វៀតណាម និង ឥណ្ឌូណេស៊ី៖ ពិតជារន្ធ.ត់មិនគួរឲ្យជឿសោះថា ត្រឹមរយៈពេល២ថ្ងៃទូកទេសចរណ៍របស់វៀតណាមចំនួន១គ្រឿង និង នាវាទេសចរណ៍របស់ឥណ្ឌូណេស៊ីចំនួន១គ្រឿង បានជួបឧបត្តិហេតុលិចនិងឆាបឆេះ បណ្ដាលឲ្យអ្នកដំណើររាប់រយនាក់ខ្លះត្រូវបានបាត់ខ្លូន ខ្លះបាត់បង់ជីវិត និងខ្លះលោតចូលទឹកដើម្បីស្វែងរកជំនួយយ៉ាងអាណមអធម។
.jpg)
យោងតាមសារព័ត៌មានបរទេស នាថ្ងៃអាទិត្យ ទី២០ ខែកក្កដាបានឲ្យដឹងថា នៅឯប្រទេសវៀតណាម មានករណីទូកទេសចរណ៍មួយគ្រឿងដែលផ្ទុកមនុស្សសរុប៥៣នាក់ បានក្រឡាប់លិចកាលពីថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៥ ដោយសារតែអាកាសធាតុអាក្រក់ បណ្តាលឱ្យចំនួនមនុស្សស្លា.ប់បើគិតមកទល់ពេលនេះ កើនឡើងដល់ ៣៧នាក់ បន្ទាប់ពីស្រង់បានសា.កស.ពចំនួន៣បន្ថែមទៀត នៅម៉ោងជាង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យទី២០ខែកក្កដាឆ្នាំ២០២៥។

ទូកទេសចរណ៍ខាងលើឈ្មោះថា Wonder Sea បានលេចដោយសារតែឥទ្ធិពលព្យុះ Wipha បានបក់បោកចូលសមុទ្រចិនខាងត្បូង។ ឆ្មាំព្រំដែនបានជួយសង្គ្រោះមនុស្ស ១១ នាក់ ហើយគិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ មនុស្សស្លា.ប់បានកើនដល់៣៧ ខណៈ៥នាក់បាត់ខ្លួន។ អាជ្ញាធរនៅមិនទាន់បញ្ជាក់ពីសញ្ជាតិរបស់ភ្ញៀវទេសចរទាំងនោះបានឡើយ។.jpg)
គួរឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្តយ៉ាងសស្រាក់សស្រាំ មានការចូលរួមពីបុគ្គលិកជិត ៣០០នាក់ រួមមានទាំងឆ្មាំព្រំដែន កងទ័ពជើងទឹក ប៉ូលិស និងអាជ្ញាធរកំពង់ផែ និងនាវា ៣០ ប្រភេទផ្សេងៗគ្នា។ កងទ័ពជើងទឹកបានដាក់ពង្រាយកងកម្លាំងពិសេសជាង ២០ នាក់ ដើម្បីស្វែងរកអ្នកបាត់ខ្លួន។.jpg)
ដោយឡែក នៅប្រទេសឥណ្ឌូណេស៊ីឯណោះវិញ នាវាដឹកអ្នកទេសចរណ៍ដែលមានឈ្មោះថា KM III Barcelona ផ្ទុកមនុស្សសរុបប្រមាណ ២៨០ នាក់នៅរសៀលថ្ងៃអាទិត្យទី ២០ ខែ កក្កដាបានផ្ទុះនឹងបង្កការឆាបឆេះនៅជិតកោះ Talise ខេត្ត Sulawesi ខាងជើងនៃប្រទេសឥណ្ឌូនេស៊ី។ ហេតុការណ៍ផ្ទុះនេះបានធ្វើឲ្យអ្នកដំណើរជាច្រើនរយនាក់ក្នុងនាវាទេសចរណ៍នាំគ្នាសម្រុកពាក់អាវពោងនឹងលោតចុះពីលើនាវាចូលក្នុងទឹកយ៉ាងគួរឲ្យតក់ស្លុត។

ហេតុការណ៍ឆេះនាវាទេសចរណ៍ដ៏ធំមួយនេះ បានបណ្ដាលឲ្យមនុស្ស៣នាក់បានស្លា.ប់ និងច្រើននាក់បាត់ខ្លួន ខណៈមានមនុស្សមួយចំនួនដែលសំណាងល្អបានហក់ចុះពីនាវាចូលទឹក ដែលមានទាំងមនុស្សធំ និងក្មេងតូចៗហែលមករកទូកសង្រ្អោះបន្ទាន់បានទាន់ពេលវេលា។
បច្ចុប្បន្នគេមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃឧបត្តិហេតុឆេះនាវានេះបានច្បាស់លាស់នៅឡើយនោះទេ ប៉ុន្តែភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិរបស់ប្រទេសឥណ្ឌូនេស៊ី រួមជាមួយនឹងកងទ័ពជើងទឹក ឆ្មាំឆ្នេរសមុទ្រ និងអ្នកនេសាទក្នុងតំបន់ បាននិងកំពុងដុតដៃដុតជើងក្នុងការជួយសង្រ្គោះអ្នកដែលនៅលើសមុទ្រ និងបន្តប្រតិបត្តិការស្វែងរកមនុស្សដែលបានបាត់ខ្លួន ជាមួយនឹងការរំពឹងថាចំនួនអ្នកស្លា.ប់ និងបាត់ខ្លួនអាចនឹងកើនឡើងជាបន្តទៀត៕










