តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Top News នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា អតីតអភិបាលរងក្រុងបាងកក លោក សាម៉ាត រ៉ាជឆាផុលឡាស៊ីត បានចោទប្រកាន់ពលរដ្ឋខ្មែរមិនដឹងគុណ ដោយសារចង្អុលមុខកងទ័ពថៃដែលយកបន្លាលួស និងកង់ឡានមកដាក់នៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោកថែមទាំងនិយាយបំភ្លៃការពិតថា ពលរដ្ឋខ្មែរបានមករស់នៅភូមិណងចាន់របស់ថៃដើម្បីគេចពីសង្គ្រាម និងពុំត្រឡប់ទៅវិញ ។

នៅថ្ងៃទី២២ ខែសីហា លោក សាម៉ាត រ៉ាជឆាផុលឡាស៊ីត អតីតអភិបាលរងក្រុងបាងកក និងជាអតីតអនុប្រធានគណបក្សប្រាឆាធិប៉ាត់ បានសរសេរក្នុងហ្វេសប៊ុកថា ៖ «ស្រែកឆ្លងព្រំដែន ទាំងដែលកំពុងតែឈរលើទឹកដីថៃ តើអ្នកណាជាអ្នកឈ្លានពាន?» ។ ការលើកឡើងរបស់អតីតអភិបាលរងក្រុងបាងកក គឺក្រោយពីពលរដ្ឋខ្មែរប្រមូលគ្នាតវ៉ាជាមួយកងទ័ពឈ្លានពានថៃ ដែលបានយកបន្លាលួស និងកង់ឡានមកព័ទ្ធលំនៅឋានជាច្រើនខ្នង រហូតពលរដ្ឋខ្មែរពុំអាចចូលលំនៅឋានរបស់ខ្លួន ហើយកងទ័ពថៃថា នេះជាទឹកដីខ្លួន ។

លោក សាម៉ាត អតីតអភិបាលរងក្រុងបាងកក និយាយបំភ្លៃការពិតថា នេះជាទឹកដីថៃរហូតមក ដែលថៃមានព្រំដែន ផែនទី និងឯកសារច្បាស់លាស់ ។ បរិវេណដែលកងទ័ពថៃយកបន្លាលួសមកដាក់នេះជារបស់ថៃ១០០% គឺបន្លាលួសនេះសម្រាប់ការពារការលួចឆ្លងដែន និងផ្តល់សុវត្ថិភាពដល់ពលរដ្ឋថៃរស់នៅព្រំដែន ។

លោកនិយាយបំភ្លៃទៀតថា ពលរដ្ឋខ្មែរធ្លាប់មករស់នៅលើទឹកដីថៃពេលសង្គ្រាម ប៉ុន្តែពេលបញ្ចប់សង្គ្រាមពុំព្រមចាកចេញទៅវិញ បែរជាមកស្រែកដាក់កងទ័ពថៃ ។ លោកថា ពលរដ្ឋខ្មែរពុំដឹងគុណ បើទោះជាពេលវេលាកន្លងផុតទៅជាច្រើនឆ្នាំ ក៏ថៃនៅតែយកទឹកដីនៅខេត្តស្រះកែវរបស់ខ្លួនវិញ ដែលមានបង្គោលព្រំដែនលេខ៤៦ និង៤៧ តាំងពីសម័យរជ្ជកាលទី៥ ។

កាលពីសម័យខ្មែរក្រហម ពលរដ្ឋខ្មែរជាច្រើនបានជម្លៀសមករស់នៅទឹកដីថៃ ហើយថៃបានផ្តល់ជំរំសម្រាប់ជនភៀសសឹករស់នៅក្បែរព្រំដែនជាច្រើនកន្លែងកាលពីឆ្នាំ១៩៧៩ ។ ថៃបានផ្តល់អាហារ ទឹក និងថ្នាំពេទ្យដល់ពលរដ្ឋខ្មែរ ប៉ុន្តែពេលបញ្ចប់សង្គ្រាម ពលរដ្ឋខ្មែរនៅភូមិណងចាន់ បានត្រឡប់ទៅផ្ទះមួយចំនួន ខណៈមួយចំនួនទៀតរស់នៅទីនេះបន្ត។ ពលរដ្ឋខ្មែរមិនដឹងគុណ ដែលពួកគេធ្លាប់ភៀសសឹក ទទួលបានការជួយសង្គ្រោះពីថៃ និងពុំគោរពប្រវត្តិសាស្ត្រ ។ នេះជាការនិយាយបំភ្លៃការពិតរបស់អតីតអភិបាលរងក្រុងបាងកក ។

គួរបញ្ជាក់ថា ការលើកឡើងរបស់អតីតអភិបាលរងក្រុងបាងកក គឺជាការនិយាយបំភ្លៃប្រវត្តិសាស្ត្រទាំងស្រុងដើម្បីលាក់បាំងទង្វើឈ្លានពានរបស់ថៃដែលយកបន្លាលួស និងកង់ឡានមកព័ទ្ធយកលំនៅឋានពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ថៃនៅតែចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជាតាមរយៈការរាយបន្លាយលួសលើទឹកដីកម្ពុជាក្បែរព្រំដែនជាបន្តបន្ទាប់ ។

កាលពីថ្ងៃទី១៤ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា និងមានអនុព័ន្ធយោធាប្រទេសផ្សេងទៀតដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា បានអញ្ជើញចុះសង្កេតការណ៍នៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោធាថៃរាយលួសបន្លា នៅថ្ងៃទី១២-១៣ ខែសីហា ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅម៉ាឡេស៊ី ៕