ប្រទេសថៃ ៖ ទឹកជំនន់បានវាយប្រ.ហារខេត្តនានារបស់ថៃដោយសាររងឥទ្ធិពលខ្យល់ព្យុះមួយហើយមួយទៀត ក្នុងនោះខេត្តរ៉ាក់យ៉ងក៏លិចទឹកដែរ ក្រោយពីភ្លៀងធ្លាក់ខ្លាំងទាំងយប់ទាំងថ្ងៃ និងមានទឹកហូរពីតំបន់ព្រៃភ្នំ រហូតធ្វើឱ្យស្រុកជាច្រើនក្នុងខេត្តជន់លិចកាន់តែខ្លាំង ។ កាលពីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ឃុំកាឆេត ខេត្តរ៉ាក់យ៉ង មានទឹកហូរពីព្រៃភ្នំយ៉ាងច្រើនធ្វើឱ្យកម្ពស់ទឹកឡើងខ្ពស់ ខណៈនៅឃុំម៉ាខាមឃូ មានក្រពើធំ១ក្បាលប្រវែងជាង២ម៉ែត្របង្ហាញខ្លួនតាមផ្លូវបង្កការភ័យខ្លាចដល់ពលរដ្ឋ ។

នៅថ្ងៃទី៨ ខែកញ្ញា រថយន្តតូចៗពុំអាចបើកបរបានទេនៅតាមផ្លូវមួយចំនួនក្នុងឃុំកាឆេត ខណៈនៅផ្សារកាឆេត មានទឹកលិចខ្លាំងធ្វើឱ្យភ្នាក់ងារសង្គ្រោះ និងក្រុមស្ម័គ្រចិត្តជួយគ្នាលើកអីវ៉ាន់ទាំងអស់ចេញពីតូបអាជីវករទៅដាក់នៅទីខ្ពស់ ។ រីឯស្រុកបាយខាយ ទឹកបានលិចភូមិក្នុងឃុំបាងបុត និងផ្លូវ ដែលទឹកមានកម្ពស់ជាង១ម៉ែត្រ ធ្វើឱ្យអ្នកបើកបររថយន្តបង្កើនការប្រុងប្រយ័ត្ន ពីព្រោះអាចកើតគ្រោះថ្នាក់ ។

ចំណែកនៅឃុំម៉ាខាមឃូ ស្រុកនិឃមផាត់តាណា ពលរដ្ឋភ័យខ្លាចគ្រប់គ្នាក្រោយឃើញក្រពើធំ១ក្បាលប្រវែងជាង២ម៉ែត្របង្ហាញខ្លួនតាមផ្លូវពេលយប់ ហើយគ្មានអ្នកណាដឹងថា ក្រពើនេះចេញពីកន្លែងណាទេ ឬក៏វាមកស៊ីចំណីតាមទឹក ។ ប៉ុន្តែដោយសារពេលយប់ ថែមទាំងមានភ្លៀងធ្លាក់ផង ទើបគ្មានភ្នាក់ងារណាមកពិនិត្យមើល ឬចាប់ក្រពើ ហើយអាជ្ញាធរប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នដើម្បីសុវត្ថិភាព ។

នាពេលបន្ទាប់ ភ្នាក់ងារសង្គ្រោះរបស់មូលនិធិនៅស្រុកនិឃមផាត់តាណា ក៏បានជូនដំណឹងទៅកាន់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងហាមរកត្រីនៅបរិវេណនេះ ដោយសារមានក្រពើរួចពីទ្រុងហែលចូលក្នុងស្រះ និងបង្ហាញខ្លួនតាមផ្លូវ ។

ដោយឡែក នៅខេត្តអយុធ្យាវិញ ទឹកជំនន់បានលិចសាលារៀនមានកម្ពស់ជិត២ម៉ែត្រ គ្រូបង្រៀនត្រូវអុំទូកទៅទទួលសិស្សចូលថ្នាក់ ។ តាមសេចក្តីរាយការណ៍ គឺស្ថានការណ៍ទឹកជំនន់នៅស្រុកសេណា ខេត្តអយុធ្យា គួរឱ្យបារម្ភ ក្រោយពីទឹកក្នុងទំនប់ចៅប្រាយ៉ាកើនឡើងខ្លាំង ។ ហេតុនេះ ធ្វើឱ្យទឹកលិចសាលារៀនមួយកន្លែងក្នុងឃុំហួវៀង ដែលមានកម្ពស់ទឹកជិត២ម៉ែត្រ ។

អ្នកស្រី ក្រងថង វីឆាកាំ ជាគ្រូបង្រៀននិយាយថា កាលពីថ្ងៃទី៥ ខែកញ្ញា កូនសិស្សបានដើរកាត់ទឹកមករៀន ហើយតាំងពីថ្ងៃនោះមក កម្ពស់ទឹកបានកើនឡើងយ៉ាងឆាប់រហ័ស ទើបគ្រូអុំទូកទៅទទួលសិស្ស ។ បើទឹកនៅតែលិចខ្លាំងបែបនេះ នាយកសាលាអាចបិទសាលារៀនបណ្តោះអាសន្ន និងផ្លាស់ប្តូរពេលវេលាបង្រៀនសិស្ស ៕