រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលបានពិនិត្យឃើញសារធាតុសកម្មនិងសារធាតុគីមីប្រើប្រាស់លើសកម្រិតស្តង់ដា នៅក្នុងផលិតផលអាហារបំប៉នសុខភាព និងគ្រឿងសម្អាងរបស់ក្រុមហ៊ុន Love Riya។ ក្រសួងបានប្រកាសឲ្យអ្នកចែកចាយ និងអ្នកប្រើប្រាស់ដែលមានផិតផលទាំងនេះនៅក្នុងដៃ ត្រូវបញ្ឈប់ការចែកចាយ និងប្រើប្រាស់វាជាបន្ទាន់។

ក្រោយឃា.ត់ខ្លួនថៅកែស្រីលក់អនឡាញដ៏ល្បី អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ក្រុមមន្ទីរសុខាភិបាលខេត្តកណ្ដាលនិងមន្រ្តីពាក់ព័ន្ធ បានស្រង់យកសំណាកផលិតផលបំប៉នសុខភាពចំនួន២មុខ និងគ្រឿងសម្អាងចំនួន ១២មុខ មកវិភាគគុណភាព។ ជាលទ្ធផល ផលិតផលបំប៉នសុខភាពទាំង២មុខ និងគ្រឿងសម្អាងចំនួន២មុខ ត្រូវបានគេរកឃើញថា មានការលួ.ចដាក់សារធាតុសកម្ម និងសារធាតុគីមីប្រើប្រាស់លើសកម្រិតស្តង់ដា ដែលមានហានិភ័យខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់ជាខ្លាំង។
យោងតាមលទ្ធផលវិភាគគុណភាពរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបង្ហាញថា៖ផលិតផលបំប៉នសុខភាពឈ្មោះ LOVE RIYA ថ្នាំលេបបាត់ជាំ ដែលគ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល មានលួចដាក់សារធាតុសកម្ម ឱសថ Tranexamic Acid។ សារធាតុ ឱសថ Tranexamic Acid ត្រូវបានគេប្រើប្រាស់ សម្រាប់ការឃាត់ឈាមក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត ឬគ្រូពេទ្យ។

គ្រឿងសម្អាងចំនួន ២មុខ គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលឈ្មោះ Loveriya Double White Body Lotion និង Loveriya ម្សៅលាបមុខព្យាបាលមុនសាច់ មុនអង្កាម មុនខ្ទុះ មុនផ្កាស្បូន ស្នាមជាំ មានផ្ទុកសារធាតុ គីមី Salicylic Acid និងបារត (Mercury) លើសកម្រិតស្តង់ដា ដែលបានកំណត់ក្នុងមគ្គទេសក៍ គ្រឿងសម្អាងអាស៊ាន។ សារធាតុគីមី Salicylic Acid លើសកម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាស្បែកស្ងួត រលាកស្បែក និងប្រតិកម្មអាល់ឡែស៊ីស្បែក។ សារធាតុគីមី បារត (Mercury) លើស កម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាខ្សោយតម្រងនោម មហារីកស្បែក និងប៉ះពាល់ប្រព័ន្ធ ប្រសាទ។

ដើម្បីចៀសវាងគ្រោះថ្នាក់ដែលអាចនឹងបង្កឡើងដោយសារធាតុទាំងនោះ ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការទិញ និងប្រើប្រាស់ផលិតផលទាំង៣មុខនេះជាបន្ទាន់។ លើសពីនេះ ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលបានចែកចាយ ឬលក់ផលិតផលទាំង៣ខាងលើ ឬផលិតផល បំប៉នសុខភាពគ្មានលេខបញ្ជីកា ឬគ្រឿងសម្អាងគ្មានលេខប្រវេទន៍ផ្សេងទៀត រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវ បញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលទាំងនេះជាបន្ទាន់ផងដែរ។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះជនណាដែលបន្តចែកចាយ ឬលក់ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជីកាខាងលើ ឬ ផលិតផលគ្មានលេខបញ្ជីកាផ្សេងទៀត ទៅតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕










