ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ចតុផន ប៊ុរុតផាត់ បានដឹកនាំក្រុមមន្ត្រីជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្មធ្វើដំណើរមកខេត្តស្រះកែវ ដើម្បីស្តាប់ផលប៉ះពាល់ផ្សេងៗ និងរកដំណោះស្រាយផលប៉ះពាល់ដោយសារការបិទព្រំដែនកម្ពុជា-ថៃ ដោយមានសហគ្រិនក្នុងតំបន់ចូលរួមបញ្ចេញមតិ ដូចជា ៖ សភាពាណិជ្ជកម្មខេត្តស្រះកែវ អ្នកប្រកបអាជីវកម្មសណ្ឋាគារ ដឹកជញ្ជូន និងឈ្មួញនាំចូល នាំចេញទំនិញ ។ លោកក៏សន្យាជំរុញការបើកព្រំដែនកម្ពុជា-ថៃយ៉ាងឆាប់រហ័សដើម្បីលើកកម្ពស់សេដ្ឋកិច្ចព្រំដែនឡើងវិញ ។.jpg)
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចតុផន ប៊ុរុតផាត់ និយាយថា ក្នុងកិច្ចប្រជុំថ្ងៃទី១៥ ខែកក្កដា កន្លងមក លោក ភូមិថាំ វីឆាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឋានៈនាយករដ្ឋមន្ត្រីស្តីទី បានបញ្ជាឱ្យក្រសួងពាណិជ្ជកម្មដោះស្រាយបញ្ហាពលរដ្ឋ និងអាជីវកម្មនៅព្រំដែនកម្ពុជា-ថៃ ។
ក្រៅពីនេះ លោកបានប្រជុំពិភាក្សាបន្ទាន់កាលពីថ្ងៃទី១៤ ខែកក្កដា ជាមួយនាយកគ្រប់គ្រង និងទូតពាណិជ្ជកម្មនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងប្រជុំជាមួយពាណិជ្ជកម្មខេត្តចំនួន៧ រួមមាន ៖ ខេត្តស្រះកែវ ចាន់បុរី ត្រាត សុរិន្ទ ស៊ីសាកេត ឧប៊ុនរ៉ាជថានី និងបុរីរាំ ដើម្បីស្តាប់ផលប៉ះពាល់ និងរកដំណោះស្រាយតាមតម្រូវការអ្នករងផលប៉ះពាល់ដោយសារការបិទព្រំដែនកម្ពុជា-ថៃ ។
ក្រសួងពាណិជ្ជកម្មនឹងជួយដោះស្រាយបញ្ហាអាជីវកម្មក្នុងតំបន់រងផលប៉ះពាល់យ៉ាងឆាប់រហ័ស ដោយក្រសួងបានបញ្ជាឱ្យអនុវត្តវិធានការសង្គ្រោះរយៈពេលខ្លីជាបន្ទាន់ និងពន្លឿនការអនុវត្តវិធានការរយៈពេលវែង ដូចជា ៖ ផ្អាកសងបំណុល លើកកម្ពស់ពាណិជ្ជកម្មផ្សាររុងក្លឿ ការបណ្តុះបណ្តាលអភិវឌ្ឍន៍អាជីព និងជំនាញការងារ រួមទាំងពិភាក្សាជាមួយភ្នាក់ងារសន្តិសុខទទួលខុសត្រូវការងារព្រំដែន (គឺកងទ័ពជើងគោក កងទ័ពជើងទឹក ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ កងកម្លាំងរក្សាសន្តិសុខប្រទេសថៃ និងការិយាល័យក្រុមប្រឹក្សាសន្តិសុខជាតិ) បើកព្រំដែនកម្ពុជា-ថៃយ៉ាងឆាប់រហ័សដើម្បីកាត់បន្ថយផលប៉ះពាល់របស់អាជីវកម្ម និងលើកកម្ពស់សេដ្ឋកិច្ចព្រំដែនឱ្យអ៊ូអរឡើងវិញ ។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃទទួលបានដំណឹងពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាអនុញ្ញាតឱ្យអាជីវករ/ពាណិជ្ជករអាចនាំចូលទំនិញថៃមកកម្ពុជាបាន លើកលែងតែបន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ តាមមធ្យោបាយដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជាឯកតោភាគីដោយកងទ័ពថៃ ។ ហេតុនេះ ថៃអាចនាំចេញទំនិញផ្សេងៗទៀតទៅកម្ពុជាតាមផ្លូវទឹក ប៉ុន្តែតម្លៃទំនិញថៃនៅកម្ពុជាអាចកើនឡើងខ្ពស់ ។.png)
លោកនឹងតាមដានស្ថានការណ៍ទូទៅយ៉ាងដិតដល់ជាមួយវិស័យពាក់ព័ន្ធ ហើយជឿជាក់ថា កិច្ចសហការរបស់វិស័យទាំងអស់នឹងអាចដោះស្រាយបញ្ហានេះកុំឱ្យប៉ះពាល់សេដ្ឋកិច្ច និងពាណិជ្ជកម្មថៃដែលនៅតែលូតលាស់ជាបន្តបន្ទាប់ ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ ពាណិជ្ជកម្មរវាងថៃ និងកម្ពុជា មានតម្លៃសរុប ៣៦៦,៧៣០លានបាត និងពាណិជ្ជកម្មតាមព្រំដែនមានតម្លៃខ្ពស់រហូតដល់ ១៧៤,៥៣០លានបាត ។ រីឯរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៥ ពាណិជ្ជកម្មរវាងថៃ និងកម្ពុជា បានកើនឡើងរហូតដល់៨.៥% និងពាណិជ្ជកម្មតាមព្រំដែនកើនដល់ ១១.២% ៕










