តារាសម្ដែងចិន Fan Bingbing រកចំណូលបានជាង ១.៤ពាន់លានយន់ ប្រមាណ១៩៥ លានដុល្លារក្នុងឆ្នាំ២០២៤ តាមរយៈការលក់ម៉ាសបិទមុខ និងក្រែមលាបមាត់ក្រោមម៉ាក Fan Beauty Diary របស់នាង។

យោងតាម Finance Sina ក្នុងវ័យ ៤៤ ឆ្នាំ Fan Bingbing ត្រូវបានគេទទួលស្គាល់ យ៉ាងទូលំទូលាយថាជាអ្នកជំនួញ និងជាអ្នកសរសេរប្លុកម៉ូតជាងតារាសម្ដែងនៅក្នុង ប្រទេសចិន។ របាយការណ៍ពីគេហទំព័រអាជីវកម្មសម្រស់មួយបានកត់សម្គាល់ថានៅឆ្នាំ ២០២៤ Fan Beauty Diary ជាប់ចំណាត់ថ្នាក់ទី ៣៥ក្នុងបញ្ជីម៉ាកផលិតផលសម្រស់ ដ៏ពេញនិយមបំផុតរបស់ចិនទាំង ១០០ ។
ខណៈពេលដែលប្រាក់ចំណូលរបស់ Fan Beauty Diary គឺទាបជាងម៉ាកយីហោកំពូល Proya ដែលរកបាន ៨.៦ ពាន់លានយន់កាលពីឆ្នាំមុន អ្នកវិភាគចាត់ទុកនេះជាសមិទ្ធិ ផលដ៏គួរអោយចាប់អារម្មណ៍សម្រាប់ម៉ាកយីហោដែលបង្កើតឡើងកាលពី ៧ ឆ្នាំមុន។ Fan Beauty Diary កំពុងលេចចេញជា «គូប្រជែងខ្លាំង» នៅក្នុងឧស្សាហកម្មសម្រស់ ដែលប្រកួតប្រជែង។
យីហោនេះមានការរីកចម្រើនជាលំដាប់ ជាមួយនឹងចំណុចសំខាន់ដែលសម្រេចបាននៅ ក្នុងខែមិថុនានៅពេលដែលវាបានលក់ម៉ាសបិទមុខចំនួន១០០,០០០ប្រអប់ក្នុងរយៈពេលត្រឹមតែ ១០វិនាទីក្នុងអំឡុងពេលផ្សាយផ្ទាល់។ ប្រអប់នីមួយៗមានតម្លៃ ១៩៨ យន់ ប្រមាណ២៧ដុល្លារ ។ បន្ថែមពីលើម៉ាស់បិទមុខ ម៉ាកយីហោនេះផ្តល់ជូន នូវក្រែមលាបមាត់ សាប៊ូកក់សក់ ក្រែមថែរក្សាស្បែក ជាមួយនឹងតម្លៃចាប់ពី ៩៩យន់ ដល់ ៦៨៤ យន់ (ប្រមាណជិត១៤ដុល្លារដល់៩៥ដុល្លារ)។
 អ្នកគាំទ្រផ្សព្វផ្សាយផលិតផល របស់នាងតាមរយៈការផ្សាយពាណិជ្ជកម្ម ការផ្សាយបន្តផ្ទាល់និងការសហការជាមួយអ្នក មានឥទ្ធិពលលើការផ្សាយបន្តផ្ទាល់របស់ចិនដ៏ពេញនិយមក្នុងអំឡុងពេលពិធីបុណ្យទិញទំនិញធំៗ។ គណនី Douyin របស់យីហោនេះមានអ្នកតាមដាន ១១.៤ លាននាក់។
ទន្ទឹមនឹងការបណ្តាក់ទុនជំនួញរបស់ខ្លួន Fan Bingbing នៅតែបន្តចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ បង្ហាញមុខក្នុងទស្សនាវដ្តី និងសម្តែងក្នុងខ្សែភាពយន្តដែលផលិតនៅហូលីវូដ កូរ៉េខាងត្បូង និងម៉ាឡេស៊ី៕
		
	









