បន្ទាប់ពីឈរតំណាងកម្ពុជានៅលើឆាកអន្តរជាតិបង្ហាញពីវប្បធម៌ខ្មែរដែលផ្ទុះការចាប់អារម្មណ៍ខ្លាំងកាលពីកន្លងមកនេះ ទេព បូព្រឹក្ស ត្រូវបានរដ្ឋមន្រ្តីក្រសួងវប្បធម៌ជូនប័ណ្ណសរសើរដល់តារាចម្រៀងរូបនេះរួមទាំង ជី ដេវីត និងក្រុមការងារ ដើម្បីជាការលើកទឹកចិត្តផងដែរ។
នៅថ្ងៃទី៥ ខែកញ្ញា តាមការឱ្យពីផេកផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបជាមួយតារាចម្រៀង ទេព បូព្រឹក្ស និងក្រុមការងារ ដើម្បីសម្តែងការគួរសម។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ ផ្តល់ជូនប័ណ្ណសរសើរដល់តារាចម្រៀង ទេព បូព្រឹក្ស និងក្រុមការងារ ដើម្បីជាការលើកទឹកចិត្តសម្រាប់ការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិនៅលើឆាកអន្តរជាតិក្នុងកម្មវិធីប្រគំតន្ត្រីនៃមហោស្រព «Round Festival »នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២០ ដល់២២ ខែមិថុនាឆ្នាំ២០២៥នាពេលកន្លងទៅនេះផងដែរ។
គួរឱ្យដឹងថាក្នុងសម្តែងមហោស្រព «Round Festival » ទេព បូព្រឹក្ស បានលើកយកបទចម្រៀងដូចជា «វីរៈនារី» «Drama Queen» រួមទាំងបទ «ទេវរាជ»។ ក្នុងការសម្តែងនេះគឺមាន
បង្ហាញទស្សនីយភាពរបាំអប្សរា ល្ខោនខោល ក្បាច់គុនល្បុក្កតោ ជាដើមចំណែកឯអ្នកចូលរួមទស្សនាស្រែកហ៊ោកោតស្ងប់ស្ញែងពីការសម្តែងរបស់ប្រទេសកម្ពុជាយ៉ាងខ្លាំង។ នៅពីក្រោយការរៀបចំសម្តែង ទេព បូព្រឹក្ស និងស្វាមីគឺតារាចម្រៀង ជី ដេវីត រួមទាំងក្រុមការងារពិតជាដុតដៃដុតជើងយ៉ាងខ្លាំងព្រោះតែមានពេលវេលាតិចតួចក្នុងការផ្លាស់ប្តូរសំលៀកបំពាក់ដើម្បីបង្ហាញពីបទ «ទេវរាជ»។ ឈរនៅលើឆាកអន្តរជាតិមានឱកាសបង្ហាញពីវប្បធម៌ខ្មែរនៅឯប្រទេសម៉ាឡេស៊ីក្រុមការងារដែលទៅចូលរួមជាមួយនឹងទេព បូព្រឹក្ស មានរហូតដល់ជាង៣០នាក់៕