ប្រទេសនេប៉ាល់ ៖ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋាភិបាលនេប៉ាល់បានប្រកាសបិទបណ្តាញសង្គមមួយចំនួនក្នុងប្រទេសរបស់ខ្លួន រួមទាំងបិទហ្វេសប៊ុកផងដែរ ដោយសារបណ្តាញសង្គមទាំងនេះមិនគោរពច្បាប់ដែលរដ្ឋាភិបាលនេប៉ាល់កំណត់នៅពេលចុះឈ្មោះ ដែលជាផ្នែកមួយនៃវិធានការទប់ស្កាត់ការប្រើប្រាស់បណ្តាញសង្គមក្នុងផ្លូវខុសប៉ះពាល់សន្តិសុខសង្គម ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ។.png)
រដ្ឋាភិបាលនេប៉ាល់បញ្ជាក់ថា បណ្តាញសង្គមបានក្លាយជាប្រភពធ្វើឱ្យមានការស្អប់ខ្ពើមគ្នា បង្កើតពាក្យចចាមអារ៉ាម ឧក្រិដ្ឋកម្មអ៊ីនធើរណេត និងបែកបាក់ក្នុងសង្គម ដែលបញ្ហាទាំងនេះបានកើតឡើងក្នុងប្រទេសនេប៉ាល់ដែលមានពលរដ្ឋប្រើប្រាស់អ៊ីនធើរណេតច្រើនរហូតដល់៩០% ក្នុងចំណោមពលរដ្ឋចំនួន៣០លាននាក់ ។
កាលពីថ្ងៃទី៣ ខែកញ្ញា ក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានរបស់នេប៉ាល់បានកំណត់ថ្ងៃឱ្យបណ្តាញសង្គមនានាចុះឈ្មោះជាមួយរដ្ឋាភិបាល ព្រមទាំងឱ្យបណ្តាញសង្គមតែងតាំងអ្នកតំណាងក្នុងប្រទេសនេប៉ាល់ រួមទាំងអ្នកទទួលខុសត្រូវដោះស្រាយបញ្ហាផ្សេងៗដោយខ្លួនឯង បើពុំដូច្នោះទេ នេប៉ាល់នឹងបិទបណ្តាញសង្គមនេះមិនឱ្យពលរដ្ឋប្រើប្រាស់ ។
មន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មាននិយាយមកកាន់សារព័ត៌មានរ៉យទ័រថា បណ្តាញសង្គមដែលបានចុះឈ្មោះជាមួយរដ្ឋាភិបាលនេប៉ាល់រួចហើយ រួមមាន ៖ TikTok, Viber, WeTalk, Nimbuzz និង Poppo Live ប៉ុន្តែ Facebook ពុំទាន់បានចុះឈ្មោះទេ ។ រីឯ Meta គឺជាក្រុមហ៊ុនមេរបស់ Facebook, WhatsApp និង Instagram ពុំបាននិយាយអ្វីទេពាក់ព័ន្ធនឹងការបិទបណ្តាញសង្គមនៅនេប៉ាល់ ។
.png)
តាមប្រភពដដែល គឺនេប៉ាល់បានទុកពេលឱ្យបណ្តាញសង្គមនានាគ្រប់គ្រាន់ហើយក្នុងការចុះឈ្មោះជាមួយរដ្ឋាភិបាលនេប៉ាល់ និងសំណូមពរជាច្រើនលើកឱ្យបណ្តាញសង្គមអនុវត្តតាមការកំណត់ ប៉ុន្តែពួកគេមិនអើពើ ទើបនេប៉ាល់បិទបណ្តាញសង្គម ។
គួរបញ្ជាក់ថា រដ្ឋាភិបាលប្រទេសជាច្រើននៅលើពិភពលោក ដូចជា ៖ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រេស៊ីល និងអូស្ត្រាលី បានចាប់ផ្តើមកំណត់វិធានការគ្រប់គ្រងបណ្តាញសង្គម និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗខ្លាំងជាងមុន ដើម្បីទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយ ការពារទិន្នន័យផ្ទាល់ខ្លួន សុវត្ថិភាពអនឡាញ និងសន្តិសុខ ៕










