ប្រទេសថៃ ៖ កងទ័ពភូមិភាគ២ថៃ បានចោទប្រកាន់កម្ពុជាបង្ហោះដ្រូនលើដែនអាកាសរបស់ខ្លួនចំនួន៩៣គ្រឿង ព្រមទាំងចោទកម្ពុជាបន្តចល័តកងទ័ព និងរថយន្តធំៗនៅតំបន់មួយចំនួនក្បែរព្រំដែន ហើយកងទ័ពថៃបានច្រានចោលព័ត៌មានរុះរើលំនៅឋានពលរដ្ឋខ្មែរនៅច្រកអានសេះ ខេត្តព្រះវិហារ ថាជាព័ត៌មានក្លែងក្លាយ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ។

មជ្ឈមណ្ឌលប្រតិបត្តិការកងទ័ពភូមិភាគ២ថៃ បានសរុបស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២១ ខែសីហា ដោយចោទប្រកាន់ថា កម្ពុជាបង្ហោះដ្រូនលើដែនអាកាសខ្លួនចំនួន៩៣គ្រឿង ព្រមទាំងចោទកម្ពុជាបន្តចល័តកងទ័ព និងរថយន្តធំៗជាច្រើនគ្រឿងនៅតំបន់មួយចំនួនក្បែរព្រំដែន ។ កងទ័ពថៃបញ្ជាក់ថា បច្ចុប្បន្ន កងទ័ពប្រទេសទាំងពីរបានពង្រាយកម្លាំងតាមទីតាំងរៀងៗខ្លួន ហើយកងទ័ពថៃបានត្រៀមទប់ទល់បើមានស្ថានការណ៍បន្ទាន់កើតឡើង ។

កងទ័ពថៃបានច្រានចោលព័ត៌មានរុះរើលំនៅឋានពលរដ្ឋខ្មែរនៅច្រកអានសេះ ខេត្តព្រះវិហារ ថាជាព័ត៌មានក្លែងក្លាយ រីឯវីដេអូដែលបង្ហោះក្នុងបណ្តាញសង្គមជាវីដេអូនៅក្រៅប្រទេស ដោយសារការស្លៀកពាក់របស់កងទ័ពមានភាពខុសគ្នាពីកងទ័ពថៃ ។ កងទ័ពភូមិភាគ២ បានសំណូមពរទៅកាន់ពលរដ្ឋជឿជាក់លើព័ត៌មានពិតប្រាកដ និងតាមដានព័ត៌មានពីប្រភពច្បាស់លាស់របស់ស្ថាប័នរដ្ឋាភិបាលដែលទទួលខុសត្រូវស្ថានការណ៍ក្នុងតំបន់ផ្ទាល់ ។

ក្រៅពីនេះ កងទ័ពភូមិភាគ២ បានរាយការណ៍ពីការថែទាំពលរដ្ឋភៀសសឹករបស់ខ្លួនចំនួន៥៩១នាក់ ស្មើ៨ទីតាំង នៅខេត្តឧប៊ុនរ៉ាជថានី ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជម្រកបណ្តោះអាសន្នដោយសារពុំទាន់ទុកចិត្តស្ថានការណ៍ ហើយអាជ្ញាធរបានបញ្ជូនក្រុមការពារសន្តិសុខភូមិមើលការខុសត្រូវក្នុងតំបន់ និងលំនៅឋានពលរដ្ឋ ។

គួរបញ្ជាក់ថា កងទ័ពថៃតែងតែចោទប្រកាន់កម្ពុជាបង្ហោះដ្រូនជាបន្តបន្ទាប់លើដែនអាកាសខ្លួន និងច្រានចោលព័ត៌មានកងទ័ពថៃបង្ហោះដ្រូនមកស៊ើបការណ៍ពីកម្ពុជា ថាជាព័ត៌មានក្លែងក្លាយ ។ ថៃគួរតែប្រាប់ពីប្រភពដ្រូនឱ្យបានច្បាស់លាស់ តើបង្ហោះចេញពីទីតាំងណាឱ្យពិតប្រាកដ និងឈប់ចោទប្រកាន់កម្ពុជាគ្មានមូលដ្ឋានច្បាស់លាស់បែបនេះ ពីព្រោះកម្ពុជាគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ កម្ពុជាចង់បានសន្តិភាព ពុំចង់មានសង្គ្រាមទេ ៕