ប្រទេសជប៉ុន ៖ រដ្ឋាភិបាលជប៉ុនឱ្យដឹងនាដើមខែសីហា ឆ្នាំ២០២៥ ថា កាលពីឆ្នាំ២០២៤ ចំនួនពលរដ្ឋស្លា.ប់ និងអត្រាកំណើតនៅប្រទេសជប៉ុនមានគម្លាតគ្នាយ៉ាងខ្លាំងរហូតជិត១លាននាក់ ដែលនេះជាការធ្លាក់ចុះចំនួនពលរដ្ឋជប៉ុនច្រើនបំផុតតាំងពីការចាប់ផ្តើមកត់ត្រាដោយរដ្ឋាភិបាលជប៉ុនកាលពីឆ្នាំ១៩៦៨ ។ បើទោះជារដ្ឋាភិបាលជប៉ុនព្យាយាមប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បីលើកទឹកចិត្តឱ្យយុវជនបង្កើតគ្រួសារ ប៉ុន្តែនៅតែពុំទទួលបានលទ្ធផល ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានហៅការកើនឡើងនៃចំនួនពលរដ្ឋជប៉ុនអាយុច្រើន ថាជាបញ្ហាប្រឈមដោយស្ងៀមស្ងាត់ ហើយលោកសន្យាអនុវត្តគោលនយោបាយផ្តល់ប្រយោជន៍ដល់គ្រួសារ ដូចជា ៖ ការថែទាំកុមារពុំគិតថ្លៃ និងបង្កើនម៉ោងការងារអាចបត់បែនបាន ។ ប៉ុន្តែការព្យាយាមដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះនៅជប៉ុនស្ទើរតែពុំទទួលបានលទ្ធផលឡើយ ។

ក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងជប៉ុនបានផ្សព្វផ្សាយទិន្នន័យ កាលពីថ្ងៃទី៦ ខែសីហា ថា ពលរដ្ឋជប៉ុនធ្លាក់ចុះចំនួន៩០៨,៥៧៤នាក់ កាលពីឆ្នាំ២០២៤ ។ ជប៉ុនមានអត្រាកំណើតចំនួន៦៨៦,០៦១នាក់ ដែលធ្លាក់ចុះខ្លាំងបំផុតតាំងពីការកត់ត្រាទិន្នន័យកាលពីឆ្នាំ១៨៩៩ ខណៈពលរដ្ឋជប៉ុនស្លាប់ស្មើជិត១លាន៦សែននាក់ ហើយនេះជាឆ្នាំទី១៦ ដែលចំនួនពលរដ្ឋជប៉ុនបានធ្លាក់ចុះ ។
.png)
ដោយឡែក ចំនួនជនបរទេសស្នាក់នៅជប៉ុនបានកើនឡើងខ្ពស់ រហូតដល់៣លាន៦សែននាក់ គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ស្មើជិត៣% នៃចំនួនពលរដ្ឋជប៉ុន ។ បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនបានទទួលយកជនបរទេសមកធ្វើការតាមរយៈទិដ្ឋាការ Digital Nomad និងគម្រោងអភិវឌ្ឍន៍ជំនាញ ប៉ុន្តែអន្តោប្រវេសន៍នៅតែជាបញ្ហានយោបាយនៅជប៉ុន ។
ចំណែកពលរដ្ឋជប៉ុនអាយុចាប់ពី៦៥ឆ្នាំឡើង ស្មើជិត៣០% នៃចំនួនពលរដ្ឋជប៉ុនសរុប ដែលជាចំនួនខ្ពស់លំដាប់ទី២ លើពិភពលោក បន្ទាប់ពីប្រទេសម៉ូណាកូ ។ លំនៅឋានជិត៤លានខ្នងត្រូវបានបោះបង់ចោលក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយសារគ្មានមនុស្សរស់នៅ ។ រដ្ឋាភិបាលជប៉ុនប្រឹងប្រែងបង្កើនអត្រាកំណើតពលរដ្ឋតាមវិធីជាច្រើន ដូចជា ៖ ផ្តល់ប្រាក់ឧបត្ថម្ភថ្លៃស្នាក់នៅ រហូតដល់ការសុំច្បាប់ការងារមកថែទាំកូន និងទទួលប្រាក់ខែដូចមុន ប៉ុន្តែឧបសគ្គវប្បធម៌ និងសេដ្ឋកិច្ចនៅតែចាក់ឫសយ៉ាងជ្រៅក្នុងគំនិតពលរដ្ឋជប៉ុន ។.png)
ក្រៅពីនេះ ការចំណាយផ្សេងៗក្នុងការរស់នៅ ប្រាក់ខែតិច និងការរឹតបន្តឹងនៅកន្លែងធ្វើការ គឺជាឧបសគ្គចម្បងធ្វើឱ្យយុវជនជប៉ុនជាច្រើនពុំហ៊ានបង្កើតគ្រួសារ ។ អត្រាកំណើតនៅជប៉ុនបានធ្លាក់ចុះតាំងពីឆ្នាំ១៩៧០ មកម៉្លេះ ដែលធ្វើឱ្យអ្នកជំនាញដាស់តឿនថា អាចចំណាយពេលជាច្រើនឆ្នាំទៀតក្នុងការព្យាយាមធ្វើឱ្យអត្រាកំណើតកើនឡើងវិញ ៕










