ប្រទេសថៃ ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មាននានារបស់ថៃរាយការណ៍ថា ក្រោយពីគណបក្សប្រជាជន (ឬគណបក្សប្រឆាំង) បានប្រជុំមន្ត្រីបក្សជាច្រើនលើក ដើម្បីពិភាក្សាតើគួរជ្រើសយកបេក្ខជននាយករដ្ឋមន្ត្រីថ្មីមកពីគណបក្សភឿថៃ (បក្សអាវក្រហម) ឬបេក្ខជនគណបក្សភូមិចៃចៃ ។ នៅទីបំផុត គណបក្សប្រជាជនបានសម្រេចជ្រើសយកលោក អនុថីន ឆាន់វីរៈគូន ប្រធានគណបក្សភូមិចៃថៃ ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី ទី៣២ ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌ គឺបង្កើតរដ្ឋធម្មនុញថ្មី និងរំលាយសភា ។.png)
នាវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី៣ ខែកញ្ញា លោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជន និងមន្ត្រីថ្នាក់ដឹកនាំបក្សបានប្រកាសពីគោលជំហររបស់គណបក្ស គឺជ្រើសយកលោក អនុថីន ឆាន់វីរៈគូន ប្រធានគណបក្សភូមិចៃថៃឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែគណបក្សភូមិចៃថៃត្រូវតែគោរពតាមលក្ខខណ្ឌមួយចំនួន ។
លក្ខខណ្ឌរបស់គណបក្សប្រជាជន គឺរដ្ឋាភិបាលថ្មីត្រូវរំលាយសភាក្នុងរយៈពេល៤ខែ គិតចាប់ពីថ្ងៃដែលគណបក្សភូមិចៃថៃថ្លែងគោលនយោបាយទៅកាន់រដ្ឋសភា ។ បើតុលាការធម្មនុញ្ញសម្រេចឱ្យធ្វើប្រជាមតិ គឺគណៈរដ្ឋមន្ត្រីថ្មីត្រូវធ្វើប្រជាមតិដើម្បីបង្កើតរដ្ឋធម្មនុញ្ញថ្មី ដែលមានសេចក្តីព្រាងរដ្ឋធម្មនុញ្ញកើតឡើងពីការបោះឆ្នោតក្នុងរយៈពេលមិនលើសពីថ្ងៃបោះឆ្នោតសកល ។
បើតុលាការធម្មនុញ្ញយល់ឃើញថា ពុំចាំបាច់ធ្វើប្រជាមតិមុនពេលធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា២៥៦ នៃគណៈរដ្ឋមន្ត្រីថ្មី គឺគណបក្សប្រជាជន និងគណបក្សភូមិចៃថៃ ត្រូវសហការគ្នាជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបន្ថែមដើម្បីបង្កើតរដ្ឋធម្មនុញ្ញថ្មី និងត្រូវបញ្ចប់តាមរយៈពេលកំណត់ ដើម្បីធានាថា នាយករដ្ឋមន្ត្រីថ្មីនឹងរំលាយសភាក្នុងរយៈពេល៤ខែ ។ ក្រៅពីនេះ គណបក្សភូមិចៃថៃត្រូវចាត់វិធានការផ្សេងៗដើម្បីបង្កើតរដ្ឋាភិបាលក្នុងសំឡេងភាគច្រើន ។
គណបក្សប្រជាជននឹងបន្តធ្វើជាគណបក្សប្រឆាំង បើទោះជាបានគាំទ្រលោក អនុថីន ឆាន់វីរៈគូន កាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីក្តី ។ ការសម្រេចចិត្តរបស់គណបក្សប្រជាជន គឺជាការបោះជំហ៊ានយ៉ាងសំខាន់ក្នុងការដោះស្រាយស្ថានការណ៍នយោបាយបច្ចុប្បន្ន និងបើកផ្លូវសម្រាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីដែលមហាជនកំពុងចាប់អារម្មណ៍ ។
.jpg)
ក្រោយគណបក្សប្រជាជនប្រកាសពីគោលជំហររបស់ខ្លួន លោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បន្ទាប់មក មន្ត្រីតំណាងគណបក្សភូមិចៃថៃបានធ្វើដំណើរមកទទួលយកកិច្ចព្រមព្រៀងនេះ ។ រីឯលោក អនុថីន ឆាន់វីរៈគូន ក្រោយពីទទួលដំណឹងគណបក្សប្រជាជនជ្រើសយកលោកកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី លោកបានបង្ហាញក្តីរីករាយ អរគុណគណបក្សប្រជាជន ហើយលោកព្រមទទួលយកលក្ខខណ្ឌទាំងអស់ ៕










