ប្រទេសចិន ៖ កងទ័ពចិនបានដាស់តឿនហ្វីលីពីនឈប់បង្កហេតុឈានទៅបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូងជាបន្ទាន់ រួមទាំងឈប់ដាក់ពង្រាយកម្លាំងកងទ័ពពីក្រៅប្រទេស ហើយចិនចាត់ទុកជាការប្រឹងប្រែងពុំទទួលបានលទ្ធផលរបស់ហ្វីលីពីន ។ ចិនមិនចង់ឱ្យហ្វីលីពីនបង្កហេតុរហូតឈានទៅប្រឈមមុខគ្នានៅសមុទ្រចិនខាងត្បូងដែលកំពុងតានតឹងទេ គឺការដាស់តឿនរបស់ចិនក្រោយពីហ្វីលីពីនទើបធ្វើសមយុទ្ធកងទ័ពនៅសមុទ្រជាមួយអាមេរិក និងជប៉ុន ។
កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា កងទ័ពចិនបានដាស់តឿនហ្វីលីពីនឱ្យឈប់ធ្វើសកម្មភាព ពីព្រោះចិនចាត់ទុកថា បង្កហេតុឈានទៅប្រឈមមុខគ្នានៅសមុទ្រចិនខាងត្បូងដែលកំពុងតានតឹង ខណៈបច្ចុប្បន្ន ខណៈមានការបន្តល្បាតនៅសមុទ្រចិនខាងត្បូង និងអនុវត្តតាមផែនការដើម្បីគ្រប់គ្រងតំបន់នេះ ។
អ្នកនាំពាក្យកងទ័ពចិនដែលគ្រប់គ្រងនៅតំបន់ភាគខាងត្បូងបានចេញសេចក្តីថ្លែងការណ៍ទៅហ្វីលីពីន ក្រោយពីហ្វីលីពីនធ្វើសមយុទ្ធកងទ័ពជាមួយអាមេរិក និងជប៉ុន ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅសមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ។ សេចក្តីថ្លែងការណ៍មានខ្លឹមសារថា ៖ «ចិនសូមដាស់តឿនហ្វីលីពីន ចូរឈប់បង្កហេតុបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូងជាបន្ទាន់ រួមទាំងឈប់បង្កើនកម្លាំងកងទ័ពបរទេសក្នុងតំបន់ ពីព្រោះវាជាការប្រឹងប្រែងពុំទទួលលទ្ធផល» ។
ចំណែករដ្ឋាភិបាល និងកងទ័ពហ្វីលីពីន ពុំទាន់និយាយអ្វីពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍របស់កងទ័ពចិនទេ ប៉ុន្តែកន្លងមក មន្ត្រីអាមេរិកនិយាយថា ការធ្វើសមយុទ្ធកងទ័ពអាមេរិកជាមួយហ្វីលីពីន និងជប៉ុន គឺដើម្បីបង្ហាញឱ្យឃើញថា ប្រទេសទាំងអស់មានសិទ្ធិ និងសេរីភាពបើកកប៉ាល់ ឬយន្តហោះលើដែនអាកាសអន្តរជាតិដោយស្របច្បាប់ ។
សមុទ្រចិនខាងត្បូងជាតំបន់ជម្លោះដែលចិនអះអាងថាខ្លួនជាម្ចាស់កម្មសិទ្ធិស្ទើរទាំងអស់ ដែលធ្វើឱ្យចិនមានជម្លោះជាមួយប្រទេសជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា ៖ ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និងវៀតណាម ដែលប្រទេសនេះបានអះអាងកម្មសិទ្ធិលើសមុទ្រចិនខាងត្បូងដូចគ្នា ពីព្រោះវាជាផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់ ។ នេះពុំមែនជាការដាស់តឿនលើកទី១ទេ គឺកងទ័ពចិនបានដាស់តឿនហ្វីលីពីនជាច្រើនលើកកន្លងមក ហើយកងទ័ពទាំងពីរធ្លាប់មានបញ្ហាជាមួយគ្នានៅសមុទ្រចិនខាងត្បូងផងដែរ ៕










