(កណ្តាល)៖ កម្លាំងនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លូនថៅកែលក់ឡេដ៏ល្បី Love Riya។ ការឃាត់ខ្លួននេះ គឺស្របពេលដែលអ្នកលក់អនឡាញរូបនេះ កំពុងត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ ជុំវិញការនិយាយអំពីការលក់ផលិតផលថៃ។
ប្រតិបត្តិការចាប់ឃា.ត់ខ្លួននេះ ត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់អ្នកនាង Love Riya ផ្ទាល់ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយកម្លាំងនគរបាលខេត្តកណ្តាលឃាត់ខ្លួនភ្លាម, ថៅកែអនឡាញ ដែលថែមទាំងមានងារជាឧកញ៉ារូបនេះក៏ត្រូវបានកម្លាំងនគរបាល បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀតទៅតាមនីតិវិធីច្បាប់។

គួររំលឹកថា កាលពីថ្មីៗនេះ Love Riya ដែលបាននិយាយពាក់ព័ន្ធនឹងការលក់ផលិតផលថៃយ៉ាងដូច្នេះថា «ប្រសិនបើនាងអាចយកមកលក់បានគឺនៅតែយកមកលក់ ប្រសិនបើនាងនៅតែមានសិទ្ធិយកមកលក់បាន ហើយអ្នកទិញមានសិទ្ធិទិញឬមិនទិញ គឺមានសិទ្ធិបិទហោបៅនោះទេ ហើយមិនចាំបាច់មានអ្នកណាមកនិយាយថាឈប់ប្រើរបស់ផ្ទះលេខ២ លេខ៣ អ្វីទេគឺនាងមិនខ្វល់»។
.jpg)
ពាក្យសម្តីដែលកាត់ចេញពី Live នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះប្រតិកម្មយ៉ាងខ្លាំង ខណៈអ្នកមួយចំនួនដែលធ្លាប់ទិញផលិតផលរបស់ Love Riya ក៏បានគម្រាមថានឹងលែងជួយទិញនាងតទៅទៀត។
ជាមួយនឹងការឃាត់ខ្លួនអ្នកនាង Love Riya អ្នកលេងបណ្ដាញសង្គមជាច្រើនដែលកំពុងតែមានការឃ្នើសចិត្តនឹងអ្នកឡេដ៏ល្បីរូបនេះ បានបង្ហាញនូវក្ដីសាទរ និងពេញចិត្តជាមួយនឹងចំណាត់ការរបស់នរគរបាលជាខ្លាំង ព្រោះពួកគេយល់ថា កន្លងមកបុគ្គលរូបនេះតែងបង្ហាញពីសកម្មភាព Drama បំពុលសង្គម និងនិយាយស្ដីមិនសមរម្យ នាំមកតែរឿងអាស្រូវខូចឈ្មោះ មិនស័ក្តិសមនឹងគោរមងារជាឧកញ៉ាទាល់តែសោះ៕










