ប្រទេសថៃ ៖ ក្រោយពីលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបណ្តេញឯកអគ្គរាជទូតខ្មែរនៅទីក្រុងបាងកកត្រឡប់មកកម្ពុជា និងកោះហៅឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញទៅថៃវិញ ធ្វើឱ្យកងទ័ពថៃបា.ញ់ប្រ.ហារឈ្លានពានមុនមកលើកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន និងបូរណភាពទឹកដី ។ រីឯរដ្ឋាភិបាលថៃ កងទ័ពថៃ រួមទាំងសារព័ត៌មាននានារបស់ថៃព្យាយាមផ្សព្វផ្សាយបំភ្លៃការពិតប្រាប់ពិភពលោក និងកុហកពលរដ្ឋខ្លួនថា កងទ័ពកម្ពុជា ជាអ្នកបា.ញ់មុន ។
ការផ្សព្វផ្សាយបំភ្លៃការពិតរបស់សារព័ត៌មានជាច្រើនរបស់ថៃធ្វើឱ្យពលរដ្ឋថៃជឿជាក់ដោយខ្វះការគិតពិចារណា និងលាបពណ៌កងទ័ពកម្ពុជាបាញ់ប្រហារថៃមុន ប៉ុន្តែពួកគេពុំទទួលបានព័ត៌មានពិតប្រាកដទេ ។ ការពិត កងទ័ពកម្ពុជាតបតរវិញដើម្បីការពារអធិបតេយ្យជាតិ និងការរំលោភឈ្លានពានពីសំណាក់កងទ័ពថៃ ក្រោយពីព្រះមហាក្សត្រថៃប្រកាសអនុវត្តច្បាប់អាជ្ញាសឹកផ្តល់សិទ្ធិឱ្យកងទ័ពមានអំណាចធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ។
កាលពីថ្ងៃទី៣០ ខែកក្កដា TikTok នៅប្រទេសថៃបានចែកចាយវីដេអូមួយ ដែលក្នុងវីដេអូនេះជាសំឡេងរបស់ពលរដ្ឋថៃរស់នៅព្រំដែននិយាយការពិតថា កងទ័ពថៃជាអ្នកបាញ់ប្រហារមុនមកលើកម្ពុជា ពុំមែនកងទ័ពកម្ពុជាផ្ទុះអាវុធមុនទេ ដោយសារពលរដ្ឋថៃរូបនេះឮសំឡេងគ្រាប់កាំភ្លើងនៅតំបន់ប៉ះទង្គិចដោយផ្ទាល់ ។
វីដេអូក្នុង TikTok គេបានឃើញអ្នកសារព័ត៌មានថៃសួរទៅកាន់ពលរដ្ឋថៃនៅព្រំដែនថា តើគិតដូចម្តេចចំពោះសង្គ្រាមកន្លងមក តើភាគីណាបាញ់មុន? ពីព្រោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃឡើងកំដៅខ្លាំងកាលពីថ្ងៃទី២៤ ខែកក្កដា ហើយភាគីថៃប្រកាសច្បាស់លាស់ថា កម្ពុជាផ្ទុះអាវុធមុន ខណៈអ្នកលេងបណ្តាញសង្គមថៃថា រដ្ឋាភិបាលប្រាប់ឱ្យពលរដ្ឋចិត្តត្រជាក់ អីចឹង បណ្តោយឱ្យកម្ពុជាធ្វើបែបនេះដាក់ថៃ មែនទេ?
ពលរដ្ឋថៃនៅព្រំដែនប្រាប់ការពិតថា ៖ «ខ្ញុំសូមពលរដ្ឋថៃកុំឈ្លោះគ្នារឿងភាគីណាបាញ់មុន ខ្ញុំនៅព្រំដែន គឺកងទ័ពកម្ពុជាពុំបានផ្ទុះអាវុធមុនទេ បើនិយាយតាមត្រង់ទៅ ខ្ញុំបានឮសំឡេងគ្រាប់កាំភ្លើងចេញពីប្រទេសថៃមុន ទើបកងទ័ពកម្ពុជាបាញ់វិញប្រមាណជាកន្លះម៉ោង ។ រីឯកងទ័ពថៃបានបាញ់ច្រើនទៅលើកម្ពុជា ដោយសារថៃមានបច្ចេកវិទ្យាទំនើប បើនិយាយថា កងទ័ពថៃបណ្តោយឱ្យកងទ័ពកម្ពុជាបាញ់តែម្ខាងនោះ គឺពុំមែនជាការពិតឡើយ» ។
បើទោះជាពលរដ្ឋថៃនៅព្រំដែននិយាយការពិតបែបនេះក្តី ក៏ពលរដ្ឋថៃនៅតែចោទប្រកាន់ថា កងទ័ពកម្ពុជាបាញ់មុនដដែល ។ ពលរដ្ឋថៃនិយាយថា សំឡេងក្នុងវីដេអូនេះ មិនមែនពលរដ្ឋថៃនិយាយ ។
ទោះយ៉ាងណា ការពិតនៅតែជាការពិត អ្នកសារព័ត៌មានសិង្ហបុរី Channel News Asia (CNA) ដែលបានមកកម្ពុជាផ្ទាល់ និងធ្វើសេចក្តីរាយការណ៍ព័ត៌មានពីតំបន់ព្រំដែនកាលពីថ្ងៃទី៣០ ខែកក្កដា បញ្ជាក់ថា ៖ «កម្ពុជាពុំបានល្មើសបទឈប់បាញ់ដែលកម្ពុជា-ថៃព្រមព្រៀងគ្នានៅម៉ាឡេស៊ីកាលពីថ្ងៃទី២៨ កក្កដា ដូចការចោទប្រកាន់របស់រដ្ឋាភិបាលថៃទេ» ។
ដូចគ្នានេះ អ្នកសារព័ត៌មានបរទេសលំដាប់ពិភពលោក Al Jazeera ដែលរាយការណ៍ផ្ទាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក៏បានបញ្ជាក់ដែរថា គ្មានការបាញ់ប្រហារឡើយ ហើយកិច្ចព្រមព្រៀងបទឈប់បាញ់នៅតែមានប្រសិទ្ធិភាព ខណៈការលើកឡើងគ្មានមូលដ្ឋានរបស់កងទ័ពថៃពីការបំពាន និងមានការបាញ់ប្រហារជាបន្តបន្ទាប់របស់កម្ពុជា គឺជារឿងប្រឌិតប៉ុណ្ណោះ ៕










