(ភ្នំពេញ)៖ របស់កូពីថយចេញឲ្យឆ្ងាយ! ប្រាសាទអង្គរវត្តរបស់កម្ពុជា ទទួលបានការចាត់ថ្នាក់កំពូលលើគេបង្អស់ក្នុងចំណោមគោលដៅទេសចរណ៍ជាច្រើនផ្សេងទៀតនៅទ្វីអាសុី ថាជាទីកន្លែងដែលមានភាពទាក់ទាញខ្លាំងបំផុតប្រចាំឆ្នាំ២០២៥។ នេះបើតាមការបង្ហាញរបស់គេហទំព័រ Tripadvisor ។
តាមរការស្ទង់មតិរយៈពេល១២ខែ នៅលើគេហទំព័រ Tripadvisor ដែលជាកម្មវិធីរៀបចំដំណើរកម្សាន្តដ៏ពេញនិយមមួយ និងមានការទទួលស្គាល់ដោយភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោកបានបង្ហាញរបាយការណ៍សម្រាប់ឆ្នាំ២០២៥នេះថា ប្រាសាទអង្គរវត្ត ដែលស្ថិតនៅខេត្តសៀមរាប ប្រទេសកម្ពុជា ទទួលបានការវាយតម្លៃខ្ពស់ពីភ្ញៀវទេសចរបរទេស ថាគឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញជាងគេបំផុតប្រចាំនៅតំបន់អាសុី។

ទិន្នន័យខាងលើនេះបានរៀបរាប់ថា៖ ប្រាសាទអង្គរវត្តគឺជាអច្ឆរិយៈវត្ថុរបស់ពិភពលោក ហើយវាមិនពិបាកក្នុងការយល់ទេថា ហេតុអ្វីបានជាគេចាត់ទុកវាដូច្នេះ។ សូមទៅទស្សនានៅតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូមួយនេះ ដើម្បីស្វែងយល់ពីស្ថាបត្យកម្មដែលគួរឲ្យកោតសរសើរ និងចម្លាក់ដ៏ល្អឥតខ្ចោះរបស់វា។ មនុស្សជាច្រើននិយមមកទីនេះនៅពេលថ្ងៃរះ ដូច្នេះត្រូវប្រាកដថាអ្នកបានកំណត់ម៉ោងរោទិ៍របស់អ្នកឲ្យច្បាស់លាស់ ដើម្បីចាប់ទីតាំងល្អមួយក្នុងការទស្សនាទិដ្ឋភាពដ៏អស្ចារ្យ។ 
គេហទំព័រនេះក៏បានគូសបញ្ជាក់ចំពោះភ្ញៀវទេសចរបរទេសទូទាំងពិភពលោកដែលមានបំណងចង់មកកម្សាន្ដនៅទីនេះដែរថា៖ ដំណើរកម្សាន្តរបស់អ្នកនឹងកាន់តែមានប្រយោជន៍ ប្រសិនបើអ្នកមានមគ្គុទេសន៍ណែនាំទៅជាមួយ ព្រោះអ្នកនឹងអាចឮពីរឿងរ៉ាវ និងលក្ខណៈពិសេសដែលនៅពីក្រោយកន្លែងដ៏អស្ចារ្យមួយនេះ។
ប្រាសាទដ៏អស្ចារ្យមួយនេះ ត្រូវបានចាត់ទុកជាទីសាសនដ្ឋានធំជាងគេបំផុតនៅលើពិភពលោក ដែលបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោកឱ្យមកទស្សនាជាហូរហែជាប់ឥតដាច់ និងមិនមានស្ថាបត្យកម្មប្រាសាទនៅតំបន់អាសុីណាមួយអាចមកផ្ទឹមជាមួយបានឡើយ។
គួរជម្រាបថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ទទួលបានចំណូលប្រមាណ ២៨ ៦៤៣ ៤០៧ ដុល្លារ ពីមានភ្ញៀវទេសចរបរទេសជាង ៦១ម៉ឺននាក់ កើនឡើង៥.៣៩%។ នេះបើតាមរបាយការណ៍ចុងក្រោយដែលបញ្ជាក់ដោយគ្រឹះស្ថានអង្គរ។.png)
ជាមួយគ្នានេះ ស្របពេលដែលព្រឹត្តិការណ៍សមរាត្រីអង្គរ ឬបាតុភូតថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរ ដែលអាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែកញ្ញាខាងមុខនេះ គេរំពឹងថានឹងមានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកចូលរួមច្រើនកុះករ បើទោះជាស្ថិតក្នុងរដូវបៃតងដែលជាទូទៅពុំសូវមានភ្ញៀវទេសចរក៏ដោយ។ ការណ៍នេះ នឹងជំរុញឲ្យវិស័យទេសចរណ៍នៅកម្ពុជា កាន់តែមានសន្ទុះកើនឡើងជាលំដាប់ ព្រមទាំងអាចជួយសម្រួលដល់សេដ្ឋកិច្ចនៅក្នុងប្រទេសបានមួយផ្នែកធំផងដែរ៕










