ខណៈព័ត៌មានបង្ហាញពីភាពតានតឹងតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ អាចឈានដល់ការផ្ទុះអាវុធដាក់គ្នាជាថ្មី ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ អ្នកស្រី ផន សុផារី បែរជាជញ្ជូនជំនួយដាក់ឡានធ្វើដំណើរឆ្ពោះទៅតំបន់ជម្លោះទៅវិញ។
«មិនថាមានរឿងអ្វីក៏ដោយ ពួកយើងមិនទុកអ្នកចោលទេ» នេះសំណេររបស់អ្នកស្រី ផន សុផារី សរសេរភ្ជាប់នឹងរូបភាពរថយន្តដឹកទំនិញធំមួយដែលត្រៀមចាកចេញទៅកាន់តំបន់ព្រំដែនខ្មែរ-ថៃទាំងយប់តែម្តង។ ថ្ងៃទី១៣ និងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ គឺជាវេលាដែលប្រភពព័ត៌មានជាច្រើនបានសន្មត់ ថាជាពេលភាគីកងទ័ពថៃគ្រោងបើកការវាយប្រហារមកលើទឹកដីប្រទេសកម្ពុជា។ សកម្មភាពនៃការចល័តទ័ព ជញ្ជូនសព្វាវុធ និងរថក្រោះជាច្រើនគ្រឿងចូលមកក្នុងតំបន់ព្រំដែនរបស់ភាគីថៃ បានបង្ហាញយ៉ាងច្បាស់ពីចេតនាឈ្លានពានមកលើទឹកប្រទេសកម្ពុជាសាជាថ្មី។
ដូចគ្នានឹងបុគ្គលមានឥទ្ធិពលផ្សេងទៀតនៅក្នុងសង្គមខ្មែរដែរ គ្រួសារអ្នកស្រី សុផារី និងក្រុមការងារបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការកៀរគរជំនួយពីគ្រប់ទិសទីផ្តល់ជូនទាហានជួរមុខ និងពលរដ្ឋភៀសសឹក។ ហាក់ចង់បង្ហាញពីការដឹងគុណចំពោះក្រុមការងារ ដែលជួយជញ្ជូនជំនួយទាំងយប់ជូនដល់ទាហានជួរមុខ និងពលរដ្ឋរស់នៅតំបន់មានជម្លោះផងនោះ អ្នកស្រី សុផារី ថា៖ «ខ្ញុំមានត្រឹមតែសម្លេងទេ! តែអ្នកដែលហត់ពិតប្រាកដ គឺបងប្អូនដែលបើកឡានដឹកស្បៀង លើកជញ្ជូនឥវ៉ាន់ ទាំងយប់ថ្ងៃមិនដែលបានសម្រាកគ្រប់គ្រាន់ទេ»។ 
សកម្មភាពនេះ ក៏បង្ហាញពីភាពអំណត់ ក្លាហានជំនះបញ្ហារបស់ក្រុមផ្តល់ជំនួយ អ្នកស្រី ផន សុផារីផងដែរ។ ដ្បិតស្ថិតក្នុងកាលៈទេសៈប្រទេសជួបសង្គ្រាម បុគ្គលល្បីៗជាច្រើនបានចេញមុខបង្កើតមូលនិធិប្រមូលជំនួយជួយដល់ជនរងគ្រោះ ប៉ុន្តែអ្នកសង្គ្រោះទាំងនោះក៏ជួបនឹងព្យុះបញ្ហាជាច្រើនដូចគ្នា។ សង្គ្រាមពាក្យសំដី និងការតិះដៀល រិះគន់ ដែលម្ចាស់មូលនិធិច្រើនជួបប្រទះនោះ គឺពួកគេជួបនឹងការចោទប្រកាន់ថាជាអ្នកលួចគៃបន្លំយកជំនួយធ្វើជាសម្បត្តិផ្ទាល់ខ្លួន។
អ្នកផលិតមាតិកាសង្គមមានឥទ្ធិលមួយចំនួនដែលរងនឹងបញ្ហានេះ ខ្លះបានប្រកាសពីភាពតានតឹងផ្លូវចិត្តធ្ងន់ធ្ងរ ខ្លះទៀតប្រកាសរាងចាលនៃការជួយគេ បែរជួបទុក្ខខ្លួនឯង បាក់ទឹកចិត្ត ហើយអស់សង្ឃឹមក្នុងការធ្វើទង្វើរល្អជាដើម។ បង្ហាញភាពស្មោះត្រង់ជាការតបតដ៏ល្អបំផុត គ្រួសារអ្នកស្រី សុផារី ជ្រើសយកការផ្សព្វផ្សាយបញ្ជីចំណូលចំណាយច្បាស់លាស់ ហើយបន្តសកម្មភាពមនុស្សធម៌របស់ខ្លួនដដែល៕










