ប្រទេសថៃ ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Ch7HD News រាយការណ៍ថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានបន្ធូរបន្ថយវិធានការរឹតបន្តឹងព្រំដែន ដោយអនុញ្ញាតឱ្យរថយន្តដឹកទំនិញ និងយានជំនិះដែលធ្វើដំណើរក្នុងគោលបំណងមនុស្សធម៌ សិទ្ធិមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងឧស្សាហកម្ម អាចឆ្លងដែនចេញ-ចូលព្រំដែនផ្លូវគោកនៅខេត្តស្រះកែវ តាមច្រកព្រំដែនអចិន្ត្រៃយ៍២កន្លែង និងច្រកដោះដូរទំនិញ១កន្លែង ។
ស្ថានីយវិទ្យុខេត្តស្រះកែវ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ថា យោងតាមបទបញ្ជារបស់កងទ័ពភូមិភាគទី១ ស្តីពីការគ្រប់គ្រងការបើក-បិទច្រកព្រំដែនគ្រប់ប្រភេទនៅព្រំដែនកម្ពុជា-ថៃ ខេត្តស្រះកែវ ចុះថ្ងៃទី២៣ ខែមិថុនា ដើម្បីកុំឱ្យវិធានការរឹតបន្តឹងព្រំដែនប៉ះពាល់ពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ច និងឧស្សាហកម្មរបស់ឈ្មួញនៅប្រទេសថៃ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានពិចារណាអនុញ្ញាតឱ្យយានជំនិះដែលធ្វើដំណើរក្នុងគោលបំណងមនុស្សធម៌ សិទ្ធិមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងឧស្សាហកម្ម អាចឆ្លងដែនចេញ-ចូលតាមព្រំដែនផ្លូវគោកនៅខេត្តស្រះកែវបាន ។
ប្រទេសថៃនឹងអនុញ្ញាតឱ្យឆ្លងដែនដើម្បីកុំឱ្យមានឧបសគ្គដល់ការគ្រប់គ្រងក្នុងតំបន់ ដោយកំណត់វិធានការបន្ថែមដូចខាងក្រោមនេះ ៖
១-ច្រកព្រំដែនអចិន្ត្រៃយ៍ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-ណងអៀន) នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ នឹងបើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច ដោយអនុញ្ញាតឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនចេញ-ចូល ចំនួន១៤០គ្រឿងក្នុង១ថ្ងៃ (ឈ្មួញថៃជាអ្នកទំនាក់ទំនងជាមួយឈ្មួញខ្មែរដោយខ្លួនឯង)
២-ច្រកព្រំដែនអចិន្ត្រៃយ៍បានខៅឌិន ស្រុកឃ្លងហាត ខេត្តស្រះកែវ (ទល់មុខច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង) នឹងបើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច ដោយអនុញ្ញាតឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនចេញ-ចូល ចំនួន១០០គ្រឿងក្នុង១ថ្ងៃ (ឈ្មួញថៃជាអ្នកទំនាក់ទំនងជាមួយឈ្មួញខ្មែរដោយខ្លួនឯង).png)
៣-ច្រកដោះដូរទំនិញបានណងព្រឺ នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ នឹងបើកចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ដោយអនុញ្ញាតឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនចេញ-ចូល ចំនួន៤០គ្រឿងក្នុង១ថ្ងៃ (ឈ្មួញថៃជាអ្នកទំនាក់ទំនងជាមួយឈ្មួញខ្មែរដោយខ្លួនឯង) ។
ហេតុនេះ ចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ តទៅ គ្រប់បទបញ្ជាផ្សេងៗដែលផ្ទុយនឹងបទបញ្ជានេះ ត្រូវតែលុបចោល គឺអនុវត្តតាមបទបញ្ជារបស់កងទ័ពចុងក្រោយបង្អស់ ។ រីឯប្រទេសកម្ពុជានឹងអនុវត្តតាមវិធានការនេះឬយ៉ាងណានោះ ថៃនឹងតាមដានស្ថានការណ៍យ៉ាងដិតដល់បន្តទៀត ។
គួរបញ្ជាក់ថា ថៃចាប់ផ្តើមអនុញ្ញាតឱ្យរថយន្តដឹកទំនិញ និងយានជំនិះធ្វើដំណើរក្នុងគោលបំណងមនុស្សធម៌ សិទ្ធិមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងឧស្សាហកម្ម អាចឆ្លងដែនចេញ-ចូលព្រំដែនផ្លូវគោកនៅខេត្តស្រះកែវ តាមច្រកព្រំដែនអចិន្ត្រៃយ៍២កន្លែង និងច្រកដោះដូរទំនិញ១កន្លែង គឺបន្ទាប់ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាអនុញ្ញាតឱ្យអាជីវករ/ពាណិជ្ជករអាចនាំចូលទំនិញថៃមកកម្ពុជាបាន លើកលែងតែបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈ តាមមធ្យោបាយដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជាឯកតោភាគីដោយកងទ័ពថៃ ៕










