តារាពហុជំនាញ ខាត់ សុឃីម បានដាស់តឿនស្មារតីកូនខ្មែរកុំពហិការបានតែមាត់ ត្រូវងាកមកជួយគាំទ្រផលិតក្នុងស្រុកព្រោះវាជាការរួមចំណែកជួយជាតិ។ យ៉ាងណា អ្នកនាង ខាត់ សុឃីម ថាខ្លួនមិនអាចកំណត់ឱ្យក្មេងៗពហិការតាមគ្រប់យ៉ាងនោះទេ ប៉ុន្តែកុំបានតែមួយចម្អិនកំពឹសហើយធ្វើឱ្យជាតិសាសន៍គេដឹងពីចរិតរបស់យើងគេមើលងាយយ៉ាងណាក៏មិនចាំ។

អ្នកនាង ខាត់ សុឃីម បានចែករំលែកវីដេអូមួយនៅលើបណ្តាញសង្គមនាថ្ងៃទី២៣ សីហា ក្នុងអំឡុងពេលចូលរួមកម្មវិធីផតខាស់។ វីដេអូដែលតារាពហុជំនាញរូបនេះបានបង្ហោះគឺជាការចូលរួមដាស់ស្មារតីកូនខ្មែរ ស្របពេលមានការពហិការទំនិញរបស់ប្រទេសជិតខាង។ អ្នកនាង ខាត់ សុឃីម បាននិយាយថា កុំពហិការបានតែមាត់ ប្រសិនជាកំណត់ខ្លួនឯងបានប៉ុណ្ណឹងត្រូវតែធ្វើខ្លួនឯងឱ្យរឹងមាំដូចជាការនិយាយ។ អ្នកនាង ក៏បានលើកឧទាហរណ៍ថា ជាខ្មែរដាច់ខាតគឺត្រូវសរសេរអក្សរខ្មែរ និយាយខ្មែរ កុំយកភាសាអង់គ្លេសមកសរសេរជាស៊ីងខ្មែរហើយក្មេងជំនាន់ក្រោយគឺភ្លេចខ្លួនត្រង់ចំណុចនេះ។

តារាស្រីរូបនេះបានបន្តទៀតថា បើពលរដ្ឋខ្មែរពហិការមិនប្រើរបស់គេ ប្រើតែរបស់ក្នុងស្រុកគឺជាការជួយខ្មែរមួយចំណែក ជួយជាតិមួយចំណែក។ ក្នុងនោះដែរអ្នកនាង ខាត់ សុឃីម ថាខ្លួនមិនអាចកំណត់ឱ្យក្មេងៗត្រូវតែតាមខ្លួនគ្រប់យ៉ាង ត្រូវពហិការគ្រប់យ៉ាងនោះទេប៉ុន្តែកុំបានតែមួយចម្អិនកំពឹស នោះជាតិសាសន៍គេដឹងពីចរិតរបស់ពួកយើងបានតែមួយភ្លាតៗ។.png)
តារាចម្រៀង ខាត់ សុឃីម បានបន្ថែមទៀតថា ការចូលរួមបានតែមួយភ្លាតហើយទៅរកគេវិញធ្វើឱ្យគេមើលងាយ គេធ្វើអ្វីដាក់ក៏ដោយក៏មិនចាំ។ ក្នុងនោះដែរអ្នកនាងចង់ឱ្យខ្មែរគិតថាយើងនៅទីតាំងមួយកុំគិតថានៅទីតាំងគេបានរស់បាន ហើយការនៅទីតាំងខ្លួនឯងគឺផ្តល់កិត្តិយស សុខសុវត្ថិភាព ជាចំណុចមួយត្រូវធ្វើឱ្យបានក្នុងពេលនេះ ខណៈមានស្មារតីជាតិនិយមតែមិនជ្រុលនិយម៕










