សម្រាប់អ្នកដែលធ្លាប់មានអាការៈពុលឡាន ទើបដឹងច្បាស់ថាវាពិបាកប៉ុណ្ណា ដែលមិនត្រឹមតែធ្វើឲ្យអ្នកពុលនៅមិនស្រណុកក្នុងខ្លួន ប៉ុណ្ណោះទេ សូម្បីតែអ្នកអង្គុយក្បែរ ឬអ្នកជិះឡានជាមួយក៏មានអារម្មណ៍មិនល្អដែរ។
អាការៈរបស់អ្នកពុលឡានមានដូចជា៖ ឈឺក្បាល វិលមុខ ក្អួតចង្អោរ អស់កម្លាំង និងត្រជាក់ចុងដៃចុងជើងជាដើម។ ប៉ុន្តែតើហេតុអ្វីបានជាអ្នកពុលឡាន? ហើយតើមានវិធីសាស្រ្តអ្វីដើម្បីបាត់ពុលឡាន?
តាមពិតទៅ ពុលឡានជាជំងឺមួយ ដែលកើតឡើងនៅពេលរាងកាយនិងខួរក្បាលខ្វែងគំនិតគ្នា រវាងចលនាដែលមើលឃើញដោយភ្នែកនិងអារម្មណ៍ចលនានៃប្រព័ន្ធ។
នៅពេលដែលអ្នកចូលទៅដល់ក្នុងឡាន អ្នកជិះឡាន អ្នកនឹងមានអារម្មណ៍មិនស្រួល ដូចជា ឈឺក្បាលវិលមុខ បែកញើស រកកល់ចង់ក្អួតភ្លៀម ប្រៀបដូចបរិភោគអ្វីខុសអញ្ចឹង។
អាការៈនេះស្តែងឡើង ដោយហេតុថា ព័ត៌មានដែលខួក្បាលបានទទួល និងព័ត៌មានដែលភ្នែកមើលឃើញ ត្រចៀកស្តាប់ឮ ហើយនិងរាងកាយដែលសាច់ដុំប៉ះពាល់មានសភាពមិនច្បាស់លាស់ច្របួកច្របល់ប្រឆាំងគ្នា និយាយឲ្យងាយយល់ គឺរាងកាយអ្នកបាត់លំនឹង ដែលបង្កទៅជាការភ័យព្រួយបារម្ភគិតច្រើន ទោះបីជាការគិតនោះធ្វើឡើយដោយមិនបានប្រឹង មិនបានដឹងខ្លួនក៏ដោយ ក៏អាការៈពុលឡានននេះបានស្តែងចេញឡើងមកដែរ។ បន្ថែមពីនេះ ក្លិនផ្សេងៗ បូករួមជាមួយកំដៅ សម្លេងម៉ាស៊ីនឡាន ក៏ជាកត្តាបន្ទាប់បន្សំនាំឲ្យពុលឡានផងដែរ ដូច្នេះបានជាអ្នកវិទ្យាសាស្ត្រ និងគ្រូពេទ្យមួយចំនួន គិតថា ការពុលឡាន មិនមែនជា ជម្ងឺនោះទេ។
យ៉ាងណាមិញ អាការៈពុលឡាន អាចកើតមានលើមនុស្សគ្រាប់គ្នាទាំងអស់ មិនថាក្មេងចាស់ប្រុសស្រី មិនថាអ្នកធ្លាប់ជិះឡានតាំងពីតូច រឺមិនធ្លាប់នោះទេ ក៏ប៉ុន្តែអ្នកជិះឡានពុលទូទៅ គឺភាគច្រើនកើតលើកុមារ និងស្រ្តីភេទ។
ទោះបីជាយើងដឹងច្បាស់ថា ការពុលឡាននេះបណ្តាលមកពីខួរក្បាលមិនអាចវិនិច្ឆ័យព័ត៌មានដែលមានលក្ខណៈប្រឆាំងគ្នាក៏ដោយ ក៏ការតាំងចិត្តតាំងកាយ តាំងអារម្មណ៍មិនអាចឲ្យយើងបញ្ចៀសផុតពីការពុលឡាននេះបានទេ។
ទោះជាយ៉ាងណា គេមានវិធីសាស្រ្តងាយៗ មួយចំនួន ដើម្បីជួយកុំឲ្យពុលឡាន ទាំងមុនពេល និងពេលកំពុងធ្វើដំណើរដូចខាងក្រោម៖
-កុំទុកឲ្យក្រពះទំនេរ គួរញ៉ាំឲ្យឆ្អែតមុនពេលចេញដំណើរ
-ការប្រើថ្នាំ មុនពេលចេញដំណើរ
– គួរឧស្សាហ៍ឈប់សម្រាកឲ្យបានច្រើនដង ប្រសិនបើធ្វើដំណើរផ្លូវឆ្ងាយ
-ជៀសវាងកុំមើលទេសភាព ឬមើលវត្ថុអ្វីដែលមានចលនានៅចំហៀងកញ្ចក់ឡាន
-ត្រូវផ្តោតភ្នែកមើលទៅមុខរថយន្ត សម្លឹងមើលជើងមេឃ
-ត្រូវបើកបង្អួច ដើម្បីឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់
-មិនគួស្ដាប់ចម្រៀងឮៗពេក តែបើអាចច្រៀងបានជាការល្អប្រសើរ
-និងចុងក្រោយមិនត្រូវបើកបរលឿនពេកទេ ជាពិសេស គឺពេលតម្លើងល្បឿន និងពេលបន្ថយល្បឿន៕