ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា នាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃគ្រោងអញ្ជើញឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ានៅប្រទេសថៃមកជជែកពីការបន្ធូរបន្ថយវិធានការបិទព្រំដែន ឬសម្រួលឱ្យរថយន្តដឹកទំនិញថៃឆ្លងដែន ។ វិធានការបិទព្រំដែនមេស៊ត-មៀវឌី នៅភូមិវាំងតាខៀនតាយ ឃុំថាសាយលួត ស្រុកមេស៊ត ខេត្តតាក ធ្វើឱ្យប៉ះពាល់ដល់ការនាំចេញទំនិញថៃទៅមីយ៉ាន់ម៉ា រថយន្តដឹកទំនិញថៃប្រមាណ៤០០គ្រឿងនៅកកស្ទះពុំអាចឆ្លងដែន ។

អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិក្រសួងពាណិជ្ជកម្ម អ្នកស្រី អារ៉ាដា ហ្វឿងថង បាននិយាយពីមីយ៉ាន់ម៉ាបិទព្រំដែនមេស៊ត-មៀវឌី នៅបរិវេណស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃ ទី២ កាលពីថ្ងៃទី១៨ ខែសីហា ដើម្បីទប់ស្កាត់ការលួចនាំចូលទំនិញ ឬទំនិញគ្មានលិខិតអនុញ្ញាតនាំចូល (Import License) ថា នាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងនាយកដ្ឋានលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ ធ្លាប់បានអញ្ជើញមន្ត្រីទូតមីយ៉ាន់ម៉ានៅថៃមកសួររឿងបិទព្រំដែនម្តងហើយកាលពីថ្ងៃទី១៩ ខែសីហា ។ ការសួរនាំមន្ត្រីទូតមីយ៉ាន់ម៉ា គឺធ្វើតាមបញ្ជារបស់លោក ចតុផល ប៊ុរុតផាត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
.jpg)
មន្ត្រីទូតមីយ៉ាន់ម៉ានិយាយថា តាំងពីដើមខែសីហា ឆ្នាំ២០២៥ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានរឹតបន្តឹងការត្រួតពិនិត្យទំនិញនាំចូលខុសច្បាប់ ឬនាំចូលគ្មានលិខិតអនុញ្ញាត ពីព្រោះធ្វើឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបាត់បង់ចំណូល និងមានឱនភាពពាណិជ្ជកម្មកាន់តែខ្លាំង ។ ហេតុនេះ មីយ៉ាន់ម៉ាត្រូវបង្កើនការរឹតបន្តឹងព្រំដែនដើម្បីដោះស្រាយបញ្ហានេះ និងធ្វើឱ្យរថយន្តដឹកទំនិញថៃជាច្រើនគ្រឿង រួមទាំងរថយន្តដឹកទំនិញមកពីប្រទេសផ្សេងៗកកស្ទះនៅព្រំដែន ។
បើតាមសេចក្តីរាយការណ៍ចុងក្រោយពីការិយាល័យលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិនៅទីក្រុងយ៉ាំងហ្គន ប្រទេសមីយ៉ាន់ម៉ា គឺមានរថយន្តដឹកទំនិញថៃកកស្ទះនៅព្រំដែនមីយ៉ាន់ម៉ា ប្រមាណ៤០០គ្រឿង ហើយរថយន្តទាំងនេះរង់ចាំឆ្លងដែនចូលមីយ៉ាន់ម៉ា តាមខេត្តតាក ។ បន្ទាប់មក មន្ត្រីមីយ៉ាន់ម៉ាក៏ប្រកាសឱ្យរថយន្តដឹកទំនិញប្តូរគោលដៅទៅកំពង់ផែរ៉ាក់ណង ដើម្បីចូលទៅកោះសងរបស់មីយ៉ាន់ម៉ាវិញ ។.jpg)
អ្នកស្រី អារ៉ាដា អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិក្រសួងពាណិជ្ជកម្មបន្តថា នាយកដ្ឋានពាណិជ្ជកម្មនឹងប្រញាប់រាយការណ៍ព័ត៌មានដែលទទួលបានពីការពិភាក្សាជាមួយមន្ត្រីទូតមីយ៉ាន់ម៉ាកន្លងមកប្រាប់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីអញ្ជើញឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ានៅថៃមកពិភាក្សាគ្នាបន្តទៀត និងចរចាឱ្យមីយ៉ាន់ម៉ាបន្ធូរបន្ថយវិធានការបិទព្រំដែន ។
តម្លៃពាណិជ្ជកម្មព្រំដែនមីយ៉ាន់ម៉ា-ថៃ រយៈពេល៦ខែ (ចាប់ពីមករា ដល់មិថុនា) ឆ្នាំ២០២៥ គឺស្មើ១០៥,១៤៩លានបាត ធ្លាក់ចុះ២៤.៩១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ។ ថៃបាននាំចេញទំនិញទៅមីយ៉ាន់ម៉ា ស្មើ៦៣,៥៧២លានបាត ធ្លាក់ចុះ១៦.៣៦% និងនាំចូលទំនិញស្មើ៤១,៥៧៨លានបាត ធ្លាក់ចុះ៣៥.០៧% ៕










