ថៃ៖ បុរសម្នាក់ដែលគេជឿថាជាទាហានខ្មែរមកពីអង្គភាពពិសេស BHQ របស់កម្ពុជា និងត្រូវជាអង្គរក្សរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានចាប់ខ្លួននៅគេហដ្ឋានក្នុងប្រទេសថៃ។ អាជ្ញាធរថៃសង្ស័យថាបុរសម្នាក់នេះបានបង្កប់ខ្លួនដើម្បីបញ្ជូនចារកម្មអំពីចលនាយោធាថៃមកខាងកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន Khaosod របស់ថៃ។

នៅថ្ងៃពុធ ទី6 ខែសីហា ឆ្នាំ2025 ប៉ុស្តិ៍នគរបាល ឡាំដួន ស្រុកក្រសាំង ខេត្ត ប៊ូរីរ៉ាំ បានបង្ហោះសារនៅលើហ្វេសប៊ុកថា “គាត់ (សំដៅលើបុរសដែលគេបានចាប់ខ្លួន) មិនបានទៅណាទេ ឆ្មាំ BHQ របស់លោក ហ៊ុន សែន ត្រូវបានក្រុមប៉ូលីស F4 នៃអង្គភាព Col. Atsadanai Pongkan របស់ស្នងការនគរបាល ឡាំដួន ។ ប៉ូលីសថៃបានអះអាងថា៖ បុរសម្នាក់នេះ មានបំណងបង្កប់ខ្លួន និងបញ្ជូនព័ត៌មាននៃការចល័តយោធាថៃទៅឲ្យខាងកម្ពុជា”។
ការបង្ហោះព័ត៌មានពីការចាប់ខ្លួនបាននោះ គឺរួមមានទាំងរូបថតបុរសម្នាក់ និងឯកសណ្ឋានយោធា អាវក្រោះ និងមួកមានផ្លាកសញ្ញា BHQ ដែលជាកម្មសិទ្ធិរបស់ទាហានខ្មែរម្នាក់មកពីអង្គភាពអង្គរក្សពិសេសរបស់សម្ដេច ហ៊ុន សែន។ មន្ត្រីប៉ូលិសថៃ បានបញ្ជាក់ប្រាបអ្នកសារព័ត៌មានថា៖ បុរសដែលគេបានចាប់ខ្លួននេះ គឺជាជនជាតិខ្មែរ ប៉ុន្តែមានប្រពន្ធជាជនជាតិថៃ ហើយគាត់ត្រូវបានចាប់ខ្លួននៅផ្ទះរបស់គាត់នៅប្រទេសថៃ។

ទោះជាយ៉ាងណា ប៉ូលីសថៃជឿជាក់ថា បុរសម្នាក់នេះគឺជាភ្នាក់ងារចារកម្មដែលកម្ពុជាបញ្ជូនមកយ៉ាងពិតប្រាកដ ដោយពួកគេបានបញ្ជាក់ថា៖ បើតាមការស៊ើបអង្កេត និងភស្តុតាងជាឯកសណ្ឋានដែលប្រមូលបាន គឺបុរសម្នាក់នេះជាកងអង្គរក្សពិសេសរបស់លោក ហ៊ុន សែន។ ពួកគេបានបង្ហាញពីក្ដីបារម្ភថា ការប្រើប្រាស់ជនបង្កប់បែបនេះ នឹងប៉ះពាល់ដល់សន្តិសុខជាតិរបស់ថៃជាខ្លាំង។
គួរជម្រាបថា ទាំងនេះគឺជាការអះអាងរបស់ក្រុមប៉ូលីសថៃ និងសារព័ត៌មានថៃតែម្ខាងប៉ុណ្ណោះ ពុំមានការបកស្រាយណាមួយចេញពីខាងកម្ពុជាឡើយ។
លើសពីនេះ បើផ្អែកតាមលក្ខខណ្ឌកំណត់ក្នុងការចូលបំពេញការងារជាមន្រ្តីរាជការ ឬជាកងកម្លាំងមិនថាក្នុងអង្គភាពណានោះទេ គឺមិនអនុញ្ញាតឲ្យបេក្ខជនដែលមានសាក់ចូលក្នុងក្របខណ្ឌឡើយ ដោយការសាក់ដែលគឺត្រូវបានកំណត់យ៉ាងតឹងរឹង និងលើកលែងតែករណីមួយចំនួនដូចជាសាក់យ័ន្តប៉ុណ្ណោះ។
ដោយឡែក បើងាកទៅមើលសភាពបុរសដែលថៃចាប់ខ្លួនបានខាងលើ គឺមិនមានលក្ខណៈសមស្របក្នុងការបម្រើតួនាទីជាកងកម្លាំងពិសេស BHQ ទាល់តែសោះ។ ម្យ៉ាងវិញទៀត ចំពោះចំណុចដែលគួរឲ្យពិចារណាគឺថា តើអ្នកណាទៅធ្វើជាជនបង្កប់ខ្លួន ដោយយកឯកសណ្ឋានទៅប្រើប្រាស់បែបនេះ? ដូច្នេះការប្រកាសខាងលើរបស់មន្រ្តីប៉ូលីសថៃ ទំនងជាមានចេតនាចង់លាបពណ៌កម្ពុជាសារជាថ្មី ព្រោះទាំងនេះជាអ្វីដែលថៃតែងតែធ្វើកន្លងមកស្រាប់ហើយ៕










