(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ គណៈកម្មការអនុសញ្ញាអូតាវ៉ា បានទទួលយកការបំភ្លឺរបស់កម្ពុជា ដែលបានច្រានចោលការចោ.ទប្រកាន់របស់ថៃ ដែលបានចោទកម្ពុជាថាដាក់មីនថ្មីបង្កឲ្យទាហានថៃជាន់ផ្ទុះរងរបួសដា.ច់ជើង។
បើតាម ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា គណៈកម្មការអនុសញ្ញាអូតាវ៉ា បានកត់សម្គាល់ការឆ្លើយតបរបស់កម្ពុជា ដោយបានច្រានចោលការចោទប្រកាន់របស់ថៃ លើការដាក់មីនថ្មី និងលើកទឹកចិត្តដល់កម្ពុជា និងថៃ បន្តកិច្ចសន្ទនា កាត់បន្ថយភាពតានតឹង ប្រកាន់ខ្ជាប់ នូវបទឈប់បាញ់ និងបន្តជំរុញសកម្មភាពមីនមនុស្សធម៌ ។

ទន្ទឹមនឹងការបដិសេធការចោ.ទប្រកាន់របស់ថៃ កម្ពុជាបានប្រើមធ្យោបាយការទូតទៅកាន់ប្រធានអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្សតែម្ដងដើម្បីបញ្ជាក់ពីជំហររបស់ខ្លួន ទាំងការដាក់លិខិតទៅផ្ទាល់ និងប្រជុំបកស្រាយនៅថ្ងៃទី២១ ខែសីហា ដោយកម្ពុជាបានច្រានចោលការចោទប្រកាន់របស់ថៃ ដោយបានហៅការចោ.ទប្រកាន់នោះថាគ្មានមូលដ្ឋាន ក្រោមហេតុផលនយោបាយ ហើយខ្វះនូវសំអាងដែលមិនអាចទុកចិត្តបាន និងជាការប៉ុនប៉ងបង្ខូចកម្ពុជា។

ឯកឧត្តម ជុំ សុន្ទរី ក៏បានលើកឡើងពីសម្អាង ដែលអង្គការដោះមីនអន្តរជាតិ ដូចជា APOPO និង HALO TRUST បានអះអាងពីគ្រាប់មីនទាំងនោះថា ជាមីនចាស់ចំពោះសមាជិកអនុសញ្ញាអូតាវ៉ា និងបានធ្វើការគូសបញ្ជាក់ថា ៖ «សូមជម្រាបផងដែរថា ប្រធានអនុសញ្ញាអូតាវ៉ា ហើយនឹងសមាជិក បានធ្វើការកត់ត្រា នូវការបំភ្លឺរបស់កម្ពុជា ហើយក៏បានទទួលស្គាល់ នូវការរួមចំណែកដ៏យូរអង្វែងរបស់កម្ពុជា ក្នុងសកម្មភាពមីន» ។

ជាមួយគ្នានោះ កម្ពុជាក៏បានអះអាចជាថ្មីពីការគោរពអនុសញ្ញាអូតាវ៉ា ហើយកម្ពុជាមិនដែលដាក់មីនថ្មីនោះទេ ចាប់តាំងពីពេល ដែលខ្លួនក្លាយជាសមាជិកអនុសញ្ញាអូតាវ៉ា នៅឆ្នាំ២០០០មក ផងដែរ ។

បន្ទាប់ពីដើរល្បាតជាន់មីនដាច់ជើងជាបន្តបន្ទាប់ ថៃបានទម្លាក់កំហុសពីការដាច់ជើងរបស់ទាហានខ្លួន ថាជាន់មីនដែលទាហានកម្ពុជាលួចចូលដាក់ក្នុងដីថៃ រហូតបង្កើតរូបភាពជាច្រើន ដើម្បីចោទប្រកាន់កម្ពុជាផងដែរ។ ទោះជាយ៉ាងណា កម្ពុជាបានធ្វើការបដិសេធជាបន្តបន្ទាប់ ចំពោះការចោទប្រកាន់ទាំងនេះ ៕









