ្រឱ្យគាត់បន្តនៅក្នុងវិស័យមួយនេះ»៕










