(ភ្នំពេញ)៖ កម្ពុជា-ម៉ាឡេស៊ី បានបញ្ជាក់ពីការបេជ្ញារួមគ្នា ស្វាគមន៍កិច្ចសហប្រតិបត្តិការជាដៃគូល្អ ក្នុងការពង្រឹងពង្រីកភាពជិតស្និទ្ធរវាងវិស័យសុខាភិបាលនៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដោយលើកទឹកចិត្តពលរដ្ឋកម្ពុជាងាកទៅព្យាបាលនៅមន្ទីរពេទ្យនៅម៉ាឡេសុី ប្រសិនបើចង់ស្វែងរកការព្យាបាលនៅក្រៅប្រទេស។

យោងតាមក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលស្វាគមន៍ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះនៅកម្ពុជា ឯកឧត្តម ស្យាហារ៉ូឌីន អ៊ន (HE Mr. Shaharuddin Onn) និងគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ម៉ាឡេស៊ី។

តាមរយៈជំនួបនេះ កម្ពុជា-ម៉ាឡេស៊ី បានបញ្ជាក់ជាថ្មីម្តងទៀតពីការបេជ្ញារួមគ្នា ស្វាគមន៍កិច្ចសហប្រតិបត្តិការជាដៃគូល្អ មិត្តល្អ ពង្រឹង និងពង្រីក ភាពជិតស្និទ្ធរវាងវិស័យសុខាភិបាលនៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គួរជម្រាបថា កន្លងមក ម៉ាឡេសុីធ្លាប់បានប្រកាសថា មន្ទីរពេទ្យនៅម៉ាឡេសុីស្វាគមន៍យ៉ាងកក់ក្ដីចំពោះពលរដ្ឋកម្ពុជា ដែលមានបំណងចង់មកព្យាបាលជំងឺនៅមន្ទីរពេទ្យម៉ាឡេសុី។ តួរយ៉ាងដូចជា មន្ទីរពេទ្យ Sunway Penang បានលើកទឹកចិត្តទៅកាន់អ្នកជំងឺកម្ពុជា ដែលមានបំណងចង់ស្វែងរកសេវាព្យាបាលក្រៅប្រទេស ងាកមកព្យាបាលនៅមន្ទីរពេទ្យរបស់ខ្លួនវិញ ខណៈតម្លៃព្យាបាល និងសេវាកម្មផ្សេងៗទាបជាងនៅប្រទេសថៃប្រមាណ 30%។
បើតាមការបញញជាក់របស់លោកស្រីវេជ្ជបណ្ឌិត Christine Lee គឺខាងមន្ទីរពេទ្យនឹងទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះពលរដ្ឋកម្ពុជា ដោយផ្ដល់ការយកចិត្តទុកដាក់ដូចជា៖ យកឡានទៅទទួលដល់ព្រលានយន្តហោះ ផ្ដល់សណ្ឋាគារ ហើយស្នាក់នៅដោយឥតគិតថ្លៃ។ លើសពីនេះ ចំពោះអ្នកជំងឺដែលមិនចេះភាសាអង់គ្លេស សូមកុំបារម្ភ ព្រោះនៅទីនេះ (Sunway Penang) ខាងមន្ទីរពេទ្យក៏នឹងផ្ដល់ជូនសេវាបកប្រែភាសាខ្មែររវាងអ្នកជំងឺ និងគ្រូពេទ្យ ដោយឥតគិតថ្លៃផងដែរ»៕










