ប្រទេសថៃ ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីបានចុះហត្ថលេខាអនុញ្ញាតឱ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃដំណើរការបន្តទៀតដើម្បីដោះស្រាយជម្លោះព្រំដែន ប្រសិនបើស្ថានការណ៍ព្រំដែនត្រឡប់មកប្រក្រតីវិញ មជ្ឈមណ្ឌលនេះត្រូវរាយការណ៍មកកាន់រដ្ឋាភិបាលឱ្យបានជ្រាបដើម្បីរដ្ឋាភិបាលបិទមជ្ឈមណ្ឌល ។

កន្លងមក រដ្ឋាភិបាលថៃបានប្រកាសបិទមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ហាញថា ថៃចង់បានសន្តិភាព និងបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជាឆាប់ៗ ប៉ុន្តែដោយសារកងទ័ពថៃប្រឌិតរឿងកងទ័ពជាន់មីនជាបន្តបន្ទាប់នៅតំបន់ព្រំដែន និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ទើបរដ្ឋាភិបាលថៃសម្រេចចិត្តដំណើរការមជ្ឈមណ្ឌលនេះបន្តទៀត រហូតដល់ស្ថានការណ៍ត្រឡប់មកប្រក្រតីវិញ ។
លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីបានចុះហត្ថលេខាកាលពីថ្ងៃទី៣១ ខែសីហា អនុញ្ញាតឱ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃដំណើរការបន្តទៀត ដើម្បីបំពេញការងារពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែន និងដោះស្រាយបញ្ហាតានតឹងដែលកើតឡើងតាមបណ្តោយព្រំដែនជាមួយកម្ពុជាក្នុងនាមប្រទេសជាមិត្ត ដោយ ប្រទេសទាំងពីរនឹងស្វែងរកសន្តិភាពតាមយន្តការទ្វេភាគី គោរពគ្នាទៅវិញទៅមក ការពារអធិបតេយ្យ និងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ។ រីឯលោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ គឺជានាយកមជ្ឈមណ្ឌល ។
មជ្ឈមណ្ឌលនេះមានតួនាទី និងអំណាច ដូចជា ៖ តាមដាន ត្រួតពិនិត្យ វាយតម្លៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ រាយការណ៍ពីលទ្ធផលអនុវត្តការងារ និងគ្រប់គ្រងស្ថានការណ៍ព្រំដែនទៅកាន់ក្រុមប្រឹក្សាសន្តិសុខជាតិ, នាយករដ្ឋមន្ត្រី ឬគណៈរដ្ឋមន្ត្រី ដើម្បីឱ្យថ្នាក់លើជ្រាប ។ មជ្ឈមណ្ឌលនឹងដោះស្រាយស្ថានការណ៍តានតឹងដែលកើតឡើងដើម្បីឱ្យស្ថានការណ៍ត្រឡប់មកប្រក្រតីវិញ ដោយកម្ពុជា-ថៃប្រកាន់យកការគោរពឯករាជ្យ និងអធិបតេយ្យទៅវិញទៅមក ហើយថៃពុំចង់ឱ្យមានការអន្តរាគមន៍ពីប្រទេសផ្សេង ឬអង្គការអន្តរជាតិ ។
នៅពេលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃត្រឡប់មកប្រក្រតីវិញ នាយកមជ្ឈមណ្ឌល (គឺលោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ) ត្រូវជូនដំណឹងទៅកាន់រដ្ឋាភិបាលឱ្យបានជ្រាប ដើម្បីរដ្ឋាភិបាលបិទមជ្ឈមណ្ឌលនេះ ។
.png)
គួរបញ្ជាក់ថា លោក ភូមិថាំ វីឆាយ៉ាឆៃ បានចូលរួមប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ចាប់ពីថ្ងៃទី១៣-១៤ ខែសីហា កន្លងមក ដើម្បីពិចារណាបិទមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយសារមើលឃើញស្ថានការណ៍ស្ងប់ស្ងាត់ និងមានតែការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុណ្ណោះនៅប្រទេសថៃ ក្នុងគោលបំណងបង្កើតភាពវឹកវរពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែន ។
.png)
គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលនេះ គឺផ្សព្វផ្សាយព័ត៌មានពីជម្លោះព្រំដែនទៅកាន់ពលរដ្ឋ ដែលមជ្ឈមណ្ឌលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ។ មជ្ឈមណ្ឌលធ្វើការងារផ្តោតសំខាន់លើផលប្រយោជន៍ខ្លាំងបំផុតរបស់ពលរដ្ឋ និងប្រទេសជាតិ ៕










