ឧត្តរមានជ័យ៖ ផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រា.មនៅទិសខេត្តឧត្តរមានជ័យ មានគ្រាប់បែកចំនួន១,៥៤៩គ្រាប់ដែលកងទ័ពថៃបានទម្លាក់ពីយន្តហោះនៅទិសឧត្តរមានជ័យនេះ។ នេះបើតាមការបញ្ជាក់ពីលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់(CMAC)។

យោងតាមការបង្ហោះរបស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ នៅចំនុចគ្រាប់បែ.កទម្លាក់ពីយន្តហោះប្រភេទMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានមន្ត្រីអនុពន្ធ័យោធាចំនួន១៤រូប ជាតំណាងមកពីប្រទេសចំនួន៩ រួមមានអូស្ត្រាលី កាណាដា អង់គ្លេស ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ឡាវ និងវៀតណាម បានចុះពិនិត្យទីតាំងនិងគ្រាប់បែកMK-84នោះជាក់ស្តែង។
លោក ហេង រតនា បានបន្ថែមថា បើផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យ កងទ័ពអាកាសថៃបានទម្លាក់គ្រាប់បែ.កពីយន្តហោះមានចំនួន១.៥៤៩គ្រាប់មកលើភូមិសាស្រ្តនេះ។ លោកបញ្ជាក់ថា ពួកសៀមបានទម្លាក់គ្រាប់បែកចំនួន១០គ្រាប់នៅចំនុចទីតាំងតែមួយនេះ ហេីយគ្រាប់ចំនួន៤ បានផ្ទុះ រីឯ៦គ្រាប់ទៀតមិនបានផ្ទុះឡើយ ដោយក្នុងនោះរួមមានទាំងគ្រាប់បែកMK-84 ដែលបានឃេីញនេះផងដែរ។

អង្គភាពសុីម៉ាក់បានបញ្ជាក់ជាថ្មីថា គ្រាប់បែកMK-84 ដែលបានរកឃើញថ្មីៗនេះ មានទម្ងន់ជិតមួយតោន មានបណ្តោយប្រមាណ៣.៥ម៉ែត្រ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ ផលិតនៅឆ្នាំ១៩៩៦ គឺជាគ្រាប់បែ.កទម្លាក់ពីលើយន្តហោះមកដោយស្នាដៃកងទ័ពអាកាសថៃ មិនមែនជាគ្រាប់បែ.កចាស់ដែលសល់ពីសម័យសង្រ្គា.មនៅឥណ្ឌូចិននោះទេ។
បច្ចុប្បន្ន អង្គភាពCMACកំពុងដំណើរការស្រាវជ្រាវដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕










