ណារាធីវ៉ាត់៖ មេបញ្ជាការភូមិភាគ៤ថៃ បានជិះឧទ្ធម្ភាគចក្រពិនិត្យមើលស្ថានការណ៍នៅខេត្ត ណារ៉ាធីវ៉ាត់ ភាគខាងត្បូង ក្រោយទទួលបានការរាយការណ៍ថា ក្រុមបះបោរផ្តាច់ខ្លួនសាសនាមូស្លីមកំពុងជួញដូរអាវុធចល័តចូលដីថៃ និងបើកការប្រជុំបន្ទាន់មួយនៅទីនោះ ដើម្បីពិភាក្សាពីការត្រៀមកម្លាំងទប់ទល់ការវា.យប្រហារដែលអាចកើតឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។

នាថ្ងៃអង្គារ ទី12 ខែសីហា ឆ្នាំ2025 ឧត្តមសេនីយឯក Paisal Nusang បានដឹកនាំកម្លាំងល្បាតតាមផ្លូវអាកាសមើលពីលើតំបន់ព្រៃឈើ បន្ទាប់ពីទទួលបានភ័ស្តុតាងជារូបថតដែលបង្ហាញថា មានអាវុធ និងគ្រាប់រំសេវជាច្រើន ត្រូវបានដឹកជញ្ជូនចូលប្រទេសថៃពីប្រទេសជិតខាងដោយក្រុមបះបោរ។ 
សភាពការណ៍មិនស្រួលនេះ បានជំរុញឲ្យថៃចាប់ផ្ដើមបែងចែកកម្លាំងមកល្បាតតាមព្រំដែនភាគខាងត្បូងជាប់ប្រទេសម៉ាឡេសុីកាន់តែតឹងរឹង ខណៈក្ដីព្រួយបារម្ភផ្នែកសន្តិសុខនៅតំបន់នេះកាន់កើនឡើងខ្ពស។ រដ្ឋាភិបាលថៃ បានព្យាយាមដោះស្រាយបញ្ហានេះតាមរយៈកិច្ចចរចាសន្តិភាពជាមួយក្រុមបះបោរធំៗ ដូចជា Barisan Revolusi Nasional ដោយមានការជួយសម្របសម្រួលពីម៉ាឡេស៊ី។

យ៉ាងណាមិញ បើទោះបីជាមានការចរចាក៏ដោយ ក៏អំពើហិង្សានៅតែបន្តកើតមានឡើងម្ដងម្កាលរហូតមកដល់បច្ចុប្បន្ន។ បើយោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លា.ប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិសថៃជាច្រើនផងដែរ។
បច្ចុប្បន្ននេះ មន្ត្រីពាក់ព័ន្ធក្នុងតំបន់បានសម្រេចចិត្តពង្រឹងវិធានការសន្តិសុខ រួមទាំងការពង្រីកប្រតិបត្តិការល្បាតតាមមូលដ្ឋានទាំងយប់ទាំងថ្ងៃ ជំរុញការត្រួតពិនិត្យប៉ុស្តិ៍ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងស៊ើបការណ៍ជាមួយភ្នាក់ងារសន្តិសុខព្រំដែននៅម្ខាងទៀត៕










