ព្រះវិហារ៖ គិតត្រឹមថ្ងៃទី5 ខែសីហា នេះកងកម្លាំងប្រដាប់អាវុធថៃ នៅតែបន្តប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រកាយដី (អេស្កាវ៉ាទ័រ) ចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជាយ៉ាងគឃ្លើន មិនគោរពតាមបទឈប់បា.ញ់ដែលបានព្រមព្រៀងគ្នាបន្តិចសោះឡើយ។
យោងតាមឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឲ្យដឹងថា ចាប់តាំងពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី៤ ខែសីហា រហូតមកដល់ព្រឹកថ្ងៃទី៥ ខែសីហានេះ កងកម្លាំងប្រដាប់អាវុធថៃ បន្តប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាង ខ្លាំងពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ។
សកម្មភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការរំលោ.ភបទឈប់បា.ញ់ពីសំណាក់ភាគីថៃ បំពានដែនអធិបតេយ្យកម្ពុជា ព្រមទាំងជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខតំបន់រវាងប្រទេសទាំងពីរផងដែរ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ, អនុព័ន្ធយោធាចំនួន ១៣ ប្រទេសបានចុះទៅពិនិត្យបទឈប់បាញ់នៅលើតំបន់ខាងលើនេះ ដែលជាការបញ្ជាក់យ៉ាងច្បាស់ថាទីតាំងនេះស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងទ័ពកម្ពុជា ក្រោយមានបទឈប់បា.ញ់ដែលបានចូលជាធរមាននៅម៉ោង១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ដូច្នេះកម្ពុជាមានតែអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបានបទឈប់បាញ់ដ៏លំបាកមួយនេះ ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តដោយពេញលេញ និងប្រកបប្រសិទ្ធភាព ទាមទារឱ្យថៃបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា៕










