ថៃ៖ មេបញ្ជាការយោធភូមិភាគទី២ថៃ សម្ដែងការមិនយកចិត្តទុកដាក់នឹងសំណើររបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានអំពាវនាវឱ្យថៃកុំប្រើប្រាស់យន្តហោះ F-16 ប្រឆាំងនឹងកម្ពុជា ដោយបញ្ជាក់ថា ថៃត្រូវតែប្រើវាដើម្បីការពារអធិបតេយ្យភាពជាតិ។ នេះបើយោងតាមសារព័ត៌មាន Khaodod។.png)
នៅថ្ងៃទី៧ ខែសីហា នៅទីបញ្ជាការកងទ័ពភូមិន្ទថៃ ឧត្តមសេនីយឯក Boonsin Phadklang មេបញ្ជាការយោធភូមិភាគទី២ថៃ បានផ្តល់បទសម្ភាសន៍ទៅកាន់សារព័ត៌មាន បន្ទាប់ពីថៃទទួលបានយន្តហោះដ្រូនឈ្លបយកការណ៍ សម្លៀកបំពាក់ និងសម្ភារចាំបាច់ផ្សេងទៀតពីមូលនិធិសប្បុរសជន ដែលដឹកនាំដោយលោក Pante Puapongphan ដើម្បីប្រគល់ជូនដល់ទាហានជួរមុខ។

នៅពេលសួរនាំអំពីការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលស្នើឱ្យសហរដ្ឋអាមេរិក និងស៊ុយអែត មិនអនុញ្ញាតឱ្យថៃប្រើប្រាស់យន្តហោះចម្បាំង F-16-Gripen ក្នុងប្រតិបត្តិការប្រឆាំងនឹងកម្ពុជា និងបានអំពាវនាវដល់សហគមន៍អន្តរជាតិកុំលក់យន្តហោះចម្បាំងទៅឱ្យប្រទេសថៃនោះ លោកប៊ុនស៊ីន បានឆ្លើយតបបែបមិនខ្វល់ថា “នោះជារឿងរបស់យើង គាត់អាចសុំឱ្យយើងកុំឱ្យប្រើវា ប៉ុន្តែយើងនៅតែមានសិទ្ធិប្រើវាដើម្បីការពារអធិបតេយ្យភាពរបស់យើង” ។
ដោយឡែក ទាក់ទិននឹងព័ត៌មានអំពីការធ្វើឃា.តសម្តេច ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត មេបញ្ជាការយោធភូមិភាគទី២ បានបញ្ជាក់ថា ព័ត៌មាននេះចេញមកពីប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ហើយថៃមិនមានគម្រោងធ្វើដូច្នេះទេ។

គួរឲ្យដឹងថា បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៦ ខែសីហាបានឲ្យដឹងថា សូមប្រទេសណាមួយដែលលក់យន្តហោះចម្បាំងឲ្យប្រទេសថៃ រឹតបន្តឹងកិច្ចសន្យាប្រើប្រាស់យន្តហោះជាមួយថៃឲ្យបានច្បាស់លាស់ផង ព្រោះកន្លងមកថៃតែងប្រើប្រាស់យន្តហោះចម្បាំងរបស់ខ្លួនបើកទៅបំពានចូលទឹកដីរបស់អ្នកជិតខាងជារឿយៗ។
ជាមួយនឹងការបដិសេធមិនព្រមធ្វើតាមសំណើររបស់កម្ពុជាពីមេទ័ពភូមិភាគ២ថៃបែបនេះ អាចបង្ហាញពីចេតនារបស់ថៃក្នុងការប្រើប្រាស់សព្វាវុ.ធទំនើប ដើម្បីធ្វើការគំរាមកំហែងដល់ប្រទេសជិតខាង ជាពិសេសគឺកម្ពុជា ក្នុងនាមជាគូបក្ខដិបក្ខដែលកំពុងមានជម្លោះព្រំដែនជាមួយគ្នា៕










