ប៊ី សុធារី Runner up Miss Cosmo Cambodia 2025 បានធ្វើឱ្យអ្នកគាំទ្រពេញចិត្ត យ៉ាងខ្លាំងបន្ទាប់ពីរូបនាងឆ្លើយតបឆ្ងាញ់ៗទៅកាន់ជនជាតិថៃដែលបានចូលមកខម្មិនវាយប្រហារលើការបង្ហោះរបស់នាង។ លើសពីនេះ សុធារី បានលើកឡើងថាបើជេរនាង នាងអាចទ្រាំបានតែបើប៉ះជាតិនាងវិញ នាងសុំជាតិនិយមហើយ។
កាលពីថ្ងៃទី២០ កក្កដា ប៊ី សុធារី បានបង្ហោះរូបភាព៤សន្លឹកក្នុងឯកសណ្ឋានតំណាង ឱ្យទីបញ្ជាការកងទ័ពជើងទឹកកម្ពុជាចូលរួមអបអរសាទរព្រឹត្តិការណ៍ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ដែលបានដាក់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្ហោះរបស់ ប៊ី សុធារី បានទាក់ទាញអ្នកលេងបណ្តាញសង្គមថៃមួយចំនួនបានចូលមកខម្មិនផ្សេងៗជុំវិញបញ្ហាដែលកើតឡើងរយៈពេលចុងក្រោយនេះ។ ទោះយ៉ាងណា ប៊ី សុធារី មិនស្ងៀមនោះទេដោយនាងបានតបតវិញយ៉ាងឆ្ងាញ់។
ជនជាតិថៃបានខម្មិនរូបភាពមួយហើយ ប៊ី សុធារី បានឆ្លើយតបថា « អគុណសម្រាប់ការ ខមិនរូបភាពព័ស្តុតាង បញ្ជាក់ថាខ្មែរព្យាយាមដោះមីនដើម្បីកាត់បន្ថយការរងគ្រោះពីមីន តែអ្នកខ្លះលួចចូលដីគេ ដើរជាន់មីនដា.ច់ជើងដល់ជង្គង់ប៊ិះដល់អាអូនតូចខ្លួនឯងសោះ បែរជាមកចោទគេវិញលេងខូចគេហា៎»។
គណនីមួយដែលបន្លំធ្វើជាជនជាតិខ្មែរបានចូលខម្មិនជាភាសាខ្មែរយ៉ាងច្រើនពីថ្នាក់ដឹកនាំកម្ពុជាលើការសម្រេចចិត្តមិនប្រើសេវាអ៊ីនធឺណិត ម្ហូបអាហារ ប្រេង អគ្គិសនី ធ្វើឱ្យអ្វីៗនៅស្រុកខ្មែរឡើងថ្លៃ ហើយថាពលរដ្ឋខ្មែររងទុក្ខដោយសារការសម្រេចចិត្តខុសរបស់មេដឹកនាំកម្ពុជា។ ការខម្មិននេះ ប៊ី សុធារី បានតបតវិញថា «ហេ៎ ចេះខ្មែរទៀត ឡូយហាណ៎ អរគុណសម្រាប់ការរៀនភាសាខ្មែរ តែរៀនបានហាមលួចអក្សរខ្មែរណា៎»។
ទន្ទឹមនឹងមានអ្នកលេងបណ្តាញសង្គមថៃចូលមកអុកលុកលើបណ្តាញសង្គមនាងយ៉ាងដូច្នេះ ប៊ី សុធារី បានបង្ហោះរូបភាពមួយទៀតដោយបញ្ជាក់ច្បាស់ៗថាជេរនាងបានតែបើប៉ះជាតិឬប្រទេសនាងវិញមិនបាននោះទេ។ Runner up Miss Cosmo Cambodia 2025 បានបង្ហោះថា «បើគេជេរខ្ញុំ ខ្ញុំអាចទ្រាំបាន តែបើប៉ះជាតិឬប្រទេសមួយនេះ សុំទោសណា ខ្ញុំសុំជាតិនិយមបន្តិចហើយ។ ខ្ញុំសូមដឹងគុណចំពោះទឹកដីមួយនេះ សម្រាប់ការផ្ដល់កំណើតជាជាតិខ្មែរ ផ្ដល់កន្លែងជាទីជ្រកតាំងពីកើតមកដល់អាយុប៉ុននេះ ក្នុងនាមជាកូនខ្មែរ ស្ម័គ្រថែជាតិ ថែទឹកដីមួយនេះ មិនថាតាមរយៈណាក៏ដោយ»៕










