ប្រទេសថៃ ៖ បន្ទាប់ពីរដ្ឋសភាថៃបានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានភាពរអាក់រអួលប្រព័ន្ធរាប់សំឡេងឆ្នោតជាច្រើនលើក នៅទីបំផុត លោក អនុថីន ឆាន់វីរៈគូន ប្រធានគណបក្សភូមិចៃថៃ បានទទួលសំឡេងគាំទ្រពីសមាជិករដ្ឋសភាច្រើនជាងលោក ឆ័យក្សេម និទិស៊ិរី មកពីគណបក្សភឿថៃ ។ លោក អនុថីន ត្រូវបានព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រីថៃថ្មីជាផ្លូវការ ហើយលោកសន្យាអនុវត្តតាមលក្ខខណ្ឌកំណត់របស់គណបក្សប្រជាជន រួមទាំងបង្ហាញឆន្ទៈដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសនិ្តវិធី ។
លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃថ្មី ទី៣២ ប្តេជ្ញាដោះស្រាយបញ្ហាធំៗនៅប្រទេសថៃ ចំនួន៤ ជាបន្ទាន់ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ក្នុងនោះលោកនឹងដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីដើម្បីកុំឱ្យប្រទេសទាំងពីរខាតបង់ ប៉ុន្តែថៃនឹងមិនបាត់បង់ទឹកដីសូម្បី១សង់ទីម៉ែត្រ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Nation កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ។
.png)
បញ្ហាធំៗចំនួន៤ ដែលនាយករដ្ឋមន្ត្រីថៃថ្មីប្រកាសដោះស្រាយជាបន្ទាន់ រួមមាន ៖
១-សេដ្ឋកិច្ច ៖ នឹងពន្លឿនវិធានការកាត់បន្ថយការចំណាយក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ, កាត់បន្ថយការចំណាយលើថាមពល ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ ព្រមទាំងដោះស្រាយបញ្ហាការជំពាក់បំណុលរបស់កសិករ និងពលរដ្ឋមានប្រាក់ចំណូលទាប ។.png)
២-សន្តិសុខ ៖ នឹងពន្លឿនការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសកម្ពុជាដោយសន្តិវិធី ប៉ុន្តែថៃនឹងប្រកាន់យកគោលការណ៍ពុំបាត់បង់ទឹកដីសូម្បី១សង់ទីម៉ែត្រ ។

៣-គ្រោះធម្មជាតិ ៖ នឹងពន្លឿនការបង្កើតប្រព័ន្ធជូនដំណឹងដល់ពលរដ្ឋពីគ្រោះធម្មជាតិ ដែលលោក អនុថីន បានផ្តួចផ្តើមគំនិតនេះតាំងពីពេលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ លើសពីនេះ លោកនឹងជំរុញការផ្តល់ប្រាក់សំណងឱ្យពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិដោយស្មើភាព ។
៤-បញ្ហាសង្គម ៖ នឹងពន្លឿនការបង្ក្រាបការជួញដូរថ្នាំញៀន ការជួញដូរមនុស្ស Scammer និងភ្នាល់អនឡាញ ដោយសហការជាមួយប្រទេសជិតខាង និងបណ្តាប្រទេសជាមិត្ត ។
នាយករដ្ឋមន្ត្រីថ្មី លោក អនុថីន បញ្ជាក់ថា ការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោកពុំបានកើតឡើងដោយសារបុណ្យគុណអ្នកណាទេ លើកលែងតែបុណ្យគុណរបស់ពលរដ្ឋ តាមរយៈការបោះឆ្នោតក្នុងសភាតំណាងរាស្ត្រ ។ ក្រៅពីនេះ លោកក៏បានអរគុណការផ្តល់សំឡេងគាំទ្រ និងអរគុណគណបក្សប្រជាជនផងដែរ ហើយលោកសន្យាប្រឹងប្រែងបំពេញការងារដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលថៃកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ពីព្រោះលោកគ្មានពេលវេលាច្រើន ៕
		
	









