ថ្មីៗនេះការបង្ហោះរបស់លោក គូ ដារ៉ាចាន់ បានក្លាយជាប្រធានបទជជែកវែកញែកជាច្រើននៅលើបណ្តាញសង្គម។ យ៉ាងណាមិញ អ្នកដឹកនាំរឿងរូបនេះបានចេញមកបញ្ជាក់ថាអ្វីដែលលោកបង្ហោះនោះគឺសម្តៅលើអតីតបុគ្គលិកម្នាក់ដែលធ្វើទង្វើមិនគប្បី។ លោកបានបញ្ជាក់ថាប្រសិនបើវិស័យភាពយន្តខ្មែរមានការផលិតបានច្រើននោះលោកមានតែភាពរីករាយ។

ការបង្ហោះរបស់អ្នកដឹកនាំរឿង គូ ដារ៉ាចាន់ អំពីយកមកុដបានក្លាយជារឿងរីករាលដាលយ៉ាងខ្លាំងបើទោះបីជាលោកបានលុបការបង្ហោះយ៉ាងណាក្តី។ ឃើញមានការយល់ច្រឡំនិងឈ្មោះរបស់លោកចូលទៅក្នុងវីដេអូនិងសំណេររបស់ ប៉ីប៉ី ឌី អ្នកដឹកនាំរឿងដែលកំពុងក្រសោបភាពល្បីល្បាញរូបនេះបានបកស្រាយអ្វីដែលលោកបង្ហោះគឺសម្តៅទៅកាន់អតីតបុគ្គលិកម្នាក់។
នៅថ្ងៃទី៩ សីហា អ្នកដឹករឿងល្បីៗដូចជា «គាស់ផ្នូរ» «ម៉ែក្រឡាភ្លើង» «កូននេនម្ដាយខ្មោច» បានរៀបរាប់ថាកាលពីថ្ងៃព្រហស្បតិ៍លោកបានបង្ហោះ Status មួយ ដែលផូសនោះបានសម្តៅលើអតីតបុគ្គលិកលោកម្នាក់ ដែលបានធ្វើមិនគប្បីដល់មនុស្សម្នាក់ដែលបានស្លាប់ហើយ។ ត្រង់ចំណុចនេះលោក ដារ៉ាចាន់ បានសុំរក្សាសិទ្ធមិនបង្ហាញថាអតីតបុគ្គលោកនោះជាអ្នកណាព្រោះមិនចង់ឱ្យមានរឿងវែងឆ្ងាយ។ ក្រោយមកលោកបានលុបចេញវិញបន្ទាប់ពីមានមិត្តម្នាក់ឆាតមកសួរនាំថាទាក់ទងអីនឹងមកុដ គេស្មានថាលោកផូសសំដៅលើ បរវកញ្ញាណាម្នាក់លោកក៏លុបចេញខ្លាចមានការយល់ច្រលំ»។
លោក គូ ដារ៉ាចាន់ បានបញ្ជាក់ថា លោកមិនមានរឿងថ្មីណាត្រៀមចាក់បញ្ចាំងនោះទេហើយសម្រាប់រឿង កូននេនម្តាយខ្មោច អស់ម៉ោងចាក់បញ្ចាំងតាំងពីកំឡុងមានសង្គ្រាមមកម្ល៉េះហើយមានតែចាក់តាមវត្តប៉ុណ្ណោះ។ អ្នកដឹកនាំរឿងវ័យក្មេងរូបនេះបានអះអាងថា សម្រាប់វិស័យភាពយន្តនេះលោកមានតែអបអរឱ្យមានការផលិតរឿងឱ្យបានច្រើនដើម្បីតបទាន់តម្រូវការក្នុងស្រុក ព្រោះយើងបានទប់ស្កាត់ការនាំចូលខ្លះរួចទៅហើយ»។

លោកបានបន្ថែមទៀតថា ការលុបរបស់លោកគឺដើម្បីបញ្ចៀសការយល់ច្រលំប៉ុន្តែចុងក្រោយនៅតែមានដដែលកើតឡើងដដែល។ អ្នកដឹកនាំរឿងរូបនេះថា បើទស្សនិកជនយល់ឃើញលោកក្នុងរូបភាពបែបណាគឺបែបនោះព្រោះលោកមិនមានសិទ្ធិហាមបាននោះទេ៕










