ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thai PBS កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា លោក វីរៈយុទ្ធ រ៉ាក់ស៊ីន បច្ចុប្បន្នជាមេបញ្ជាការរងយោធភូមិភាគ២ នឹងឡើងកាន់តំណែងជាមេបញ្ជាការយោធភូមិភាគ២ ជំនួសលោក ប៊ុនស៊ីន ផាកក្លាង ដែលនឹងចូលនិវត្តន៍ពីការងារ នៅថ្ងៃទី៣០ ខែកញ្ញានេះ ។ លោក វីរៈយុទ្ធ បានចូលរួមភារកិច្ចជាមួយកងទ័ពថៃឈ្លានពានកម្ពុជានៅសមរភូមិមុខកាលពីខែកក្កដា នឹងគ្រប់គ្រងកងទ័ពភូមិភាគ២ ចាប់ពីថ្ងៃទី១ ខែតុលា ។.png)
លោក វីរៈយុទ្ធ រ៉ាក់ស៊ីន នឹងឡើងកាន់តំណែងជាមេបញ្ជាការយោធភូមិភាគ២ ជំនួសលោក ប៊ុនស៊ីន ផាកក្លាង ពុំមែនជាការផ្លាស់ប្តូរមេបញ្ជាការកងទ័ពភ្លាមៗទេ ប៉ុន្តែ ដោយសារអតីតមេបញ្ជាការកងទ័ពជាច្រើនពេញចិត្តនឹងការបំពេញការងាររបស់លោក វីរៈយុទ្ធ ។ អតីតមេបញ្ជាការយោធភូមិភាគ២ ជាច្រើននាក់ទទួលស្គាល់ថា លោក វីរៈយុទ្ធ គឺជាមេបញ្ជាការកងទ័ពល្អ មិនខុសគ្នាពីលោក ប៊ុនស៊ីន ។
.png)
លោក វីរៈយុទ្ធ បានទទួលតំណែងជាមេបញ្ជាការយោធភូមិភាគ២ ជំនួសលោក ប៊ុនស៊ីន ដោយសារធ្លាប់ធ្វើការរួមគ្នាជាមួយលោក ប៊ុនស៊ីន រហូតមក ។ កាលពីឆ្នាំ២០២១ លោកកាន់តំណែងជាមេបញ្ជាការកងពលធំថ្មើរជើងលេខ៦ និងជាមេបញ្ជាការកងកម្លាំងស៊ុណារី ដែលគ្រប់គ្រងភារកិច្ចនៅព្រំដែនកម្ពុជា-ថៃ បន្ទាប់មក លោកក៏តំណែងជាមេបញ្ជាការរងយោធភូមិភាគ២ ដោយសារស្គាល់ភូមិសាស្ត្រក្នុងខេត្តភាគឦសាន ។

ពេលសង្គ្រាមរវាងកម្ពុជា-ថៃ ដែលបង្កឡើងដោយសារកងទ័ពថៃបាញ់ប្រហារមុនមកលើកងទ័ពខ្មែរ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា លោក វីរៈយុទ្ធ បានចូលរួមជាមួយកងទ័ពថៃឈ្លានពានកម្ពុជានៅសមរភូមិមុខ ។ ក្រៅពីនេះ លោកបានឱ្យធ្វើជាតំណាងកងទ័ពភូមិភាគ២ ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) នៅរាជធានីភ្នំពេញ, កិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ។
កាលពីចុងខែកក្កដា លោក វីរៈយុទ្ធ បានដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៨ប្រទេស ចុះពិនិត្យមើលការខូចខាតក្នុងខេត្តនានាដែលថៃចោទប្រកាន់ថា បង្កឡើងដោយកងទ័ពខ្មែរ ។ ចាប់ពីថ្ងៃទី១ ខែតុលា តទៅ លោកនឹងគ្រប់គ្រងកងទ័ពភូមិភាគ២ ជាពិសេស គ្រប់គ្រងតំបន់ឦសានដែលមានជម្លោះជាមួយកម្ពុជាពុំទាន់បញ្ចប់ ។
ចំណែកលោក ប៊ុនស៊ីន នឹងចូលនិវត្តន៍ពីការងារ នៅថ្ងៃទី៣០ ខែកញ្ញា នេះ ក្រោយពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋថៃ ដោយសារចេញមុខធ្វើសង្គ្រាមឈ្លានពានកម្ពុជា និងជាបុគ្គលបង្កជម្លោះព្រំដែនមិនឈប់ឈរ ៕










