ប្រទេសថៃ ៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាផុង ណាកផានិច បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ថា ទោះបីជារដ្ឋាភិបាលរង្គោះរង្គើ ប៉ុន្តែមិនប៉ះពាល់ដល់ការការពារប្រទេសរបស់កងទ័ពទេ កងទ័ពនៅតែមានអំណាចពេញលេញ ។ កងទ័ពនឹងរង់ចាំភាពច្បាស់លាស់ពីរដ្ឋាភិបាលរឿងការកំណត់គោលនយោបាយទំនាក់ទំនងអន្តរជាតិ ។
ការលើកឡើងបែបនេះក្រោយពីតុលាការធម្មនុញ្ញថៃបានដកតំណែងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ជាផ្លូវការ ក្រោយរកឃើញទោសខុសក្រមសីលធម៌រដ្ឋធម្មនុញ្ញក្នុងសារសំឡេងបែកធ្លាយរវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលធ្វើឱ្យគណបក្សនយោបាយនានាប្រជែងដណ្តើមយកតំណែងនាយករដ្ឋមន្ត្រីជាមួយគណបក្សកាន់អំណាចបច្ចុប្បន្ន ។
នៅថ្ងៃទី៣០ ខែសីហា នៅវិមានរដ្ឋាភិបាល លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបានផ្តល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មានពីការការពារជាតិរបស់កងទ័ពក្នុងអំឡុងពេលរដ្ឋាភិបាលរង្គោះរង្គើថា នឹងមិនប៉ះពាល់ដល់ការការពារប្រទេសទេ ដោយសារបទបញ្ជារបស់ក្រសួងការពារជាតិបានផ្តល់សិទ្ធិអំណាចដល់កងទ័ពទាក់ទងនឹងច្បាប់ប្រើប្រាស់កម្លាំង ដូច្នេះ គ្មានបញ្ហាអ្វីឡើយ ។

ប៉ុន្តែក្រសួងការពារជាតិត្រូវរង់ចាំការពិភាក្សាក្នុងកិច្ចប្រជុំម្តងទៀត រីឯភារកិច្ចការពារប្រទេស ឬអធិបតេយ្យ គឺពលរដ្ឋពុំចាំបាច់បារម្ភ ពីព្រោះមេបញ្ជាការកងទ័ព និងមេបញ្ជាការយោធភូមិភាគបានទទួលអំណាចរួចហើយថា តើនៅតំបន់ណាកើតហេតុការណ៍អ្វីខ្លះ និងអាចធ្វើអ្វីបានខ្លះ ។ មេបញ្ជាការកងទ័ពអាចសម្រេចចិត្តបាន ខណៈគោលនយោបាយការពារប្រទេសពុំទាន់ផ្លាស់ប្តូរ ។
ក្នុងអំឡុងពេលរដ្ឋាភិបាលថៃពុំទាន់មាននាយករដ្ឋមន្ត្រីថ្មី គឺកងទ័ពត្រៀមខ្លួនការពារអធិបតេយ្យជានិច្ចមិនឱ្យមានការល្មើសពីប្រទេសជិតខាង ។ ដូច្នេះ ពលរដ្ឋពុំចាំបាច់បារម្ភពីរឿងនេះ ប៉ុន្តែកងទ័ពនឹងរង់ចាំភាពច្បាស់លាស់ពីរដ្ឋាភិបាលរឿងការកំណត់គោលនយោបាយទំនាក់ទំនងអន្តរជាតិ ។ នេះបើតាមការលើកឡើងរបស់លោក ណាត់ថាផុង អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ។

គួរបញ្ជាក់ថា ក្រោយពីលោកស្រី ផេថងថាន ធ្លាក់ពីតំណែង ពេលនេះ គណបក្សភូមិចៃថៃបានជំរុញឱ្យបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន និងគាំទ្រលោក អនុថីន ឆាន់វីៈគូន ជាប្រធានគណបក្សភូមិចៃថៃកាន់តំណែងនាយករដ្ឋមន្ត្រីថ្មី ដោយរង់ចាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងលក្ខខណ្ឌជាមួយគណបក្សប្រជាជន (ឬគណបក្សប្រឆាំង) ជាលាយលក្ខណ៍អក្សរ ។

សំឡេងគាំទ្ររបស់សមាជិកសភាឱ្យលោក អនុថីន ឆាន់វីៈគូន ប្រធានគណបក្សភូមិចៃថៃ កាន់តំណែងនាយករដ្ឋមន្ត្រី គឺស្មើរហូតដល់២៨៣សំឡេង ។ រីឯគណបក្សភឿថៃ ដែលកាន់អំណាចបច្ចុប្បន្ន កំពុងប្រឈមនឹងប្រជាប្រិយភាពធ្លាក់ចុះ និងខ្វះទំនុកចិត្តពីពលរដ្ឋ ហើយគណបក្សភឿថៃពុំឯកភាពឱ្យមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីទេ ។ លោក ភូមិថាំ វីឆាយ៉ាឆៃ ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីនិយាយថា លោក អនុថីន ឆាន់វីៈគូន កំពុងសុបិនទាំងថ្ងៃចង់ធ្វើនាយករដ្ឋមន្ត្រី ៕










