ថ្មីៗនេះនៅលើបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះជីវិតឯកជនរបស់អ្នកបង្កើតមាតិកាល្បីឈ្មោះ Seak បន្ទាប់ពីគេឃើញលោកនិងនារីម្នាក់នៅជិតគ្នាប្រៀបដូចជាគូស្នេហ៍។ ការចាប់អារម្មណ៍នេះដោយសារតែអ្នកគាំទ្រភាគច្រើន Ship លោកជាមួយនឹងតារាចម្រៀង Mina ប៉ុន្តែនារីដែលនៅក្បែរ Seak ពេលនេះមិនមែនជា Mina ទៀតឡើយ។

ទន្ទឹមនឹងរឿងនេះបានរីករាលដាល ស្របពេល Mina បានចេញបទចម្រៀងថ្មីជាមួយនឹងតារាចម្រៀង ស៊ូ លីផេង ទើបធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនប៉ាន់ស្មានទៅរឿងជាច្រើនរហូតដល់ Seak ចេញមកការពារមិត្តស្រីរបស់ខ្លួនថារូបនាងមិនមែនជាជនទី៣ឡើយ។
អ្នកបង្កើតមាតិការូបនេះបានបង្ហោះសំណេរនៅលើបណ្តាញសង្គមហ្វេកប៊ុកកាលពីយប់ថ្ងៃទី១៤ កញ្ញា ថា «សួស្តីអ្នកទាំងអស់គ្នា ប៉ុន្មានថ្ងៃមុននេះឃើញប្អូនស្រីម្នាក់ថតខ្ញុំនិងមិត្តស្រីខ្ញុំរួចក៏បង្លោះលើ TikTok ដោយគ្មានការអនុញ្ញាតក៏ប៉ុន្តែគាត់ក៏បានលុបរួចរាល់ហើយដែរ ។ ខ្ញុំសូមចេញមុខមកបញ្ជាក់ថាខ្ញុំនិងមិត្តស្រីខ្ញុំបានទាក់ទងគ្នាយូរមកហើយគ្មានជនទី៣អ្វីនោះទេ ចឹងសូមបងប្អូនទាំងអស់គ្នាកុំមានការយល់ច្រលំបន្តទៀត។ សូមអរគុណសម្រាប់ការស្រលាញ់និងរាប់អាន»។
Seak បានបញ្ជាក់បន្ថែមទៀតថា មិនមាន comment ច្រើនទេដែលថាគូស្នេហ៍ខ្លួនជាជនទី៣តែដោយសារតែលោកចង់ការពារកិត្តិយសគូស្នេហ៍ទើបលោកចេញមុខបកស្រាយឱ្យច្បាស់ កុំឱ្យមានការយល់ច្រលំ។
គួរដឹងថាបន្ទាប់ពីបែកធ្លាយវីដេអូ Seak បណ្តើរគូស្នេហ៍ មានអ្នកគាំទ្រជាច្រើនគឺបានបង្ហាញការខកចិត្តខ្លះដែរព្រោះតែការ Ship របស់ពួកគេរវាង Seak និង Mina ដែលធ្លាប់តែផ្អែមល្ហែមកន្លងមកគឺបានបញ្ចប់ហើយ។ ទំនាក់ទំនងផ្ទាល់ខ្លួនគឺអាស្រ័យទៅលើសាម៉ីខ្លួនផ្ទាល់ មិនអាចបង្ខំធ្វើតាមអ្វីដែលអ្នកគាំទ្រចង់បាននោះទេ ហើយជីវិតឯកជនគួរតែឱ្យសាមីខ្លួនជាអ្នកសម្រេចចិត្ត៕










