ប្រទេសថៃ ៖ ពេលចូលរួមកម្មវិធី «ទស្សនវិស័យគោលការណ៍ព្រះធម៌ និងយុទ្ធសាស្ត្រការពារព្រំដែន» នៅសាកលវិទ្យាល័យ Thammasat Tha Phra Chan នៅទីក្រុងបាងកក លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ និយាយថា មិនយូរទេ កម្ពុជា-ថៃនឹងបញ្ចប់ជម្លោះ ប៉ុន្តែអាស្រ័យលើការតាំងចិត្តរបស់មេដឹកនាំកម្ពុជា ។ ស្ថានការណ៍នឹងប្រក្រតីឡើងវិញ បើមេដឹកនាំកម្ពុជាបញ្ចប់ជម្លោះជាមួយថៃជារៀងរហូត ដោយឱ្យលោកឱបជាមួយមេបញ្ជាការកងទ័ពខ្មែរ និងធ្វើឱ្យពលរដ្ឋប្រទេសទាំងពីរស្រឡាញ់គ្នា ។
លោកត្រៀមខ្លួនថើបមាត់ និងឱបមេបញ្ជាការកងទ័ពខ្មែរ ប្រសិនបើកម្ពុជាតាំងចិត្តបញ្ចប់ជម្លោះជាមួយថៃជារៀងរហូត ប៉ុន្តែលោកជឿថា ស្ថានការណ៍នឹងត្រឡប់មកប្រក្រតីឡើងវិញឆាប់ៗ ការបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរអាស្រ័យលើពេលវេលា ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ។
ក្រៅពីនេះ លោកនឹងពុំដឹកនាំកងទ័ពធ្វើរដ្ឋប្រហារបណ្តេញរដ្ឋាភិបាលទេក្រោយចូលនិវត្តន៍ គឺបណ្តោយឱ្យនយោបាយប្រទេសជាតិផ្អែកតាមយន្តការ ហើយលោកក៏ឈប់ប្រឡូកក្នុងនយោបាយដែរ ។ រីឯនាយករដ្ឋមន្ត្រីថ្មីរបស់ថៃនឹងអាចដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាបានឬអត់នោះ គឺជារឿងនយោបាយ ក្នុងឋានៈលោកជាកងទ័ពពុំចង់បញ្ចេញយោបល់ពីរឿងនេះទេ កងទ័ពបំពេញតួនាទីរបស់កងទ័ព គឺគ្រប់គ្រាន់ហើយ ។
លោក ប៊ុនស៊ីន មេបញ្ជាការយោធភូមិភាគ២ អាចទៅនឹងរកកន្លែងប្រតិបត្តិធម៌ក្រោយពេលចូលនិវត្តន៍ ប៉ុន្តែពុំដឹងថាបានប្រតិបត្តិធម៌ឬក៏អត់ ។ លោកនឹងរង់ចាំមើលភាពត្រឹមត្រូវរបស់ប្រទេសជាតិ ដោយសារបេះដូងនៅជាមួយពលរដ្ឋថៃ ហើយលោកនឹងក្លាយជាពលរដ្ឋសាមញ្ញម្នាក់ ។ បើទោះជាចូលនិវត្តន៍ពីការងារកងទ័ពក្តី ប៉ុន្តែលោកនឹងជួយការងារពលរដ្ឋតាមដែលអាចជួយបាន ។
គួរបញ្ជាក់ថា លោក ប៊ុនស៊ីន នឹងចូលនិវត្តន៍ពីការងារកងទ័ពនៅ ថ្ងៃទី៣០ ខែកញ្ញា នេះ ក្រោយពីលោកក្លាយជាបុគ្គលមានប្រជាប្រិយភាព ទទួលបានការលើកតម្កើងពីពលរដ្ឋ ដោយសារដឹកនាំកងទ័ពថៃឈ្លានពាន និងលាបពណ៌កម្ពុជារហូតមក ។ ពលរដ្ឋថៃចង់ឱ្យលោក ប៊ុនស៊ីន កាន់តំណែងជាមេបញ្ជាការយោធភូមិភាគ២បន្តទៀត ប៉ុន្តែត្រូវបានលោក ប៊ុនថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីបដិសេធ ពីព្រោះខុសពីប្រព័ន្ធការងារនៅប្រទេសថៃ និងមានមេបញ្ជាការកងទ័ពផ្សេងទៀតនឹងឡើងកាន់តំណែងជំនួសលោក ៕










