ប្រទេសចិន ៖ សម្រកទម្ងន់អាចធ្វើទៅបានអាស្រ័យលើការព្យាយាមជារៀងរាល់ថ្ងៃ ដោយយកចិត្តទុកដាក់លើការបរិភោគចំណីអាហារ ផ្លែឈើ និងហាត់ប្រាណជាប្រចាំ ។ មនុស្សមួយចំនួនតែងតែបោះបង់គោលដៅពាក់កណ្តាលទី ដោយសារពុំទទួលបានលទ្ធផលដូចការរំពឹងទុក ហេតុនេះ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅប្រទេសចិនបានបង្កើតគម្រោងចែកប្រាក់ជំរុញឱ្យបុគ្គលិកសម្រកទម្ងន់ ហើយបុគ្គលិកនឹងទទួលប្រាក់តិច ឬច្រើន គឺគិតតាមចំនួនគីឡូដែលបានសម្រក ។
ក្រុមហ៊ុននេះបានល្បីល្បាញពេញបណ្តាញសង្គមក្រោយពីបង្កើតគម្រោងសម្រកទម្ងន់ដើម្បីជំរុញឱ្យបុគ្គលិកទាំងអស់ថែទាំសុខភាព គឺបុគ្គលិកមានរូបរាងធាត់ ឬលើសទម្ងន់នឹងទទួលបានប្រាក់កាន់តែច្រើន បើអាចសម្រកទម្ងន់បានច្រើនគីឡូ ប៉ុន្តែក្រុមហ៊ុននឹងផាកពិន័យសម្រាប់បុគ្គលិកពុំស្រកគីឡូ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។
កាលពីថ្ងៃទី១២ ខែសីហា ក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ចិនឈ្មោះ Arashi Vision Inc. ឬ Insta360 នៅទីក្រុងស៊ិនជិន បានបង្កើតគម្រោងប្រចាំឆ្នាំឈ្មោះ «Million Yuan Weight Loss Challenge» ដែលមានគោលបំណងជំរុញឱ្យបុគ្គលិកយកចិត្តទុកដាក់លើការថែទាំសុខភាពដោយការហាត់ប្រាណ រក្សាទម្ងន់ និងបរិភោគអាហារគិតពីសុខភាព ។
ចំណែកលក្ខខណ្ឌទទួលបានប្រាក់លើកទឹកចិត្តមិនពិបាកទេ គឺបុគ្គលិកគ្រប់រូបអាចចូលរួមក្នុងគម្រោង និងរាយការណ៍មកក្រុមហ៊ុនពីចំនួនគីឡូដែលបានសម្រកដើម្បីបើកប្រាក់ពីក្រុមហ៊ុន ។ បុគ្គលិកម្នាក់ឈ្មោះ សៀ យ៉ាឈី អាចសម្រកទម្ងន់រហូតដល់ជាង២០គីឡូក្រាម ដោយចំណាយពេលត្រឹមតែ៩០ថ្ងៃប៉ុណ្ណោះ ដូច្នេះ ក្រុមហ៊ុនក៏បានចែកប្រាក់ឱ្យចំនួន២ម៉ឺនយាន់ (ឬប្រមាណ២,៧៨១ដុល្លារ) ព្រមទាំងទទួលបានពានរង្វាន់សម្រកទម្ងន់ ។
អ្នកនាង សៀ យ៉ាឈី ជឿថា នេះជាពេលវេលាដ៏ល្អបំផុតក្នុងជីវិតរបស់នាងដែលអាចសម្រកទម្ងន់តាមគោលដៅកែប្រែរូបរាងខ្លួនឯង ។ ការសម្រកទម្ងន់នេះមិនមែនដើម្បីតែរូបរាងខាងក្រៅទេ ប៉ុន្តែវាជាការថែទាំសុខភាព ។
នាងបានចែកចាយរូបភាពសម្រកទម្ងន់របស់ខ្លួនក្នុងក្រុមជជែកអនឡាញដើម្បីលើកទឹកចិត្តដល់មិត្តរួមការងារ ព្រមទាំងប្រាប់ពីវិធីសម្រកទម្ងន់តាមតារាសម្តែង ដែលអាចសម្រកទម្ងន់បាន១០គីឡូក្រាម ក្នុងរយៈពេល១៥ថ្ងៃ ។ វិធីសម្រកទម្ងន់នេះ គឺផឹកទឹកសណ្តែកនៅថ្ងៃទី១ បរិភោគពោតនៅថ្ងៃទី២ បរិភោគផ្លែឈើនៅថ្ងៃទី៣ ព្រមទាំងបរិភោគអាហារមានប្រូតេអ៊ីន និងបន្លែ នាថ្ងៃបន្ទាប់ ។
ក្រុមហ៊ុនបានរៀបចំគម្រោងប្រចាំឆ្នាំឈ្មោះ «Million Yuan Weight Loss Challenge» ចំនួន៧លើករួចហើយ ដោយបានចែកប្រាក់ដល់បុគ្គលិកសរុបចំនួន២៨ម៉ឺនដុល្លារអាមេរិក ។ កាលពីឆ្នាំ២០២៤ មានបុគ្គលិកចំនួន៩៩នាក់ បានចូលរួមក្នុងគម្រោងរបស់ក្រុមហ៊ុន ហើយពួកគេអាចសម្រកទម្ងន់សរុបចំនួន៩៥០គីឡូក្រាម ។
ក្រុមហ៊ុនក៏ផាកពិន័យផងដែរ បើបុគ្គលិកណាបានចូលរួមក្នុងគម្រោងសម្រកទម្ងន់ បែរជាពុំអាចសម្រកបាន ឬឡើងទម្ងន់ខ្លាំងជាងមុន គឺបុគ្គលិកត្រូវបង់ប្រាក់ពិន័យឱ្យក្រុមហ៊ុន ប្រមាណ១០៩ដុល្លារ សម្រាប់ការឡើងទម្ងន់ ០.៥គីឡូក្រាម ។ ប៉ុន្តែតាំងពីបង្កើតគម្រោងរហូតមកដល់ពេលនេះ ពុំទាន់មានបុគ្គលិកណាម្នាក់ត្រូវក្រុមហ៊ុនផាកពិន័យទេ ៕
		
	









