ប្រទេសថៃ ៖ តាំងពីរដ្ឋាភិបាលថៃប្រគល់អំណាចឱ្យកងទ័ពបិទព្រំដែនកម្ពុជា-ថៃកន្លងមក ធ្វើឱ្យផលប៉ះពាល់ផ្សេងៗធ្លាក់មកលើពលរដ្ឋថៃខ្លួនឯង ដូចជា ៖ បាត់បង់ប្រាក់ចំណូល គ្មានការងារ អាជីវកម្មបិទទ្វារ ទំនិញគ្មានទីផ្សារ តម្លៃបន្លែ ផ្លែឈើធ្លាក់ចុះថោក ព្រមទាំងប៉ះពាល់ដល់សណ្ឋាគារដោយសារគ្មានភ្ញៀវទេសចរ ។ បច្ចុប្បន្ន ក្រុមរថយន្តឈ្នួលនៅខេត្តសុរិន្ទ គ្មានចំណូលសម្រាប់បង់រំលោះរថយន្ត និងអង្វររដ្ឋាភិបាលថៃបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជាឆាប់ៗ ពីព្រោះពលរដ្ឋកំពុងជិតដាច់ពោះស្លា.ប់ ។

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ក្រុមរថយន្តឈ្នួលថៃនៅព្រំដែនបានត្អូញត្អែរគ្មានប្រាក់បង់រំលោះរថយន្ត និងអង្វរឱ្យរដ្ឋាភិបាលជួយពន្យារពេលបង់រំលោះ ពីព្រោះពលរដ្ឋនៅព្រំដែនពុំអាចប្រកបមុខរបរអ្វីបាន ។ ក្រៅពីនេះ ក៏បានអង្វររដ្ឋាភិបាលបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជាឆាប់ៗ បើមិនចង់ឱ្យពលរដ្ឋនៅព្រំដែនដាច់ពោះស្លាប់ ។

ក្រុមរថយន្តឈ្នួលជាច្រើនបានបើករថយន្តទៅចតនៅទីធ្លាមួយកន្លែងក្នុងស្រុកមឿង ខេត្តសុរិន្ទ ដើម្បីរង់ចាំដឹកកូនសិស្សចេញពីសាលារៀនក្បែរព្រំដែនកម្ពុជា-ថៃ ហើយក្រុមរថយន្តឈ្នួលបាននិយាយពីផលប៉ះពាល់ដោយសារការបិទព្រំដែន គឺបាត់បង់អតិថិជនទាំងអស់ដែលធ្លាប់ម៉ៅរថយន្តជិះកន្លងមក ។

លើសពីនេះ ក្រុមរថយន្តឈ្នួលគ្មានប្រាក់ចំណូលសម្រាប់បង់រំលោះរថយន្តទេ ហើយត្រូវមកដឹកកូនសិស្សជំនួសវិញ ប៉ុន្តែនៅតែទទួលបានចំណូលពុំគ្រប់គ្រាន់សម្រាប់ការចំណាយ ។ ពួកគេបានអង្វររដ្ឋាភិបាលកំណត់គោលនយោបាយពន្យារពេលបង់រំលោះរថយន្ត និងពន្យារពេលសងបំណុលសម្រាប់ពលរដ្ឋនៅព្រំដែន រហូតដល់ស្ថានការណ៍ត្រឡប់មកធម្មតាវិញ ពីព្រោះពេលនេះ ពលរដ្ឋកំពុងជួបការលំបាកខ្លាំងណាស់ ។

អ្នកស្រី អារិតា មុមឌី ម្ចាស់រថយន្តឈ្នួលនិយាយថា ពួកយើងរកស៊ីដឹកភ្ញៀវនៅព្រំដែនបានរងផលប៉ះពាល់យ៉ាងខ្លាំង ។ កាលពីមុន យើងមានអតិថិជន មានចំណូលរាល់ថ្ងៃ ប៉ុន្តែពេលនេះ គ្មានអតិថិជនសោះ និងត្រូវរកប្រាក់បង់រំលោះរថយន្ត ។ អ្នកស្រីចង់ឱ្យស្ថានការណ៍ត្រឡប់មកប្រក្រតីដូចមុនឆាប់ៗដើម្បីឱ្យគ្រប់គ្នាអាចប្រកបរបរទទួលបានចំណូល និងរស់នៅក្នុងជីវភាពដូចមុនម្តងទៀត ។

ចុងក្រោយ អ្នកស្រីសំណូមពរឱ្យរដ្ឋាភិបាលថៃកំណត់គោលនយោបាយពន្យារពេលបង់រំលោះរថយន្ត ម៉ូតូ លំនៅឋាន និងទ្រព្យសម្បត្តិផ្សេងៗរបស់ពលរដ្ឋនៅព្រំដែនជាបន្ទាន់ ពីព្រោះពេលនេះ ពលរដ្ឋលំបាកគ្មានដំណោះស្រាយ ។

បច្ចុប្បន្ន ថៃប្រឈមនឹងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារមីយ៉ាន់ម៉ាបិទព្រំដែនមិនឱ្យថៃនាំចេញទំនិញទៅមីយ៉ាន់ម៉ា ខណៈទិន្នផលកសិកម្មផលិតបានហើយគ្មានទីផ្សារក្រៅប្រទេស ។ លើសពីនេះ ថៃបាត់បង់ពលករខ្មែរធ្វើឱ្យការងារក្នុងវិស័យផ្សេងៗរាំងស្ទះ ជាពិសេស ការងារបេះផ្លែមៀន និងសំណង់ ដែលធ្វើឱ្យរដ្ឋាភិបាលថៃស្វះស្វែងរកពលករប្រទេសផ្សេង ។

ពលរដ្ឋថៃរស់នៅព្រំដែនក្នុងខេត្តទាំង៧ រងផលប៉ះពាល់ខ្លាំងជាងគេដោយសារការបិទព្រំដែនជាឯកតោភាគីរបស់កងទ័ពថៃ មិនថាអ្នកបើករថយន្តឈ្នួលដឹកភ្ញៀវ ការប្រមុខរបរតូចតាច និងការលក់អាហារតាមផ្លូវ ប៉ុន្តែរដ្ឋាភិបាលថៃពុំបានស្តាប់សំឡេងអំពាវនាវរបស់ពលរដ្ឋខ្លួនឡើយ ៕