បាងកក៖ ថៃកំពុងបារម្ភថាលោក ថាក់សុីន កំពុងព្យាយាមរត់គេចសារជាថ្មី ក្រោយអតីតនាយករដ្ឋមន្រ្តីថៃ ដែលកំពុងស្ថិតក្នុងការតាមដានរបស់តុលាការធម្មនុញ្ញរូបនេះ បានស្នើសុំធ្វើដំណើរចេញពីប្រទេសចំនួន 2ថ្ងៃ ដើម្បីទៅពិនិត្យសុខភាពនៅប្រទេសសឹង្ហបុរី ប៉ុន្តែបែរជាហួសទៅដល់ទីក្រុងឌូបៃ។ នេះបើយោងតាមសារព័ត៌មាន Khaosod។.jpg)
នាថ្ងៃសុក្រទី5 ខែកញ្ញា ឆ្នាំ2025 សារព័ត៌មានខាងលើនេះបានរាយការណ៍ថា យន្តហោះឯកជនរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានបង្វែរទិសពីដែនអាកាសភាគខាងត្បូងប្រទេសថៃ ឆ្ពោះទៅភាគខាងជើងកាត់តាមដែនអាកាសរបស់ម៉ាឡេស៊ី ហើយឥឡូវនេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ឌូបៃ ជាកន្លែងដែលគេដឹងថា គាត់មាននិវេសនដ្ឋាននៅទីនោះ។

គួរឲ្យដឹងថា លោកថាក់សុីន នៅមិនទាន់រួចផុតពីការកាត់ក្ដីរបស់តុលាការនៅឡើយទេ ដោយនៅថ្ងៃទី9 ខែកញ្ញា ខាងមុខគាត់ត្រូវបានកំណត់ឲ្យចូលសវនាការដើម្បីតុលាការបន្តវិនិច្ឆ័យក្ដី។ ប៉ុន្តែជាមួយនឹងការធ្វើដំណើរហួសទៅដល់ឌូបៃ ដែលផ្ទុយពីការស្នើសុំអនុញ្ញាតនេះគេមិនច្បាស់ទេថា លោក ថាក់ស៊ីននឹងត្រលប់ទៅប្រទេសថៃវិញ ដើម្បីប្រឈមមុខនឹងសាលក្រមរបស់តុលាការលើការឃុំខ្លួននៅមន្ទីរពេទ្យឬយ៉ាងណាឡើយ។

ក្រោយមានការចុះផ្សាយពីការធ្វើដំណើរហួសគោលដៅ និងចោ.ទប្រកាន់ថាកំពុងព្យាយាមរត់គេចដូចអ្វីដែលធ្លាប់ធ្វើកន្លងមក លោក ថាក់ស៊ីន តាមរយៈបណ្តាញសង្គម X បានចេញបកស្រាយថា នៅពេលលោកចាកចេញពីប្រទេសថៃ ដោយសារតែប៉ូលិសអន្តោប្រវេសន៍បានសាកសួរនាំអស់រយៈពេលជិត2ម៉ោង ធ្វើឱ្យយន្តហោះលោកមិនអាចចុះចតនៅចំណតសម្រាប់យន្តហោះឯកជនប្រទេសសិង្ហបុរី ដែលគេបិទម៉ោង10យប់។

អតីតនាយករដ្ឋមន្រ្តីថៃរូបនេះបញ្ជាក់ថា ក្រោយជួបបញ្ហាបែបនេះ លោកក៏សម្រេចចិត្តហោះទៅឌូបៃតែម្តង។ ហើយលោកបានបន្តអះអាងថា លោកនឹងវិលត្រឡប់មកថៃ ឱ្យបានមុនថ្ងៃទី៨ ខែកញ្ញា ដើម្បីចូលសវនាការថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥៕









