ប្រទេសថៃ ៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Nation រាយការណ៍ថា គណបក្សនយោបាយមួយរបស់ថៃឈ្មោះ «គណបក្សសេដ្ឋកិច្ច» បានស្នើរដ្ឋាភិបាលលុបចោលកិច្ចព្រមព្រៀងបទឈប់បា.ញ់ជាមួយកម្ពុជាទាំង១៣ចំណុច ព្រមទាំងផ្តល់អំណាចឱ្យកងទ័ពប្រកាសច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេស ។ គណបក្សនេះចោទប្រកាន់កម្ពុជាបង្កប់មីនប្រឆាំងមនុស្ស ថែមទាំងចោទប្រកាន់កម្ពុជាបំពានកិច្ចព្រមព្រៀងបទឈប់បា.ញ់ ទោះជាក្រសួងការពារជាតិកម្ពុជាច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃក្តី ។

ពេលផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកាលពីថ្ងៃទី១២ ខែសីហា លោក រង្ស៊ី គិតទិយ៉ានសាប់ ប្រធានគណបក្សសេដ្ឋកិច្ចចោទប្រកាន់ថា កម្ពុជាបំពានកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ថែមទាំងចោទទៀតថា កម្ពុជាបង្កប់មីន PMN-2 ដែលធ្វើឱ្យកងទ័ពថៃម្នាក់រងរបួសដាច់ជើងម្ខាង រួមទាំងកងទ័ពថៃ៣នាក់ទៀតរបួសដោយសារជាន់មីនកន្លងមក ។ វាស្របនឹងសេចក្តីថ្លែងការណ៍របស់កងទ័ពភូមិភាគ២ ដែលចោទកម្ពុជាពុំស្មោះត្រង់ និងពុំប្រកាន់ខ្ជាប់នូវការអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ។

ប្រធានគណបក្សនយោបាយនេះចោទប្រកាន់ទៀតថា នៅមានការលួចលាក់លក់ដូរទំនិញដែលជាការល្មើសច្បាប់ ហើយគោលបំណងនៃការបិទព្រំដែនរបស់ថៃ គឺចង់ឱ្យកម្ពុជាយល់ដឹងពីសារៈសំខាន់នៃទំនិញថៃ និងយល់ពីសេដ្ឋកិច្ចថៃសម្រាប់ការរស់នៅរបស់ពលរដ្ឋកម្ពុជា ។ ប៉ុន្តែប្រធានគណបក្សនយោបាយនេះពុំបានលើកឡើងពីភាគីថៃបំពានកិច្ចព្រមព្រៀងឈប់បាញ់ទេ ពីព្រោះរហូតមកដល់ថ្ងៃទី១៣ ខែសីហា ភាគីថៃពុំទាន់បានដោះលែងវីរៈកងទ័ពកម្ពុជាជាច្រើននាក់ដែលកងទ័ពថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមាន ។

គណបក្សនយោបាយនេះបានស្នើរដ្ឋាភិបាលថៃលុបចោលកិច្ចព្រមព្រៀងឈប់បា.ញ់ទាំង១៣ចំណុច និងផ្តល់អំណាចឱ្យកងទ័ពប្រកាសច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេស ព្រមទាំងប្រើប្រាស់តុលាការកងទ័ពនៅតំបន់ព្រំដែនកម្ពុជា-ថៃ គឺដូចគ្នានឹងថៃប្រើប្រាស់តុលាការកងទ័ពជាមួយជនល្មើសក្នុងខេត្តចំនួន៣ នៅភាគខាងត្បូង ។

លោក រង្ស៊ី ប្រធានគណបក្សសេដ្ឋកិច្ចបន្តថា យើងពុំជឿជាក់លើពលករកម្ពុជាដែលលួចឆ្លងដែនចូលប្រទេសថៃវិញ ហើយពលករកម្ពុជានិយាយថា ដោយសារគ្មានការងារធ្វើ ទើបឆ្លងដែនចូលដីថៃ ។ តើពួកគេអាចជាអ្នកស៊ើបការណ៍សម្ងាត់របស់កម្ពុជាចូលមកស៊ើបទិន្នន័យរបស់កងទ័ពថៃឬយ៉ាងណា? ស្ថានការណ៍បែបនេះ ប្រទេសថៃត្រូវផ្តល់អំណាចទៅឱ្យកងទ័ពធ្វើការសម្រេចចិត្តពេញលេញ ។ គណបក្សសេដ្ឋកិច្ចជឿជាក់ថា ការប្រកាសច្បាប់អាជ្ញាសឹកពុំមែនរដ្ឋប្រហារទេ ហើយក៏ពុំមែនជាទង្វើឈានទៅរដ្ឋប្រហារដែរ ប៉ុន្តែជាការអនុវត្តតាមគោលបំណងនៃច្បាប់នេះ ។

កាលពីថ្ងៃទី១២ ខែសីហា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសច្រានចោលទាំងស្រុងលើការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់កងទ័ពថៃដោយសារការផ្ទុះគ្រាប់មីននៅតំបន់ប្រាសាទតាមាន់ធំ នៅថ្ងៃទី១២ ខែសីហា ។

ក្រសួងការពារជាតិកម្ពុជាសូមច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់កងទ័ពថៃ ដោយសារការផ្ទុះគ្រាប់មីននៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ។

កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺគ្មានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត ។ កម្ពុជា គឺជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផលនៃការបោសសម្អាតមីន និងគ្មានការប្រើប្រាស់មីនប្រឆាំងមនុស្សនោះឡើយ ៕